ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ដែលស្ថិតក្រោមក្រុមប្រឹក្សាសកកម្មភាពជនពិការកម្ពុជា ខណៈក្រុមការងាររបស់ក្រសួង មានតួនាទីចូលរួមតាមដានលើបញ្ហាពិការភាព ក៏ដូចជាផ្ដល់យោបល់ក្នុងការរៀបចំផែនការ គោលនយោបាយនានាក្នុងវិស័យពិការភាព។
ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ត្រូវបានសម្រេចឡើងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤។ ក្រុមការងារនេះ មានសមាសភាពរួមមាន លោក ស សុខា ជាប្រធានកិត្តិយស និងលោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ព្រមទាំងមានអនុប្រធានចំនួន ១៤ នាក់ និងមានចំនួនសមាជិក ៦នាក់។
លោក ស សុខា បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា៖ «ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចផ្ដល់ការពិគ្រោះយោបល់លើបញ្ហាពិការភាព និងស្ដារលទ្ធភាពពលកម្មជាពិសេសរៀបចំគោលនយោបាយផែនការ និងយុទ្ធសាស្ត្រ ក៏ដូចជាជំរុញការអនុវត្តគោលនយោបាយច្បាប់ និងបញ្ជាផ្សេងៗ ដែលមានការពាក់ព័ន្ធនឹងបញ្ហាពិការភាព និងស្ដារលទ្ធភាពពលកម្ម»។
លោកបន្តថា ក្រុមការងារនេះក៏មានតួនាទីតាមដាន និងពិនិត្យវាយតម្លៃការអនុវត្តគោលនយោបាយ ច្បាប់ និងបញ្ជាផ្សេងៗ ដែលមានការពាក់ព័ន្ធនឹងបញ្ហាពិការភាព ក៏ដូចជាមានភារកិច្ច លើកសំណើជូនក្រុមប្រឹក្សាសកម្មភាពជនពិការភាពកម្ពុជា ដើម្បីកែសម្រួល ធ្វើវិសោធនកម្មគោលនយោបាយច្បាប់ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាពិការភាព។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែមីនានេះថា ក្រុមការងារនេះ នឹងចូលរួមធ្វើការពិនិត្យមើលទៅលើស្ថានភាពវិស័យពិការភាព ចំពោះមូលហេតុដែលនាំឱ្យមានពិការភាព ក៏ដូចជាជជែកពិគ្រោះយោបល់ ផ្ដល់យោបល់ទៅលើបញ្ហាពិការភាព ជាពិសេសចូលរួមរៀបចំគោលនយោបាយ ផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងបញ្ហាពិការភាព។
បន្ថែមពីនេះ លោកថា ក្រុមការងារនេះ ក៏មានតួនាទីសំខាន់មួយទៀតក្នុងការលើកកម្ពស់ស្ថានភាពមន្ត្រីរាជការដែលមានពិការភាពស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រីរាជការដែលជាជនមានពិការភាព ទទួលបានឱកាសបណ្ដុះបណ្ដាលសមត្ថភាព និងឱ្យជនដែលមានពិការភាពដទៃទៀត មានលទ្ធភាពក្នុងការទទួលឱកាសក្លាយជាមន្ត្រីរបស់ក្រសួងមហាផ្ទៃបានផងដែរ។
លោកថ្លែងបញ្ជាក់ថា៖ «ក្រុមការងារក្រសួងមហាផ្ទៃនេះ មានតួនាទីខុសពីក្រសួងសង្គមកិច្ចត្រង់ថា ក្រសួងសង្គមកិច្ចមានតួនាទីទទួលបន្ទុកជនមានពិការភាពទូទៅទាំងអស់ ចំណែកក្រសួងមហាផ្ទៃយើង គ្រាន់តែជាដៃ ជាជើង និងជាមែកធាងមួយ ចូលរួមជួយជ្រកក្រោមឆត្ររបស់ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ដែលមានតួនាទីជួយជនពិការទូទៅដែរ ប៉ុន្តែត្រឹមជាអ្នកតាមដាន ប្រឹក្សា ផ្ដល់យោបល់ទៅលើគោលនយោបាយក្នុងវិស័យពិការភាពប៉ុណ្ណោះ»។
បច្ចុប្បននេះ ក្រសួងមហាផ្ទៃមានមន្ត្រីរាជការដែលជាជនមានពិការភាពប្រមាណ ០,៩៣% បើធៀបជាមួយមន្ត្រីទាំងអស់របស់ក្រសួង ខណៈជាគោលដៅខាងមុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង់ឱ្យមានជនដែលមានពិការភាព ចូលបម្រើការងារនៅក្រសួងឱ្យបានកើនឡើងជាង ១%។ នេះបើតាមការបន្ថែមរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
នាពេលថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏មានផែនការគ្រោងបង្កើតឱ្យមានក្រុមការងាររបស់ខ្លួនមួយដែរ ដើម្បីចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី-ខេត្តនានា។
លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ការបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាពនេះ គឺមានសមាសភាពមកពីក្រសួងសង្គមកិច្ចទាំងអស់ មិនមានការចូលរួមពីក្រសួង ស្ថាប័នណាឡើយ ដែលក្រុមការងារទាំងនោះ នឹងចេញប្រតិបត្តិការទៅជួបជាមួយអភិបាលទាំង ២៥ រាជធានី-ខេត្ត ដើម្បីគាំទ្រដល់អភិបាលរាជធានី-ខេត្តនីមួយៗ ត្រូវមានការរៀបចំគិតគូរកន្លែងប្រគំតន្ត្រីសម្រាប់ជនមានពិការភាពឱ្យបានសមរម្យ។
លោកថ្លែងបញ្ជាក់ថា៖ «ដូច្នេះក្រុមការងារដែលយើងគ្រោងបង្កើតនេះ គឺយើងមានតួនាទីដើរសម្របសម្រួលជួយស្ដារជីវភាពរបស់ពួកគាត់ ក៏ដូចជាជួយស្ដារលទ្ធភាពពលកម្មរបស់ពួកគាត់ឱ្យប្រសើរឡើងវិញ។ ប្រសិនជាគាត់មានសមត្ថភាព យើងនឹងបញ្ជូនគាត់ទៅច្រៀងតាមរង្គសាល និងភោជនីយដ្ឋាននានា និងពាក់ព័ន្ធអ្នកអត់សមត្ថភាព យើងនឹងព្យាយាមបញ្ជូនគាត់ទៅទទួលវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម»៕