ភ្នំពេញ: នៅក្នុង​គំនិត​ផ្តួចផ្តើម​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ យុវសិស្ស​នារី ៥ នាក់​នៃ​ Neeson Cripps Academy (NCA) នៅ​កម្ពុជា នឹងត្រូវ​បាន​ណែនាំ​ដោយ​និស្សិត​នារី ៥ នាក់​មកពី​សាកលវិទ្យាល័យ Solent ក្នុងប្រទេស​អង់គ្លេស ដោយ​ផ្តោតលើ​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​វ័យក្មេង​នៅក្នុងវិស័យ ​STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​)។ ​

​កម្មវិធីអប់រំ​​នេះ សម្របសម្រួល​ដោយអង្គការ​​មូលនិធិ​កុមារ​កម្ពុជា (CCF) ហើយ​គ្រោង​នឹង​ដំណើរការ​រយៈពេល ៤ខែ ជាមួយ​​ការបង្ហាត់បង្រៀន​តាម​អ៊ីនធឺណិត ដើម្បី​ភ្ជាប់​គម្លាត​រវាង​សិស្ស​វិទ្យាល័យ​ពី​សហគមន៍​ដែល​ជួប​ការ​លំបាក​ក្នុងប្រទេស​កម្ពុជា និង​និស្សិត​សាកល​វិទ្យាល័យ​នៅ​ចក្រភព​អង់គ្លេស​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NCA បានឱ្យដឹងថា៖«​កម្មវិធី​នេះ​មាន​គោលបំណង​ណែនាំ​ក្មេងស្រី​កម្ពុជា​ឱ្យ​ស្គាល់​ពី​ឱកាស​ជាច្រើន​នៅក្នុង​វិស័យ STEM ​ជា​វិស័យ​​ដែល​ស្ត្រី​នៅតែ​ជា​តំណាង​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា»។​


​តាមរយៈ​ការភ្ជាប់​យុវសិស្ស​ទាំងនេះ​ជាមួយ​និស្សិត​សាកលវិទ្យាល័យ Solent ដែល​បច្ចុប្បន្នកំពុង​សិក្សា​ផ្នែក​ឧក្រិដ្ឋកម្ម គំនិត​ផ្តួច​ផ្តើម​នេះ​ មិន​ត្រឹមតែ​ផ្តល់នូវ​ការណែនាំ និង​ការចែករំលែក​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​គោលបំណង​បំផុសគំនិត​សិស្សានុសិស្ស​កម្ពុជា​​ទាំងនេះ​ដោយជំរុញ​ពួកគេ​ធ្វើជា​គំរូ​ ដែល​បានយក​ការ​​អប់រំ​ឈាន​ឆ្ពោះ​ទៅកាន់​ចាប់​ការងារ​ពាក់ព័ន្ធ​​។​

CCF គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​និស្សិត​ស្រី​ដែល​ចូលរួម​ក្នុង​មុខវិជ្ជា និង​សកម្មភាព STEM ដោយ​លើក​យក​​ពីមុខ​វិជ្ជា​​វិស្វកម្ម និង​មុខជំនាញ​ស្រដៀង​គ្នា​ជា​ផ្លូវ​អាជីព​ដែល​អាចធ្វើ​ទៅបាន​។​


​គ្រោងការណែនាំ​នេះ​ត្រូវបាន​​​មើលឃើញថា​ ជា​ជំហាន​ដ៏​សំខាន់​​ចំពោះ​​ស្ថានភាព​បច្ចុប្បន្ន ដែលស្ដ្រី​អាច​​​បំណង​បំពេញនូវ​​គម្លាតនៃ​​ជំនាញ​នៅក្នុង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​កម្ពុជា​។​

យុវតី​ លា ផន មន្ត្រី​គម្រោង​អប់រំ​នៅ CCF ​​បាន​សង្កត់ធ្ងន់​លើ​សក្តានុពល​ផ្លាស់ប្តូរ​នៃ​កម្មវិធី​នេះ ដោយ​កត់សម្គាល់​ពី​សម​ត្ថ​ភាព​របស់​សិស្ស​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​របស់​សិស្ស​អំ​ពី​ផ្លូវ​នៃ​ការអប់រំ​ជាស​កល បង្កើន​ទំនុកចិត្ត​​ និង​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ​។​

​កញ្ញា​ ផន បាន​​ឱ្យ​ដឹង​ថា៖​«​កម្មវិធី​ណែនាំ​នេះ ​នឹង​ផ្ដល់​ផល​វិជ្ជមាន​​យ៉ាងខ្លាំង​ដល់​សិស្ស​របស់​យើង ដែល​អនុញ្ញាតឱ្យ​ពួកគេ​ដឹង​បន្ថែម ​អំពី​ពិភពលោក និង​ជម្រើស​ដែល​អាចធ្វើ​ទៅបាន​តាមរ​យៈ​ការអប់រំ​​​។​​ តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ជាមួយ​និស្សិត​នៃ​សកល​វិទ្យាល័យ Solent ខ្ញុំ​ជឿថា​ បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ពង្រីក​នេះ​ក៏​នឹង​ពង្រឹង​ទំនុកចិត្ត និង​ភាសា​អង់គ្លេស​របស់​ពួកគេ​ផងដែរ​។ យើងទាំងអស់គ្នា​មាន​សេចក្តីរំភើប​ក្នុងការ​ធ្វើការ​ជាមួយ​​សាកលវិទ្យាល័យ Solent ហើយ​សង្ឃឹមថា នឹង​បង្កើត​មិត្តភាព​យូរអង្វែង»​។​

​ដូចគ្នា​នេះ​ដែរ អ្នកនាង ​Nigel Lee សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ឧក្រិដ្ឋកម្ម​នៅ​សកល​វិទ្យាល័យ Solent បានលើក​ឡើង​ពី​អត្ថប្រយោជន៍​ទៅវិញទៅមក​ នៃ​ការបង្ហាត់​បង្រៀន​គ្នា​​ ដោយ​ទទួលស្គាល់​កិច្ចសហការ​ដ៏​យូរអង្វែង​រវាង​សាកលវិទ្យាល័យ Solentនិង CCF ក្នុងការ​គាំទ្រ​យុវជន​កម្ពុជា​។​

​អ្នកស្រី​ Lee បាន​និយាយថា៖​«​ការបង្ហាត់បង្រៀន​ផ្ដល់​នូវ​ភាព​​វិជ្ជមាន​យ៉ាងសំខាន់​លើ​ទាំង​អ្នក​ណែនាំ និង​អ្នកទទួល​ការ​​ណែនាំ ហើយ​ខ្ញុំ​រីករាយ​ដែល​និស្សិត​ឧក្រិដ្ឋកម្ម​វិទ្យា​របស់​យើង ៥ នាក់​ កំពុង​ចាប់ផ្តើម​ដំណើរ​នេះ​។​​ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​បាន​មើលឃើញ​ពី​របៀប​ដែល​មូលនិធិ​កុមារ​កម្ពុជា​ ធ្វើ​ការងារ​សំខាន់​បែបនេះ ហើយ​ការ​សហការ​ជាមួយ​ពួកគេ​លើ​គម្រោង​នេះ និង​គម្រោង​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​វ័យក្មេង និង​​សម្រេច​គោល​ដៅ​អនាគត​របស់​ពួកគេ​»​។​

អ្នកចូលរួម​ទាំងសងខាង​នៃគម្រោង​សិស្ស​ច្បង​បង្រៀន​សិស្ស​ប្អូន​នេះ​បង្ហាញ​ពី​ភាព​រីករាយ និង​សុទិដ្ឋិនិយម​អំពី​ឱកាស​សម្រាប់​ការលូត​លាស់ និង​ទំនាក់​ទំនង។ ​

​យុវតី ម៉ី ស្រី​ផល អាយុ ១៦ឆ្នាំ ជា​សិស្ស​នៅ​សាលា Neeson Cripps Academy បាន​ចែករំលែក​នូវ​ក្តីរំភើប និង​ភ័យ​បន្តិចបន្តួច​របស់​ខ្លួន​​ អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​និស្សិត​ចក្រភព​អង់គ្លេស ដោយ​ចាត់ទុក​វា​ជា​ឱកាស​ដើម្បី​ស្វែងយល់​អំពី​វប្បធម៌ និង​បទពិសោធន៍​អប់រំ​ថ្មី​។​

ស្រីផល បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​ខ្ញុំ​អាច​ទាក់ទង​ជាមួយ​និស្សិត​ចក្រភព​អង់គ្លេស និង​រៀន​ពី​ពួក​គេ​។ កម្មវិធី​​នេះ​ប្លែក​។ ខ្ញុំ​មាន​អារម្មណ៍​ភ័យព្រួយខ្លះដែរ ​ព្រោះ​វា​ជា​បទពិសោធន៍​ថ្មី ប៉ុន្តែ​ខ្ញុំ​ទន្ទឹងរង់ចាំ​វា​។ ការចែក​រំលែក​ជីវិត​របស់​យើង និង​ការស្វែងយល់​អំពី​ប្រទេស និង​វប្បធម៌​មួយ​ផ្សេង​ទៀត​​ ក៏​នឹងមាន​ការចាប់អារម្មណ៍​»​។​

​ម្យ៉ាងវិញទៀត Sophie Graydon ជា​និស្សិត​ឧក្រិដ្ឋកម្ម​វិទ្យា​អាយុ ២០​ឆ្នាំ​នៅ​សាកលវិទ្យា​ល័យ Solent បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​ការណែនាំ​ជា​មធ្យោបាយ​មួយ​ក្នុង​ការគាំទ្រ និង​ទំនាក់​ទំនង​ជាមួយ​ក្មេងស្រី​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​។​

​យុវតី​រូប​នេះ បាន​​និយាយថា​៖ «​ការ​មានឱកាស​អាច​ស្តាប់​បទពិសោធន៍​របស់​ក្មេងស្រី​ទាំងនេះ និង​គាំទ្រ​ពួកគេ ការចែករំលែក​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ​​​ ដើម្បី​សង្ឃឹមថា ​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ពួកគេ​​​​​។​​ សម្រាប់​ខ្ញុំ ការ​បង្ហាត់បង្រៀន​មាន​សារៈសំខាន់ ព្រោះ​វា​ជា​វិធី​មួយ​ដើម្បី​ផ្តល់​ការ​តបស្នង និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្មេងស្រី ដែល​ខ្ញុំ​មិនមាន​ឱកាស​បាន​ជួប​ពី​មុនមក​»។​

​កម្មវិធី​ណែនាំ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់ CCF និង​សកល​វិទ្យាល័យ Solent ដើម្បីផ្ដល់​អាទិភាព​ការអប់រំ STEM សម្រាប់​ក្មេងស្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម និង​ការផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ស្រមៃ​មើល​អនាគត​ដែល​ពោរពេញ​ទៅ​ដោយ​លទ្ធភាព​គ្មាន​ទីបញ្ចប់​។​

​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​មកនេះ មូលនិធិ​កុមារ​កម្ពុជា (CCF) គឺជា​សសរស្តម្ភ​នៅក្នុង​សហគមន៍​ស្ទឹងមានជ័យ ដោយ​ផ្តល់​ការគាំទ្រ និង​សេវាកម្ម​សំខាន់ៗ​។​

​ការងារ​របស់​ពួកគេ​បានធ្វើឱ្យ​ប្រសើរឡើង​យ៉ាងខ្លាំង​នូវ​ជីវិត​របស់​គ្រួសារ និង​កុមារ​រាប់មិនអស់ ដោយ​ជួយ​ពួកគេ​ឱ្យ​ដឹកនាំ​ជីវិត​កាន់តែ​ប្រសើរឡើង​។​

​បច្ចុប្បន្ន កម្មវិធី​នេះ​គាំទ្រ​កុមារ​ប្រមាណ ១៨០០ នាក់ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​រហូតដល់​សាកលវិទ្យាល័យ​។ លើសពី​នេះ CCF ផ្តល់នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ ដំណើរ​ការ​គំនិត​ផ្តួចផ្តើម​ផ្សព្វ​ផ្សាយ​សហគមន៍ និង​ផ្តល់​ការគាំទ្រ​ផ្នែក​លំនៅឋាន​៕