​របាយការណ៍​សង្ខេប​មួយ​ក្រោម​ការគាំទ្រ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) បាន​បង្ហាញថា ទន្លេមេគង្គ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​៣ ជា​ទន្លេ​ដែល​បានផ្ដល់​ទីជម្រក​ដល់​សត្វ​ជាង ១ ០០០ ​ប្រភេទ និង​ជា​ទន្លេ​ដែលមាន​ជីវចម្រុះ​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក​។​


​របាយការណ៍​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា «The Mekong's Forgotten Fishes» ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​អង្គការ Wonders of the Mekong ជាមួយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF-Cambodia) ដើម្បី​អបអរ​ចំពោះ​ប្រភេទ​ជីវៈចម្រុះ​ដ៏​អស្ចារ្យ​មួយចំនួន ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក៏ដូចជា​ដើម្បី​បង្ហាញ​ពី​ក្ដីបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​ប្រភេទ​ជីវៈចម្រុះ​ទាំងនោះ​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានឱ្យដឹង​នៅ​ថ្ងៃទី ​៦ ខែមីនា ឆ្នាំ​ ២០២៤​។​

ទី​ភ្នា​ក់​ USAID បាន​លើកឡើងថា​៖ «​ជាមួយ​ទីជម្រក​ដល់​សត្វ​ជាង ១ ១៤៨ ​ប្រភេទ ទន្លេមេគង្គ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ ដែលជា​ទន្លេ​ដែលមាន​ជីវចម្រុះ​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក​ហើយ​ទន្លេ​នេះ​ជួយ​សម្រួល​ដល់​ការផ្លាស់​ទី​ប្រចាំឆ្នាំ​ដល់​ត្រី​ប្រហែល ៥​ ពាន់​លាន​ក្បាល​»​។


 ប្រភព​ដដែល​បន្តថា៖ «​ដូច្នេះ​ដំណើរ​ដ៏​អស្ចារ្យ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការវាស់ស្ទង់​សុខភាព​អាង​ទន្លេមេគង្គ ដែល​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាង ៤០​ លាន​នាក់ និង​គាំទ្រ​ដល់​ការនេសាទ​ទឹកសាប​ដ៏​ធំ​បំផុត​របស់​ពិភពលោក​»​។​

ទន្ទឹមនឹង​ការ​សម្បូរ​ជីវៈចម្រុះ​ទាំងអស់នោះ នៅក្នុង​របាយការណ៍​ថ្មី​នេះ ក៏បាន​បង្ហាញ​ពី​ស្ថានភាព​ដ៏​គួរឱ្យ​បារម្ភ​ផងដែរ ក្នុងនោះ​ត្រី​ទន្លេមេគង្គ​មួយ​ក្នុងចំណោម ៥​ ប្រភេទ ប្រឈម​នឹង​ការ​ផុត​ពូជ ដោយសារ​កត្តា​បាត់បង់​ទីជម្រក ទំនប់​វា​រី​អគ្គីសនី ការ​បំប្លែង​ដី​សើម​ក្លាយជា​ដី​សម្រាប់ធ្វើ​កសិកម្ម ការធ្វើ​វារីវប្បកម្ម ការជីក​យក​រ៉ែ​ខ្សាច់​ដែល​គ្មាន​និរន្តរភាព ប្រភេទ​សត្វ​ដែល​រាតត្បាត និង​ផលប៉ះពាល់​កាន់តែ​អាក្រក់​នៃ​ការប្រែប្រួល​អាកាសធាតុ​។


 ​ជាមួយនឹង​កត្តា​គំរាមកំហែង​ទាំងនោះ បាននិងកំពុង​បំផ្លិចបំផ្លាញ​មច្ឆា និង​ជលផល ធ្វើឱ្យ​ចំនួន​ត្រី​មួយចំនួន​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​រហូតដល់​៨៨% ហើយ​ការធ្លាក់ចុះ​នេះ បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ជាខ្លាំង​។​

បើតាម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានឱ្យដឹង​ទៀតថា ដើម្បី​បញ្ចៀស​ពី​វិបត្តិ​នេះ នៅក្នុង​របាយការណ៍ ក៏បានផ្ដល់​អនុសាសន៍​ឱ្យមាន​វិធានការ​ការការពារ និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប ជាពិសេស​ផ្តួច​ផ្តើមគំនិត​ឱ្យ​បណ្តា​ប្រទេស​ទន្លេមេគង្គ គួរតែ​អនុវត្ត​ផែនការ​សង្គ្រោះបន្ទាន់​ឆ្លងដែន​សម្រាប់​ជីវចម្រុះ​ទឹកសាប​។ 

តាមរយៈ​ការផ្តល់​អាទិភាព​ក្នុង​កិច្ចការពារ​ត្រី និង​ក៏ដូចជា​ក្នុងការ​បង្កើត​គោលនយោបាយ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​សហគម​ន៍​មូលដ្ឋាន នោះគេ​ជឿជាក់ថា វា​នឹង​អាចជួយ​ផ្លាស់ប្តូរ នៃ​ការធ្លាក់ចុះ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​តែមួយ​ប្រភេទ​នេះ ការការពារ​ចំនួន​ត្រី ប្រវត្តិសាស្ត្រ​ក្នុង​តំបន់ និង​ជីវភាព​ផ្ទាល់ខ្លួន​។​

USAID បាន​សង្កត់ធ្ងន់ថា​៖ «​សូម​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ឥឡូវនេះ មុនពេល​អ្វីៗ​ប្រែជា​ហួសពេល​អស់ ដោយ​ចូលរួម​ពួតដៃគ្នា ទើប​យើង​អាច​ការពារ និង​ស្តារ​ទន្លេមេគង្គ​ឡើងវិញ ដោយ​ធានាបាន​នូវ​ការរស់រានមានជីវិត និង​ភាពរុងរឿង​នៃ​ធនធាន​ទឹកសាប​ដ៏​វិសេសវិសាល​របស់​ទន្លេមេគង្គ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​»៕