​ភ្នំពេញៈ មន្ត្រីរាជការ​ស៊ីវិល​បានចាប់ផ្តើម​ធ្វើតេស្ត​រក​សារ​ធាតុ​ញឿ​ន​ជា​បណ្តើរៗ​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​មិន​ប្រើប្រាស់​គ្រឿង​ញឿ​ន ឬ​មិន​ជាប់​ពាក់​នឹង​គ្រឿង​ញឿ​ន​ខុសច្បាប់​ក្រោយពី​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញឿ​ន​ទៅលើ​កង​កម្លាំងប្រដាប់អាវុធ​បាន​រយៈ​​ពេល​ប្រមាណ​​ ២ ​ខែ​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ បានដាក់​ចេញ​បទ​​បញ្ជា​ដាច់ខាត​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ យោធិន និង​មន្ត្រី​ជាប់​កិច្ច​សន្យា​របស់ខ្លួន​លើ​ការប្រើប្រាស់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​។​

​បទបញ្ជា​ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅតែ​បន្ត​រីក​រាល​ដាល​គួរឱ្យ​ព្រួយបារម្ភ ទាំង​ក្នុង​តំបន់​និង​លើ​ពិភពលោក រួម​​ទាំង​កម្ពុជា​ផងដែរ​។​


​បទបញ្ជា​នេះ​បញ្ជាក់ថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់​វិធាន​ការបញ្ចប់​មុខតំណែង​និង បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើកលែង ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរ​បាល​ជាតិ និង​យោធិន ព្រម​ទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ណា​ដែល​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​»​។​

​លោក ម៉ែន គង់ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ថ្លែងថា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​វិធានការ​នេះ លោក​ ស្វាយ សំ​អ៊ាង ​អភិ​បាល​ខេត្តស្ទឹងត្រែង​ ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បានធ្វើ​ការប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាបន្ទាន់ និង​បាន​ជួបប្រជុំ​ជាមួយ​អភិបាលក្រុង ស្រុក ដែលជា​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង ស្រុក​ឱ្យ​អនុវត្ត​ទៅតាម​គោល​ការណ៍ និង​វិធាន​ការដែល​រាជ​​រដ្ឋាភិបាល​បានដាក់​ចេញ​។​


​លោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា​៖ «​កន្លងមកនេះ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​កម្លាំង​មាន​សមត្ថកិច្ច ដែល​ក្នុងនោះ​ក៏បាន​ធ្វើតេស្ត​មន្ត្រី​របស់ខ្លួន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ជាពិសេស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​អាវុធ​​ហត្ថ​ខេត្ត ហើយ​និង​កំពុង​ធ្វើជា​បណ្តើរៗ​នូវ​កម្លាំង​របស់​យោធា​ខេត្ត​ដែរ​»​។​

​លោក​បន្ថែមថា​៖ «​អ៊ីចឹង ជា​លទ្ធផល យើង​ឃើញថា មាន​មួយចំនួន មន្ត្រីនគរបាល មន្ត្រី​កងកម្លាំង​របស់​យើង​ដែល​រកឃើញ​ហ្នឹង​គឺ​អនុវត្តតាម​វិធាន​​ការ​អ្វីដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។  អ្នកណា​ត្រូវធ្វើ​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​គឺ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ទៅតាម​គោលការណ៍​ហ្នឹង​តែម្តង​។ អនុវត្ត​នូវ​អភិក្រម​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​»​។​

​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​រាជ​ការ មន្ត្រី​កិច្ចសន្យា​សាលាខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន​ដោយ​អនុវត្តតាម​អនុសាសន៍​របស់លោក ហ៊ុន​ ម៉ា​ណែ​ត ​«​សម្អាតខ្លួន​យើង​ជាមុនសិន​» និង​ «​សូម​និយាយថា​ទេ ចំពោះ​គ្រឿងញៀន​»​។​

​លោក​គួច ចំរើន​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​ខ្ញុំបាទ​បានធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​នៅ​ចំពោះមុខ​គណៈកម្មការ​រួចហើយ​។ លទ្ធផល​អវិជ្ជមាន​។ ខ្ញុំបាទ​សូម​ប្ដេជ្ញា​គាំទ្រ​នូវ​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់ មុត​ស្រួច​របស់​សម្ដេច​ធិបតី «​សម្អាតខ្លួន​យើង​ជាមុន​»​។ សូម​ប្ដេជ្ញា​ថា​ទេ ចំពោះ​គ្រឿងញៀន​»​។​​ លោក ឃាង ភារ​ម្យ អ្នក​នាំ​ពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​។​

​ប៉ុន្តែ ហ្វេ​ស​ប៊ុ​កលោក ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់​នា​ថ្ងៃទី​ ២៨ កុម្ភៈថា រដ្ឋបាលខេត្ត​ព្រះ​សី​​ហ​នុ និង​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ​នេះ បានធ្វើ​ការរៀបចំ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​ចំពោះ​មន្ត្រីក្រោមឱវាទ​រួមមាន មន្ត្រីរដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​មន្ទីរ និង​អង្គភាព​ចំណុះ​ពាក់ព័ន្ធ ចំនួន​ ៣៤៥ ​នាក់​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ​មន្ទីរ និង​អង្គភាព​ចំណុះ​ពាក់​​ព័ន្ធ​ចំនួន ៣៤៥ ​នាក់ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ក្រោយ​ការធ្វើ​តេស្ត​។​សូម​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ដល់​មន្ត្រី​ទាំង ៣៤៥ ​រូប ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ជាមួយនឹង​វិធាន​ការ​របស់​រាជរដ្ឋាភិបាល និង​បង្ហាញ​ភាព​ស្អាតស្អំ ក្នុងនាម​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដោយ​មិនមាន​លទ្ធផល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន សូម្បី​មន្ត្រី​ម្នាក់​»​។​

​លោក សុខ សុធី អភិបាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៦ ខែកុម្ភៈ ថា​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​គឺ​សាលា​ខេត្តកោះកុង​បាន​ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​នេះ​នា​ថ្ងៃទី ​២៦ ខែកុម្ភៈ ប៉ុន្តែ​មិនទាន់មាន​គោលការណ៍​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ឬ​ការចាប់ផ្តើម​ធ្វើតេស្ត​នេះ​ទៅលើ​មន្ត្រីរាជការ​ស៊ីវិល​មិនទាន់​ដឹង​ធ្វើ​នៅពេលណា​នោះទេ​ទាល់តែ​មានការ​ណែនាំ​ផ្សេងទៀត​។​

​ចំពោះ​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រីនគរបាល​វិញ លោក​​ សុខ សុធី​ បញ្ជាក់ថា លោក​ក៏​មិនបាន​ដឹងថា ​បានធ្វើ​តេស្ត​ហើយ​ចំនួន​ប៉ុន្មាន​នោះដែរ​ដោយ​លោក​បន្ថែមថា ការធ្វើ​តេស្ត​របស់​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត ក៏​ខាង​សាលាខេត្ត​មិនដែល​បានដឹង​ដែរ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​បទបញ្ជា​នេះ​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈថា ស្ថានការណ៍​បទល្មើស​គ្រឿង​ញៀន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង នៅតែ​បន្ត​កើតមាន​គួរឱ្យ​ព្រួយបារម្ភ​ក្នុងការ​លួចលាក់​កែច្នៃ​និង​វេច​ខ្ចប់​គ្រឿងញៀន តាម​រូបភាព​ផ្សេងៗ រួមទាំង​ការ​ចរាចរ ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​លោកស្រី​បន្តថា​៖ «​ខេត្តកោះកុង​របស់​យើង ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ ស្ថានភាព​គ្រឿងញៀន​នៅតែមាន​ជា​ហូរ​ហែ​។ ករណី ចែកចាយ លក់ដូរ តូចតាច និង​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់​មួយចំនួន​ក្នុង​ខេត្ត នៅតែ​ជា​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​របស់​ប្រជាពលរដ្ឋ ដែល​យើង​ត្រូវតែ​បន្ត​គិតគូរ យកចិត្ត​​ទុកដាក់ និង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បន្ថែមទៀត និង​ឱ្យបាន​ទាន់ពេលវេលា​»​។

​លោកស្រី​បន្តថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ លើ​ឆន្ទៈ និង​ការតាំង​ចិត្ត​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស​សមត្ថកិច្ច​ជំនាញ ក្នុង​គោលដៅ​ទប់ស្កាត់ បង្ក្រាប ដោះស្រាយ​រាល់​បញ្ហា និង​វិបត្តិ​នានា​ដែល​បង្កឡើង​នៅក្នុង​មូលដ្ឋាន ជាក់​ជាមិនខាន​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​បទបញ្ជា​នេះ​គឺ ​២ ​ខែ ក្រោយពី​លោក​បានចេញ​បញ្ជា​កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងបរិស្ថាន​ដោយ​ឱ្យ​ធ្វើការ​បន្សុទ្ធ​កង​កម្លាំងប្រដាប់អាវុធ​ដោយ​ត្រូវ​បោសសម្អាត​គ្រឿងញៀន​ចេញពី​កងកម្លាំងប្រដាប់អាវុធ​មុនគេ ហើយ​ប្រសិនបើ​កង​កម្លាំង​ត្រូវបាន​រកឃើញ​មាន​សារជាតិ​ញៀន​នោះ​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ដោយ​លោក​បញ្ជាក់ថា អ្នក​អនុ​វត្ត​ច្បាប់​ត្រូវតែ​ស្អាតស្អំ​មុនគេ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់បន្ថែម​ក្នុង​ពិធី​បិទ​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា​៖ «​អម្បាញ់មិញ ខ្ញុំ​ទើប​ស៊ី​ញ៉េប​ទ​បញ្ជា​មួយ​រដ្ឋា​ភិ​បាល​គឺ​ពន្លាត​នូវ​ការអនុវត្ត​នេះ​ទូទាំង​រដ្ឋាភិបាល​តែម្ដង​បានន័យថា មន្ត្រីរាជការ​ស៊ីវិល​កង​កម្លាំងប្រដាប់អាវុធ​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ឱ្យតែ​រកឃើញថា មានប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​ពាក់ព័ន្ធ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ អត់​ទុក​ទេ​! ... ដើម្បី​ពង្រឹង​វិន័យ​ការ​ឯក​ភាព​ក្នុងការ​អនុវត្ត​។ មន្ត្រី​រាជ​ការ​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ស៊ីវិល​គឺ​ត្រូវមាន​ក្រប​ខ័​ណ្ឌ​វិន័យ ក្របខ័ណ្ឌ​សីលធម៌​និង​ការទទួលខុសត្រូវ​ជា​ប្រ​​ជា​ពលរដ្ឋ​ធម្មតា​។ យើង​ជា​គំរូ​គេ អ៊ីចឹង​ដើម្បី​ទៅ​អនុវត្តន៍​យើង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​សម្អាតផ្ទះ​យើង​តែម្ដង​។ នេះ​គឺ​គោល​នយោបាយ​គឺថា​អត់​មានការ​អនុគ្រោះ​នៅក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ទេ​ក្នុងការ​ប្រើប្រាស់​គ្រឿង​ញៀន​»​។​

​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​អប់រំ​ពី​បញ្ហា​គ្រឿង​ញៀន​ទៅដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ​១៥,៧ ​លាន​នាក់ ហើយ​អ្នកញៀន​គ្រឿង​​ញៀន​ចំនួន​ជាង​ ២,៣​ ម៉ឺន​នាក់​បានទទួល​ការព្យាបាល​ហើយ​ជាង​ ១,២​ នាក់ ​បានធ្វើ​សមាហរណកម្ម​ចូលក្នុង​សង្គម​វិញ​។​

​របាយការណ៍​ដដែល​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣​ កម្លាំង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន ​៨ ០៦៣ ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រមាណ​ ២ ​ម៉ឺន​នាក់ ​ចាប់យក​វត្ថុតាង​ដែលមាន​គ្រឿងញៀន​សរុប​ចំនួន​ជាង ​២,៩ ​តោន​ រឹបអូស​សារធាតុ​គីមី​ផ្សំ​បាន​ចំនួន​ជាង ​១,៤​ តោន​ រួមទាំង​មធ្យោបាយ​សម្ភារ​ឧបករណ៍​កែច្នៃ​ផលិត​គ្រឿងញៀន​ជាច្រើន​ទៀត​។ ​លើសពីនេះ សមត្ថកិច្ច​បាន​ដុត​កម្ទេច​និង​បន្សាប​គ្រឿងញៀន​និង​សារធាតុ​ពាក់ព័ន្ធ​សរុប​ចំនួន​ជាង​ ៣៤៧ ​តោន និង​ ១ ២០០ ​គ្រាប់​។

​លោក នេ​ត សាវឿន ឧ​ប​​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែង​ក្នុង​ពិធី​បិទ​​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ថា ទោះបី​មានការ​បង្ក្រាប​ទប់​​ស្កាត់​យ៉ាង​ហ្មត់ចត់​ជាប់​ជា​​ប្រចាំ​លំហូរ​ចូល​នៃ​គ្រឿងញៀន​នៅតែមាន​ភាពកើនឡើង​ដោយ​សារ​តែ​ទីតាំង​ភូមិសាស្ត្រ​កម្ពុជា​ជាប់​ព្រំដែន​ត្រីកោណមាស​និន្នាការ​សកលលោក​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​តាម​ព្រំដែន​មាន​លក្ខណៈ​ស្មុគស្មាញ​និង​កង្វះ​​ឧបករណ៍​បច្ចេកទេស​ឆែកឆេរ​និង​ត្រួតពិនិត្យ​។​

​លោក នេ​ត សាវឿន បាន​ថ្លែងថា​៖ «​ការចែក​ចាយ​និង​ប្រើប្រាស់​ក្នុង​សហគមន៍​នៅតែ​កើតមាន​ហើយ​មាន​ការរីក​រាលដាល​ដ​ល់​ជនបទ​ទៀតផង​។ បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ពី​គណៈបញ្ជាការ​ឯកភាព​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​តាំងពី​ខេត្ត ដល់​ក្រុង ស្រុក សង្កាត់ ឃុំ និង​ភូមិ​ក្នុងការ​ពង្រឹង​ត្រួតពិនិត្យ​និង​លុប​​បំបាត់​ការចែក​ចាយ​និង​ប្រើ​​ប្រាស់​ក្នុង​សហគមន៍​»៕