ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជា និងបារាំង បានជួបពិភាក្សាគ្នាដើម្បីស្វែងយល់ពីការអនុវត្តគោលនយោបាយគាំពារសង្គមទ្វេភាគី សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន និងពង្រីកសេវាថែទាំសុខភាពឱ្យកាន់តែទូលំទូលាយខណៈបច្ចុប្បន្នពលរដ្ឋកម្ពុជាប្រមាណ ១៧ ម៉ឺននាក់ បានចូលជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងលោកស្រី ស្សាឡុត ប៉ាម៉ង់ធ្យាឡឺកុក (Charlotte PARMENTIER-LECOCQ) ប្រធានគណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង ពីទីក្រុងប៉ារីស កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
ជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់ និងសិក្សាពីការរៀបចំ និងអនុវត្តគោលនយោបាយសង្គមកិច្ចនៅសាធារណរដ្ឋបារាំងដោយភាគីកម្ពុជា ក៏បានស្នើសុំឱ្យភាគីបារាំងជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀតដល់គ្រូពេទ្យនិងវិស័យវេជ្ជសាស្ត្រនៅកម្ពុជាជាដើម។នេះបើតាមការជូនដំណឹងរបស់រដ្ឋសភាជាតិកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រី ឡោក ខេង បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណមុំទី២ ដែលផ្តោតលើការលើកម្ពស់សុខុមាលភាពប្រជាជននិងពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្រោមពាក្យស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់មិនទទួលបានសេវាសុខភាពឡើយ»។
លោកស្រីបានបន្តថា៖«នៅក្នុងនោះគឺបានជំរុញលើកកម្ពស់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ពង្រឹងស្ថាប័នសុខាភិបាល និងកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈមូលនិធិសមធម៌សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណជា ៣,៥ លាននាក់ និងរបបសន្តិសុខសង្គមជូនមន្ត្រីរាជការ អតីតយុទ្ធជន នគរបាល កម្មករនិយោជិត ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ភូមិជាដើម»។
លោកស្រី ក៏បានជម្រាបជូនភាគីបារាំងថា កម្ពុជា បានយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះនិងកុមារអាយុ ២ ឆ្នាំ ដោយដំឡើងការឧបត្ថម្ភសាច់ប្រាក់ដើម្បីឱ្យស្ត្រីទៅពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាលចំនួន ៦ ដង និងចាក់វ៉ាក់សាំងកូនអាយុក្រោម២ឆ្នាំ។
ក្នុងជំនួបនោះដែរ លោកស្រី ស្សាឡុត ប៉ាម៉ង់ធ្យាឡឺកុក បានចាត់ទុកកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់បារាំង ខណៈលោកស្រីបានបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់ពីការអនុវត្តល្អរបស់កម្ពុជា។
លោកស្រីថ្លែងថា៖«ជាការពិតណាស់ គោលនយោបាយសាធារណៈសង្គមកិច្ចគឺជាចំណុចស្នូលរបស់ប្រទេសបារាំងជាពិសេសការជួយគាំទ្រយុវជន និងការផ្តល់អាទិភាពការងារដល់ប្រជាជនក្រីក្រតួយ៉ាងដូចជា ការវិនិយោគទៅលើយុវជនតាមរយៈការធ្វើគោលនយោបាយដែលសមស្របទៅនឹងតម្រូវការរបស់យុវជននិងទីផ្សារការងារ ដើម្បីកសាងទំនុកចិត្តឱ្យយុវជនជឿជាក់លើប្រព័ន្ធអប់រំនិងប្រព័ន្ធការងារនៅបារាំងឡើងវិញ»។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យការទទួលបានបណ្ណសមធម៌ បណ្ណ ប.ស.ស សម្រាប់ជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាជនក្រីក្រមានភាពទូលំទូលាយ ខណៈលោកសង្ឃឹមថា វិស័យសុខាភិបាលនឹងមានការរីកចម្រើនបន្ថែមទៀត។
យ៉ាងណាមិញ លោកស្នើឱ្យមានការពង្រីកលើសេវា ប.ស.ស បន្ថែមទៀតឱ្យបានច្រើនទៅដល់មូលដ្ឋានជាពិសេសមានវេជ្ជបណ្ឌិតជំនាញបច្ចេកទេសឱ្យបានច្រើននៅតាមបណ្តាខេត្តស្រុកចៀសវាងការបញ្ជូនអ្នកជំងឺដែលទទួលសេវា ប.ស.ស ទៅព្យាបាលនៅឆ្ងាយពីមូលដ្ឋានរបស់ពួកគាត់។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមីនា ២០២៤ មានពលរដ្ឋជិត១៧ម៉ឺននាក់ ចូលជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តរបស់បេឡាជាតិសន្តិសុខសង្គម។
លោកក៏បានលើកឡើងថា ក្នុងនាមជាប្រតិបត្តិករប្រព័ន្ធសន្ដិសុខសង្គមនឹងខិតខំលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា តាមរយៈកម្មវិធីនយោបាយគាំពារសង្គមគឺជាការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងបានស្តែងឱ្យឃើញកាន់តែច្បាស់ពីស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕