រដ្ឋបាល​ខេត្តក្រចេះ ណែនាំ​ជាថ្មី​ហាមឃាត់​ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី មង​ក្រឡា​ធំ​និង​សន្ទូចរនង នៅក្នុង​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ​បន្ទាប់ពី​សង្កេតឃើញថា សត្វ​ផ្សោត​ភាគច្រើន​ងាប់​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ជាប់​សន្ទូច​ជាដើម​។​


​ការហាមឃាត់​នេះ យោងតាម​អនុក្រឹត្យ​លេខ​១៥៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី ការបង្កើត​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​សេចក្តីជូនដំណឹង​រដ្ឋ​បាល​ខេត្តក្រចេះ ចុះ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ បាន​លើកឡើងថា នាពេល​កន្លងមក រដ្ឋបាលខេត្ត បាន​សង្កេតឃើញថា សត្វ​ផ្សោត​រស់នៅ​តាម​ដង​ទន្លេមេគង្គ ជាពិសេស​រស់នៅ​តំបន់​អន្លង់​ផ្សោត​កាំ​ពី និង​ជ្រោយ​បន្ទាយ ភាគច្រើន​ងាប់​ដោយ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ហាមឃាត់​ដូចជា អាំង​វែក​ទ័​រ​ឆក់​ត្រី មង​គ្រប់​ប្រភេទ និង​សន្ទូច​រនង​​​នៅក្នុង​កន្លែង​ដែល​ផ្សោត​រស់នៅ​។​


រដ្ឋបាលខេត្ត​ឱ្យដឹងទៀតថា បើទោះបីជា​មន្ត្រី ជំនាញ ឆ្មាំ​ទន្លេ អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ​ខិតខំ​ទប់ស្កាត់ និង​បង្ក្រាប​ជាច្រើន​ករណី​មកហើយ​ក្តី ប៉ុន្តែ​អ្នកនេសាទ​បាន​លួច​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់​នៅពេល​យប់​។​

​រដ្ឋបាលខេត្ត​សង្កត់ធ្ងន់ថា​៖«​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ គឺ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ជាពិសេស​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលជា​រតនសម្បត្តិ​ធម្មជាតិ​មានជីវិត​ដ៏​ពិសិដ្ឋ​របស់​ជាតិ​»​។​


ឆ្លៀត​ក្នុងឱកាស​នេះ​រដ្ឋបាល​ខេត្តក្រចេះ អំពាវនាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ប្រគល់ជូន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ជលផល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​តំបន់​ស្នូល​ទី​៤ ស្ថិតនៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ និង​ឃុំ​សំបុក ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចាប់ពី​ក្បាលកោះ​ទ្រង់​ឡើង រហូតដល់​ភូមិ​ក្បាល​ជួរ មាន​ប្រវែង ២១,៦៥ គីឡូម៉ែត្រ​។ បើតាម​រដ្ឋបាលខេត្ត ទីតាំង​ដែល​បាន​រៀបរាប់​ខាងលើនេះ​គឺជា​តំបន់​សក្តានុពល មាន​ហ្វូង​ផ្សោត​រស់នៅ និង​បំ​ផ្លាស់​ទី ព្រមទាំង​តំបន់​គ្រប់គ្រង ការពារ​សត្វ​ផ្សោត​ផងដែរ​។​

​បន្ថែម​ពីនេះ រដ្ឋបាល​ខេត្តក្រចេះ ដែលមាន​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​ព្រមាន​នឹង​ចាត់វិធានការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​ជា​ធរមាន ដោយ​ប្រើប្រាស់​យន្តការ​ចុះ​ឆែកឆេរ​ដល់​លំនៅឋាន​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​អ្នកនេសាទ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​។​

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្លាប់​ប្រាប់ថា​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​កូន​ផ្សោត​ចំនួន ៣​ក្បាល​ហើយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មានកូន​ផ្សោត​១​ក្បាល​។ លោក​បន្ថែមថា វត្តមាន​កំណើន​ចំនួន​កូន​ផ្សោត​នេះ ​វា​ជា​ទិន្នាការ​មួយ​ដ៏​ល្អ​ នាពេល​អនាគត ដែល​នឹងមាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ការអភិរក្ស​និង​ការពារ​។​យ៉ាងណាមិញ លោក​ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចៀសវាង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត ពីព្រោះ​ផ្សោត​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​មានជីវិត​ដ៏​វិសិដ្ឋ​របស់​កម្ពុជា​។​

​បើតាម លោក អ៊ុក វិបុល តាម​ការប៉ាន់ស្មាន​ផ្សោត​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ មាន​ចំនួន​ប្រមាណ​ជា ៩០​ក្បាល​ទាំង​ផ្សោត​មេ​ពូជ និង​ផ្សោត​វ័យ​ជំទង់​៕