ភ្នំពេញៈ មេដឹកនាំអាស៊ាន និងអូស្ត្រាលីប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ ខណៈមេដឹកនាំកម្ពុជា និងវៀតណាម បានពិភាក្សាគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រទេសទាំង ២។
ការប្តេជ្ញារបស់ថ្នាក់ដឹកនាំអាស៊ាន និងអូស្ត្រាលីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីនៅថ្ងៃទី ៦ ខែមីនា។ កិច្ចប្រជុំកំពូលពិសេសនេះបានចេញសេចក្តីថ្លែងការណ៍ទស្សនវិស័យរបស់មេដឹកនាំអាស៊ាន-អូស្ត្រាលី ស្តីពីដៃគូដើម្បីសន្តិភាព និងវិបុលភាព។
ដើម្បីធានាបានកំណើនប្រកបដោយនិរន្តរភាព និងវិបុលភាព មេដឹកនាំអាស៊ាន-អូស្ត្រាលី បានប្តេជ្ញាថានឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់និម្មាបនកម្មតំបន់ដោយផ្អែកលើច្បាប់បើកចំហ ប្រកបដោយបរិយាបន្ន និងតម្លាភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាស៊ានជាចំណុចកណ្តាល ដែលគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (UN) ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងចក្ខុវិស័យអា-ស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ត្រូវបានគោរព និងប្រកាន់យក។
មេដឹកនាំទាំងអស់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនេះថា៖ «យើងចង់បានតំបន់មួយដែលមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ យើងខិតខំធ្វើយ៉ាងណាឱ្យតំបន់ដែលមានការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រងតាមរយៈកិច្ចសន្ទនាប្រកបដោយការគោរព មិនមែនជាការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ យើងខិតខំធ្វើយ៉ាងណាឱ្យតំបន់ដែលមានជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)»។
សេចក្តីថ្លែងការណ៍បន្តថា៖ «យើងនឹងបន្តធ្វើការរួមគ្នាដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេសគាំទ្រដល់ដំណើរការកសាង និងសមាហរណកម្មសហគមន៍អាស៊ាន»។
មេដឹកនាំអាស៊ាន និងអូស្ត្រាលីបានបញ្ជាក់ទៀតថា៖ «យើងនឹងបន្តលើកកម្ពស់និម្មាបនកម្មតំបន់ផ្អែកលើច្បាប់ ដែលប្រកាន់យកច្បាប់អន្តរជាតិ ដោយមានអាស៊ានជាកណ្តាលដើម្បីរក្សាទំនាក់ទំនងប្រកបដោយការគោរព ស្ថិរភាព និងសន្តិវិធីរវាងរដ្ឋ។ យើងនឹងលើកកម្ពស់ការទុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងធានានូវអាកប្បកិរិយាប្រកបដោយតម្លាភាពអាចព្យាករបាន និងការទទួលខុសត្រូវ។ យើងនឹងជំរុញកិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងប្រកបដោយលទ្ធផលផ្លែផ្កាតាមរយៈយន្តការដឹកនាំដោយអាស៊ាន និងស្ថាប័នពាក់ព័ន្ធក្នុងតំបន់ និងពហុភាគីផ្សេងទៀត»។
ជាមួយគ្នានេះ ភាគីទាំង ២ ប្តេជ្ញានឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងបើកចំហ និងកិច្ចសន្ទនានៅក្នុងយន្តការដឹកនាំដោយអាស៊ានដើម្បីបង្កើនការយល់ពីគ្នាទៅវិញទៅមក កាត់បន្ថយហានិភ័យនៃការគណនាខុស និងទប់ស្កាត់ជម្លោះ ព្រមទាំងនឹងបន្តយកចិត្តទុកដាក់ និងពង្រឹងតួនាទីសំខាន់របស់អាស៊ានក្នុងនាមជាអ្នកដឹកនាំកិច្ចប្រជុំឈានមុខគេក្នុងតំបន់សម្រាប់កិច្ចសន្ទនាយុទ្ធសាស្ត្រ។
មេដឹកនាំទាំងអស់បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានអត្ថន័យ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើមិត្តភាព ការជឿទុកចិត្តគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យវិជ្ជមានសម្រាប់អនាគតក្នុងតំបន់របស់ភាគីទាំង ២។
មេដឹកនាំអាស៊ាន និងអូស្ត្រាលីបានថ្លែងថា អាស៊ាន និងអូស្ត្រាលីប្តេជ្ញាកសាងប្រវត្តិសាស្ត្រដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ដោយបន្ថែមថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំនឹងនៅតែជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូរបស់ខ្លួន។
សេចក្តីថ្លែងការណ៍រួមនេះបញ្ជាក់ថា៖ «យើងនឹងបន្តពង្រឹងនិម្មាបនកម្មសេដ្ឋកិច្ច។ និម្មាបនកម្មនេះបានផ្លាស់ប្តូរតំបន់របស់យើងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង និងបន្តគាំទ្រវិបុលភាពរបស់យើង។ យើងនឹងធ្វើការជាមួយគ្នាដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព និងខិតខំពន្លឿនការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានភាពប្រកួតប្រជែង រហ័សរហួន និងធន់»។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន-អូស្ត្រាលី ប្តេជ្ញាធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមសកលរួម រួមមាន ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ កាកសំណល់ប្លាស្ទិកក្នុងសមុទ្រ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងថាមពល ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ភាពក្រីក្រ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការចែករំលែកដំណោះស្រាយប្រកបដោយបរិយាបន្ន និងសមធម៌ដើម្បីធានាសុខុមាលភាព និងភាពធន់នៃសហគមន៍របស់ខ្លួន។
ដោយឡែក មេដឹកនាំកម្ពុជា និងវៀតណាមបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំង ២ លើវិស័យការពារជាតិ សន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ការពិភាក្សានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាមនៅថ្ងៃទី ៦ ខែមីនា នាឱកាសដែលមេដឹកនាំទាំង ២ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
យោងតាមបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ លោក ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះ «ជោគជ័យ» នៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ កុម្ភៈ ក៏ដូចជាអបអរសាទរចំពោះ «គណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះលើការបោះឆ្នោតនេះ ដោយទទួលបាន ៥៥ អាសនៈ»។
បណ្តាញសង្គមដដែលបន្តថា ជំនួបទ្វេភាគីរវាងមេដឹកនាំទាំង ២ ជាថ្មីម្ដងទៀតនេះ គឺជាឱកាសនៃកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។
ប្រភពដដែលបានបញ្ជាក់ថា៖ «ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង ២ បានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមាន ដូចជា វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម»។
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគីកម្ពុជា-វៀតណាម-ឡាវ (CLV) មេដឹកនាំទាំង ២ បានបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។
ក្នុងវិស័យទេសចរណ៍ មេដឹកនាំទាំង ២ បានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំង ៣។ មេដឹកនាំទាំង ២ ក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ៕