ភ្នំពេញៈ លោក ស ថេត អគ្គ ស្នងការនគរបាលជាតិបានថ្លែងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿន កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន។ នៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឱ្យពួកគេបានចូលរួមដោយសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោក ស ថេត បានលើកឡើងបែបនេះ ក្នុងពេលធ្វើជាអធិបតីក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមមូលបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលមានការចូលរួម ពីកងកម្លាំងនគរបាលនារី ជាង ៦០០ នាក់ កាលពីថ្ងៃទី ៥ មីនា។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
លោកអគ្គស្នងការថ្លែងទៀតថា បរិវត្តកម្មឌីជីថលនឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅរួមទាំងការលើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន និងគ្រួសារព្រមទាំងការទទួលបាន លទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម។
បន្ថែមពីនេះ លោក ស ថេត បានធ្វើការណែនាំដល់កម្លាំងនគរបាលនារី ត្រូវបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ រក្សាកិត្តិយសក្នុងនាមជាកងកម្លាំងនគរបាលជាតិ ដែលមានវិន័យ សីលធម៌ គុណធម៌ និងមានមនសិការវិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ ឱ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។
លើសពីនេះកម្លាំងនគរបាលនារីត្រូវបន្តខិតខំចាប់យកកាលានុវត្តភាព អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីឱ្យស័ក្តិសមជាស្ត្រីនៃយុគសម័យឌីជីថលដែលពោរពេញដោយសមត្ថភាព និងត្រូវលើកកម្ពស់ឧត្តមភាពក្នុងនាមជាភរិយា ជាមាតា ជាម្តាយមីង ជាបងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ៕