​កិច្ចការ​របស់​ស្ត្រី​៖ ពេលវេលា​ដ៏​ស័ក្តិសម​ក្នុងការ​ទទួលស្គាល់​តួនាទី​របស់​ស្ត្រី​ព្រមទាំង​បញ្ចូល​ពួកគេ​ទៅក្នុង​ការវិនិយោគ​វិស័យ​កសិកម្ម​!​

ទោះបីជា​មានការ​រួមចំណែក​សំខាន់ៗ​ជាច្រើន​របស់​ស្ត្រី​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​នៅ​តំបន់​អា​​ស៊ី​ប៉ាស៊ីហ្វិក​ក៏ដោយ ក៏​ស្ត្រី​នៅតែ​បន្ត​ប្រឈមមុខ​នឹង​ឧបសគ្គ​ជា​ហូរហែ​នៅឡើយ​ជាពិសេស​លទ្ធភាព​ទទួល​បាន​ធនធាន សេវាកម្ម និង​ការបន្ត​រើសអើង​ចំពោះ​ពួកគេ​នៅតាម​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ស្បៀង​។​

​ស្របពេល​ដែល​យើង​កំពុង​ប្រមូល​ផ្តុំគ្នា​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​ ​(IWD)​ នា​ឆ្នាំនេះ យើង​ក៏ត្រូវ​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​សកម្ម ដើម្បី​ជួយ​ឱ្យ​ស្ត្រី​ទទួលបាន​ការទទួលស្គាល់​ពេញលេញ​ចំពោះ​តួនាទី​ដែល​មិនអាច​ខ្វះ​​បាន​របស់​ពួកគេ​នៅក្នុង​វិស័យ​នានា​ដូចជា​វិស័យ​រោងចក្រ ក្រុម​​ហ៊ុន​ខ្នាតតូច និង​មធ្យម សមាគម និង​សហគមន៍​ផ្សេងៗ​ ដែល​សុទ្ធ​​សឹង​ជា​អ្នក​រួមចំណែក​ក្នុង​ដំណើរ​​ការផលិត​អាហារ​ប្រកបដោយ​ជីវជាតិ​សម្រាប់​យើង​បរិភោគ​ជា​រៀងរាល់ថ្ងៃ​។​


​យ៉ាងណាក៏ដោយ​ត្រឹមតែ​ការទទួលស្គាល់​និង​ផ្ដល់​តម្លៃ​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៅតែមាន​តម្រូវការ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែច្រើន ដើម្បី​ជួយ​បង្កើន​សមភាព​យេនឌ័រ​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​។ ការលើក​កម្ពស់​សមភាព​យេនឌ័រ​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​បរិវត្ត​កម្ម​ប្រព័ន្ធ​កសិកម្ម ហើយ​ឥឡូវនេះ​កំពុង​តែមាន​សកម្មភាព​គ្រប់ទិសទី​ក្នុង​តំបន់​។ 


​បរិវត្ត​កម្មនេះ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​រដ្ឋ​សមាជិក​របស់​អង្គ​ការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​តិ ​​(FAO)​ ចំនួន ​៤០​ នៅឯ​សន្និសីទ​ថ្នាក់​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ​(FAO) ដែល​ទើបតែ​បានរៀបចំ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង កូឡុំបូ​ប្រទេស​ស្រីលង្កា​។​


​ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​នៅ​ឆ្នាំនេះ​គឺ «​កា​រវិ​និ​​យោគ​ជាមួយ​ស្ត្រី ដើម្បី​បង្កើន​វឌ្ឍនភាព​»​ ដោយ​ឆ្លើយតប​នឹង​ភាព​បន្ទាន់​នានា ដោយ​មិន​ត្រឹមតែ​បង្កើន​ការវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​ថា​រាល់​ការវិនិយោគ​ទាំងនោះ​មាន​ភាពល្អប្រសើរ​ដើម្បី​បង្កើត​បរិ​យា​កាស​អំណោយផល និង​លទ្ធផល​ប្រកបដោយ​និរន្តរភាព​ឆ្ពោះទៅរក​សមភាព​យេនឌ័រ​។​


​ទោះបីជា​ការវិនិយោគ​ទៅលើ​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​មាន​លក្ខណៈ​ប្រសើរ​មួយចំនួន​ហើយក៏​ដោយ​ក៏​ការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​ការបង្កើន​ស​ម្ទុះ​​សំដៅ​ឆ្ពោះទៅរក​សមភាព​យេន​ឌ័​រ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ផលិត​កម្ម​គឺ​នៅតែ​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ​។ កា​រវិ​និ​​យោគ​ទៅលើ​ស្ត្រី​នៅមាន​លក្ខ​ណៈ​តិចតួច និង​មិនអាច​រួមចំណែក​គ្រប់គ្រាន់​ដល់​វឌ្ឍនភាព​ក្នុងការ​ជំរុញ​ការពង្រឹង​ភាព​អង់​អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​ម្យ៉ាងវិញទៀត​វា​នៅតែ​រារាំង​ឱកាស​របស់​ពួកគេ​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​នៅឡើយ​។

​យោងតាម​ទិន្នន័យ​របស់​អង្គ​ការ​ស្បៀង និង​កសិកម្ម​នៃ​សហ​​ប្រជាជាតិ ​(FAO) កាលពី​ឆ្នាំ ​២០២៣ ​បានបង្ហាញ​ថា​តាម​​រយៈ​ការកាត់បន្ថយ​គម្លាត​យេន​ឌ័​រ​ក្នុង​ផលិតកម្ម​កសិកម្ម និង​​គម្លាត​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​ការងារ​នៃ​ប្រព័ន្ធ​កសិកម្ម​កន្លងមក ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​កើនឡើង​ចំនួន ​១ ​ភាគរយ (​ជិត​ ១ ​ពាន់​ពាន់​លាន​ដុល្លារ​)​។ ក្នុងន័យនេះ​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​អសន្តិសុខ​ស្បៀង​ជា​សកល​បាន​ប្រហែល ២ ​ភាគរយ ដោយ​កាត់បន្ថយ​ចំនួន​អ្នក​រងគ្រោះ​ពី​អសន្តិសុខ​ស្បៀង​បាន​រហូតដល់​ទៅ​ចំនួន​ ៤៥​ លាន​នាក់​។​

​ដូច្នេះ​តើ​យើង​អាចធ្វើ​អ្វី​រួមគ្នា​បាន​ខ្លះ​ដើម្បី​ដោះស្រាយ​គម្លាត​ការវិនិយោគ​ហិរញ្ញវត្ថុ​នេះ​? ដើម្បី​អាច​ឆ្លើយ​ទៅនឹង​សំណួរ​នេះ​បាន រឿង​ដែល​ចាំបាច់​គឺ​ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ទៅលើ​លិ​ខិ​​តុ​បក​រណ៍​ហិរញ្ញវត្ថុ ដែលមាន​ស្រាប់ និង​លិខិត​ទើប​បង្កើត​ថ្មី​ព្រមទាំង​គោលនយោបាយ​នានា ដែល​ពាក់ព័ន្ធ​។ ថវិកា​ឆ្លើយតប​យេនឌ័រ (GRB) គឺជា​វិធីសាស្ត្រ​ដោះស្រាយ​ដ៏​សំខាន់​មួយ ប៉ុន្តែ​រឿង​ដែល​ចាំបាច់ គឺ​ការទទួល​​ស្គាល់​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុងការ​វិនិយោគ​លើ​ស្ត្រី​។​

​យើង​ចង់ឱ្យមាន​សំឡេង​ចូលរួម​ពី​ស្ត្រី​ឱ្យ​កាន់តែច្រើន យើង​ក៏​ចង់​សិក្សា​ពី​ភាពជោគជ័យ​របស់​ពួកគេ​នាពេល​កន្លងមក​ព្រមទាំង​ស្វែងយល់​ទៅលើ​ផល​ជះ​នៃ​ការ​ព​ន្លឿ​ន​ការវិនិយោគ​។​ ការណ៍​នេះ​នឹង​បង្កើត​ឱកាស​កាន់តែ​ប្រសើរ​សម្រាប់​ដៃគូ​អភិ​វឌ្ឍន៍​រួមទាំង​ស្ត្រី​នៅតាម​ទីជនបទ និង​សហគមន៍​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍ និង​ចូលរួម​ជា​កម្លាំង​បន្ថែម​ក្នុងការ​បង្កើត​នូវ​កា​លា​នុ​វត្ត​ភាពជាក់ស្តែង ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​របៀប​​វារៈ​ឆ្នាំ​ ២០៣០ ដែល​និយាយ​ពី​សមភាព​យេនឌ័រ​។​

​ក្រៅតែពី​ការដោះស្រាយ​បញ្ហា​គម្លាត​យេនឌ័រ​ដែលជា​រឿង​សំខាន់​នោះ យើង​ក៏​ផ្តោតទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ក្នុងការ​លើកកម្ពស់​ភាព​ជា​អ្នក​ដឹកនាំ និង​ការបង្កើន​សំឡេង​របស់​ស្ត្រី ព្រមទាំង​ដោះស្រាយ​បញ្ហា​ចម្បងៗ ដែលជា​ឫសគល់​នៃ​វិសមភាព​យេនឌ័រ​ដែល​កិច្ច​ការ​ទាំងអស់នេះ​ពិតជា​សំខាន់ ដើម្បី​អាច​ធានាបាន​នូវ​លទ្ធផល​រយៈពេល​វែង​។​​

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) «​ធ្វើ​សកម្មភាព​ដើម្បីឱ្យ​ស្របទៅនឹង​ការសន្យា​របស់ខ្លួន​» ដើម្បីឱ្យ ​«​សកម្មភាព​ស្របទៅនឹង​ការសន្យា​របស់ខ្លួន​»​ ថ្មីៗ​នេះ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គ​ការ​ស្បៀង និង​កសិកម្ម​នៃ​សហ​​ប្រជាជាតិ (FAO) នាទី​ក្រុង​រ៉ូម លោក​អគ្គនាយក​បណ្ឌិត គូ ដុង​យូ​បានប្រកាស​ពី​ការបង្កើត​ការិយាល័យ​សម្រាប់​កិច្ចការ​យុវជន និង​ស្ត្រី​។ ដើម្បី​លើកកម្ពស់​ប្រសិទ្ធ​​ភាព​ការងារ​របស់​គណៈកម្មាធិកា​រ​ស្ត្រី​។​

​ការិយាល័យ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​នឹង​ផ្ដល់នូវ «​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​» ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​នៅ​កន្លែងធ្វើការ ដូចជា​បញ្ហា​សមភាព​យេនឌ័រ ការ​បៀតបៀន​ផ្លូវភេទ និង​ការទទួលបាន​ច្បាប់ឈប់​សម្រាក​សម្រាប់​មាតាបិតា​។​ ការិយាល័យ​នេះ​ក៏​នឹង​ជំរុញឱ្យមាន​នូវ​ការតស៊ូ​មតិ ការ​ទំនាក់​ទំនង នវានុវត្តន៍ និង​ការផ្សព្វផ្សាយ​តាមរយៈ​វេទិកា​សន្ទនា​ជាប្រចាំ ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​រប​ស់​ក្រុមការងារ​ស្ត្រី​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​នៅ​ជុំវិញ​ពិភព​លោក ព្រមទាំង​អាចជួយ​ឱ្យ​ស្ត្រី​មានឱកាស​ចែករំលែក​បទ​ពិ​សោធន៍​លើ​ប្រធានបទ​រួម​ជាក់​លាក់​ណាមួយ និង​អាច​រៀនសូត្រ​ពី​ភាពជោគជ័យ​នានា​របស់​អង្គ​ការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ (FAO) និង​អង្គការ​ដទៃទៀត​ក្នុងការ​ផ្ដល់​ភាព​អង់​​អាច​ដល់​ស្ត្រី​ទាំង​នៅ​កន្លែង​ធ្វើ​​ការ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​។ 

​យ៉ាងណាមិញ​វា​ក៏​នឹង​ជួយ​ពង្រឹង​បន្ថែម​ភាពជា​អ្នកដឹកនាំ និង​គណនេយ្យភាព​រប​ស់​អ្នក​គ្រប់គ្រង​ក្នុងការ​បញ្ជ្រាប​យេនឌ័រ តាមរយៈ​គំនិត​ផ្តួចផ្តើម «She Matters» របស់ខ្លួន​ដែល​ផ្តោតលើ​ការជំរុញ​បរិវត្ត​កម្ម​ភាពជា​អ្នក​​ដឹកនាំ ដើម្បី​ពង្រឹង​ភាព​អង់អាច និង​សុខុមាលភាព​របស់​បុគ្គ​លិ​ក​ជា​ស្ត្រី​នៅ​គ្រប់​កម្រិត​ក្នុង​ស្ថាប័ន​។​

​នៅ​ទូទាំង​ពិភពលោក​យើង​សង្កេតឃើញថា​តែងតែ​មានការ​រើសអើង​ជារឿយៗ​ទៅលើ​ស្ត្រី ដោយ​គេ​តែង​យល់ថា ស្ត្រី​ត្រូវ​ទទួល​រ៉ាប់រង​ការមើល​ថែ​គ្រួសារ​ដែល​ធ្វើឱ្យមាន​វិសមភាព​យេន​ឌ័​រ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅក្នុង​ទីផ្សារការងារ ទាំង​ជនបទ និង​ទីក្រុង​។ ជា​សកល​ស្ត្រី​បាន​លះ​បង់​ពេលវេលា​របស់ខ្លួន​ប្រមាណ ៣,២​ ដង​ច្រើនជាង​ការងារ​ដែល​បំពេញ​ដោយ​បុរស​ទៅលើ​ការ​មើលថែ​គ្រួសារ​ដោយ​មិន​ទទួលបាន​ប្រាក់ចំណូល​ទាល់តែសោះ​។​ប៉ុន្តែ​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក សមាមាត្រ​ គឺ​បុរស​ ៤ ​នាក់ ទល់នឹង​វត្តមាន​របស់​ស្ត្រី​ ១ ​នាក់ ​ដូច្នេះ​តម្រូវឱ្យមាន​ការទទួល​ស្គាល់​ឱ្យ​កាន់តែច្រើន ការបន្ធូរបន្ថយ រួម​ទាំង​ការបែងចែក​ការងារ​មើល​​ថែ​គ្រួសារ​ប្រកបដោយ​សមធម៌​និង​ផ្គត់ផ្គង់​នូវ​ប្រព័ន្ធ​មើលថែ​កាន់តែ​ប្រសើរ ព្រមទាំង​ជា​ប្រព័ន្ធ​ដែល​អាច​ស្វែង​រកបាន​ពី​សំណាក់​អ្នកប្រើប្រាស់​ផ្សេងៗ​។ ដូច្នេះ​វា​នឹង​ជួយ​ជំរុញ​បរិវត្ត​កម្ម​ដោយ​ផ្ដល់​ការគាំទ្រ​ដល់​គ្រួសារ​នានា ទាំង​នៅ​ទីក្រុង ក៏ដូចជា​ទីជនបទ​ក្នុងន័យ​លើកកម្ពស់​ជីវភាព​និង​សុ​ខុ​មាល​ភាព​របស់​ស្ត្រី​។​

​ប៉ុន្តែ​យើង​ត្រូវតែ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​បន្ថែមទៀត​ក្រៅតែពី​ការជំរុញ​និង​ការគាំទ្រ​ទាំងនេះ​។ យើង​ត្រូវតែ​វិនិយោគ​លើ​ជំនាញ​បច្ចេកទេស​និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ដើម្បី​គាំទ្រ​ដល់​ការពង្រឹង​ភាពជា​សហគ្រិន​និង​ការ​​បង្កើត​ប្រាក់ចំណូល​របស់​ពួកគេ រួមទាំង​ការបង្កើត និង​ការពង្រឹង​បណ្តាញ​ទំនាក់ទំនង និង​វេទិកា​សិក្សា​ដែលមាន​ស្រាប់​ផងដែរ​។​

​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​យេនឌ័រ​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រ​​ជា​ជាតិ (FAO) សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បានកំណត់​ពី​ភាពចាំបាច់​ក្នុងការ​ប្រមូលផ្តុំ​ការចូលរួម​រប​ស់បុរ​ស និង​ស្ត្រី ដើម្បី​រួមចំណែក​ដល់​បរិវត្ត​កម្ម​កសិកម្ម​ដោយ​ការបែងចែក​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ប្រកប​ដោយ​សមធម៌​។ ការឆ្លុះបញ្ចាំង​និង​ការបង្កើត​បរិយាកាស​ស​ន្ទ​នា​ប្រកបដោយ​បរិ​យាប​ន្ន គឺ​ពិតជា​សំខាន់​ដោយសារតែ​វា​បានផ្ដល់​នូវ​ភាព​អង់អាច​ដល់​ស្ត្រី​និង​ជួយ​បង្កើន​ភាពរឹងមាំ​ដល់​ពួកគេ​ទៅតាម​បែបផែន​ផ្សេងៗ​។​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រ​​ជា​ជាតិ ​(FAO) ក៏បានផ្ដល់​ការគាំទ្រ​ដល់​ស្ត្រី​តាមរយៈ​គម្រោង​របស់ខ្លួន មាន​ជាអាទិ៍​សាលា​ស្រែ​កសិករ​ដែលជា​អភិក្រម​ក្នុងការ​ផ្សាភ្ជាប់​ការចូលរួម​ពី​សំណាក់​ភាគី​បុរស និង​ស្ត្រី​ប្រកបដោយ​បរិ​យាប​ន្ន​រួម​ជាមួយនឹង​សកម្ម​ភាព​ពាក់ព័ន្ធ​ដទៃទៀត​ដែល​ផ្តោតជាសំខាន់​ទៅលើ​ស្ត្រី​។​

​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ​ប្តេជ្ញា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដើម្បី​សម្រេចបាន​​និរន្តរភាព​បរិវត្ត​កម្ម​សមភាព​យេនឌ័រ​ក្នុង​ប្រព័ន្ធ​កសិកម្ម​។​

​សមភាព​យេនឌ័រ​ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើងទាំងអស់គ្នា ហើយ​ម្នាក់ៗ​សុទ្ធ​តែមាន​ចំណែក​ក្នុង​ដំណើរ​បោះជំហាន​ទៅមុខ​ឆ្ពោះទៅរក​ការសម្រេចបាន​សមភាព​យេនឌ័រ និង​ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​កុមារី ដែលជា​គោលដៅ​មួយ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (​គោលដៅ​អភិ​វឌ្ឍន៍​ទី​៥)​។ ទិវា​នារី​អន្តរជាតិ​ថ្ងៃនេះ គឺ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​នានា ដែល​ស្ត្រី​កំពុង​ជួបប្រទះ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សកម្មភាព​ដែល​ត្រូវអនុវត្ត​បន្ត​។​

​តោះ​យើង​រួមគ្នា​ជា​ធ្លុង​មួយ​បង្កើន​សំឡេង​របស់​យើង​និង​ក្លាយជា​អ្នកគាំទ្រ​ដ៏​សកម្ម​តាមរយៈ​ «​ការវិនិយោគ​ជាមួយ​ស្ត្រី ដើម្បី​បង្កើន​វឌ្ឍនភាព​»​ ឆ្ពោះទៅរក​បរិវត្ត​កម្ម​ប្រព័ន្ធ​ក​សិ​កម្ម​ប្រកបដោយ​និរន្តរភាព និង​សមធម៌​៕

​ដោយ​លោក​ចុង ជី​គីម ឧបការី​អគ្គនាយក និង​ជា​តំណាង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)