គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៅទូទាំងប្រទេសត្រៀមលក្ខណៈចូលរួមអបអរសាទរ និងរៀបចំព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដោយរៀបចំតុបតែងលម្អ ភ្លើងពណ៌ សណ្តាប់ធ្នាប់សាធារណៈ និងរៀបចំទីតាំងលេងល្បែងប្រជាប្រិយរបស់ជាតិ។
យោងសេចក្តីណែនាំរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោកចៅហ្វាវាំង គង់ សំអុល ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ និងទទួលបានសព្ទសាធុការពរជ័យ ពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នឹងប្រព្រឹត្តតាមដំណើរសង្ក្រាន្តដូចតទៅ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។ ថ្ងៃទី១៤-១៥ ជាថ្ងៃវ័នបត និងថ្ងៃទី១៦ ជាថ្ងៃឡើងស័ក។
ដើម្បីរៀបចំពិធីបុណ្យឱ្យស្របតាមប្រពៃណី និងរក្សាទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស និងប្រកបដោយភាពរុងរឿង គណៈកម្មការធិការបុណ្យជាតិ បានណែនាំភាគីពាក់ព័ន្ធចូលរួមរៀបចំពិធីនេះឱ្យមានសណ្តាប់ធ្នាប់។
គណៈកម្មការ ក៏បានណែនាំដល់ក្រសួងព្រះបរមរាជវាំងឱ្យរៀបចំព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាមព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រ។
លោកចៅហ្វាវាំងក៏បានឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋ លេខាធិការដ្ឋាន រដ្ឋបាលរាជធានី ខេត្ត និងវត្តអារាមទាំងអស់រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរ ,ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ឱ្យបានស័ក្តិសមនិងរៀបចំសារលិខិតថ្វាយព្រះពរ ដល់ព្រះមហាក្សត្រ និង ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី/ខេត្ត ត្រូវណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងត្រូវសហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ តាមមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានា ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ និងត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។
ចំណែក ក្រសួងធម្មការ និងសាសនា ត្រូវណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រំឭកគ្រប់វត្តអារាមឱ្យធ្វើការសម្អាត និងតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ និងសហការ ជាមួយរដ្ឋបាល រាជធានី ខេត្ត ដើម្បីរៀបចំពិធីបុណ្យនេះឱ្យបានល្អ។
ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំកម្មវិធីប្រគំតន្ត្រីបុរាណ សម័យ ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជុំវិញការរៀបចំពិធីបុណ្យចូលឆ្នាំខាងមុខនេះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី៧ ខែមីនា តាមរយៈសេចក្តីណែនាំនេះខេត្តក៏បានណែនាំបន្តដល់រដ្ឋបាលក្រុង/ស្រុក ឱ្យរៀបចំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចរាចរណ៍ជាដើម។ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យស្ថាប័ននានា និងប្រជាពលរដ្ឋ រៀបចំតុបតែង សម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភណភាពផងដែរ។
លោកបន្តថា៖« ដោយសារតែខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជា និងដើម្បីធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតមកដល់ពេលនេះ ខេត្តបានគិតគូរ និងត្រៀមលក្ខណៈរួចរាល់ ហើយខេត្តក៏បានរៀបចំទីតាំងប្រគំតន្ត្រី និងលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ដើម្បីបង្កការសប្បាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ»។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ សហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុន-ក្រោយពិធីបុណ្យនេះ និងធ្វើយ៉ាងណាត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មានវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណា ដែលល្មើសច្បាប់ ហើយប្រាសចាកនឹងប្រពៃណីទំនៀមទម្លាប់ជាតិ៕