​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហ​​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បាន​លើកឡើងថា សហរដ្ឋអាមេរិក​មាន​គម្រោង​ធំៗ​តាមរយៈ​ទី​ភ្នា​ក់​​ងារ USAID សម្រាប់​ជួយ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ ដើម្បី​ជំរុញ​ផែនការ​កម្ពុជា​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​


​ការលើកឡើង​ដូចនេះ​ធ្វើឡើង​ក្នុង​ឱកាសលោក W. Patrick Murphy ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក​ ប៊ិន ត្រឈៃ រដ្ឋ​​មន្ត្រី​ក្រសួងផែនការ នា​ថ្ងៃទី​ ៥ ខែមីនា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងផែនការ​។​

​លោក ប៊ិន ត្រឈៃ និង​លោក W. Patrick Murphy បាន​ពិភាក្សាគ្នា​ក្នុងការ​រៀបចំ និង​បន្ស៊ី​ការងារ​អាទិភាព​មួយចំនួន​ដែលជា​ការទទួលខុសត្រូវ​របស់​ក្រសួង​​ផែនការ​ទៅលើ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (NSDP) ៥​ ឆ្នាំ ២០២៤-២០២៨​។ ការងារ​រៀបចំ​ផែនការ​វិនិយោគសាធារណៈ (PIP) ៣ ​ឆ្នាំ​រំកិល និង​ការត្រៀម​លក្ខណៈ​ចាកចេញ​របស់​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC Graduation)​។​


​លោក W. Patrick Murphy បាន​លើកឡើងថា​៖ «​ដើម្បី​រួម​ចំណែក​ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​ការងារ​ទាំងនេះ សហរដ្ឋអាមេរិក​មាន​គម្រោង​ធំៗ​ជាច្រើន​តាមរយៈ USAID សម្រាប់​ជួយ​ដល់​កម្ពុជា ក្នុងនោះ​ពាក់ព័ន្ធ​នឹង​វិស័យ​ក​សិ​កម្ម ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម​»​។

​បើតាម​ក្រសួងផែនការ​នា​ជំនួប​នោះដែរ លោក W. Patrick Murphy ក៏បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​សម្រេច​គោលដៅ​អភិ​វឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់ខ្លួន​ (CSDGs)​ ឆ្នាំ​ ២០៣០ និង​ប្រែ​ក្លាយខ្លួនជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​ ផង​ដែរ​។ លើសពីនេះ លោក​ឯកអគ្គ​​រដ្ឋទូត​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​មកវិញ​នូវ​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​ទូទៅ (GSP)​ ដែល​រដ្ឋ​សភា​សហរដ្ឋអាមេរិក​បាន​ផ្តាច់​។​


​ចំណែក លោក​ប៊ិន ត្រឈៃ ក៏បាន​លើកឡើង​ដែរ​ថា រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​ដែល​តែង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ជា​ពិ​សេស​ក្រសួងផែនការ​ផ្ទាល់​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​ ទៅលើ​បច្ចេកទេស​គាំទ្រ​លើ​គម្រោង​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ (CDHS) ចាប់​តាំង​​ពី​ឆ្នាំ​ ២០០០ រហូតដល់​ឆ្នាំ​ ២០២២,​ ជំរឿន​កសិកម្ម​នៅ​ឆ្នាំ ២០១៣ និង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​នៅ​ឆ្នាំ​ ២០១៩​។ បន្ថែម​ពីនេះ ភាគី​ទាំង​ ២ បង្ហាញ​ការ​​ប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន​ទៅលើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​-​ប​ត្តិ​ការ​រវាង​ស្ថាប័ន​រៀងៗ​ខ្លួន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ ប៉ែន បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាលបានឱ្យដឹងថា ការជួយ​ជ្រោ​ម​​ជ្រែង​របស់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជា​ដៃគូ​នានា ពិត​ជាមាន​សារៈសំខាន់​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​សម្រេច​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន​ប្រែក្លាយជា​ប្រ​ទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ខាងមុខ​ជាមួយ​គោល​នយោបាយ​អាទិភាព​នានា​។

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ការជួយ​ជ្រោ​ម​ជ្រែង​ពី​បណ្តា​ប្រទេស​ដៃគូ​អភិ​​វឌ្ឍន៍​ពិតជា​សំខាន់​ដើម្បី​សម្រេច​គោលដៅ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​មាន​មោទនភាព​រស់នៅ​ក្នុងសង្គម​មួយ​ដែលមាន​ភាព​សុខ​សាន្ត គ្រប់បែបយ៉ាង ទាំង​សន្តិ​​សុខ បរិស្ថាន សេដ្ឋកិច្ច​ដែលមាន​កម្រិត​ខ្ពស់​»​។​

​សម្រាប់​លោក ​ស៊ឺន សម អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា សាទរ​ចំពោះ​គម្រោង​ធំៗ ដែល​សហ​​រដ្ឋ​អាមេរិក​បន្ត​ជួយ​កម្ពុជា​ទៅលើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែលជា​រឿង​ដែល​ប្រទេស​ទាំង ​២ អាច​បន្ត​ធ្វើការ​ជាមួយគ្នា​យូរអង្វែង​។​លោក​បាន​បន្តថា វា​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា ខណៈ​ភាគី​ទាំង ​២ ខ្វែងគំនិត​គ្នា​តែ​ទៅលើ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជា​​ធិបតេយ្យ​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​សហរដ្ឋអាមេរិក​ជា​មហាអំណាច​ផុត​លេខ​ក៏​ពិត​មែន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​យោធា ប៉ុន្តែ​ដើម្បី​សម្រេចការ​ពង្រឹង​អំណាច​ខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​គឺ​មានតែ​ផ្តល់​តាម​រយៈ​ជំនួយ ជួយ​ប្រទេស​ដៃគូ​ទេ ទើប​ខ្លួន​ទទួលបាន​ការគោរព និង​ឥទ្ធិពល​បន្ថែមទៀត​នៅក្នុង​នយោបាយ​ការបរទេស​។ អត់​មាន​ប្រទេស​ណា​ទុក​ប្រទេស​ខ្លួន​ចោល​ដោយ​គ្មាន​ការជួយជ្រោមជ្រែង​លើ​ការអភិវឌ្ឍ​ពី​ប្រទេស​ដៃគូ​នោះទេ​»​។ 

​លោក ស៊ឺន សម បាន​បន្ថែមថា សហរដ្ឋអាមេរិក​គួរ​បន្ត​ជួយ​កម្ពុជា​បន្ថែមទៀត ហើយ​ជាពិសេស​ត្រូវ​យោគយល់​កម្ពុជា និង​ស្វែងរក​ចំណុចរួម​ទៅលើ​យន្តការ​អនុវត្តន៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាជាង​យក​ចំណុច​ទាំងនេះ​ជា​របាំង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​៕