ភ្នំពេញៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា ការ​វិនិ​យោគ​របស់​អូស្ត្រា​លី​នៅ​កម្ពុជា​ មិន​គ្រាន់​តែ​ជា​ការ​សម្រេច​ចិត្ត​ខាង​យុទ្ធ​សាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែ​ជាការ​វិនិយោគ​ដើម្បី​ការ​រីក​ចម្រើន​រួម​គ្នា​រវាង​ប្រទេស​ទាំង​២ទៅ​ថ្ងៃ​អនា​គត​។


​ជា​មួយ​គ្នានេះ​​លោក​បញ្ជាក់​ថា ​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​អំណោយ​ផល​លើ​ការវិនិ​យោគ​រយៈ​ពេល​វែង​ស្រប​ពេល​រដ្ឋាភិ​បាល​កំ​ពុង​ជំរុញ​លទ្ធ​ភាព​ចូល​ទីផ្សារ​ក្នុង​ស្រុក​និង​អន្តរ​ជាតិតាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី​។​

​ការ​លើក​ឡើ​ង​របស់​ប្រមុខ​រដ្ឋាភិ​បាល​​កម្ពុ​ជា​ដូច​នេះ​ធ្វើឡើ​ង​តា​មរ​យៈ​សុន្ទរ​កថា​នៅក្នុង​វេទិកា​ធុ​រកិច្ច​កម្ពុជា​-​អូ​ស្ត្រា​លី ដែល​រៀប​ចំ​ដោយ​សភា​ពាណិជ្ជ​កម្ម​កម្ពុ​ជា​និង​សភា​ពាណិជ្ជ​កម្ម​និង​ឧស្សា​ហ​កម្ម​វិ​ទ័​រ​រៀនៅ​ថ្ងៃទី​៥​ ខែមីនា​ ឆ្នាំ​២០២៤ ​នៅទី​ក្រុង​មែល​ប៊​ន ប្រទេស​អូ​ស្ត្រាលី​។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​លោក​ហ៊ុន​ ម៉ា​ណែតនៅ​ថ្ងៃទី​​៧ ​ខែ​មីនា ឆ្នាំ​២០២៤​។​


​លោក​ ហ៊ុន​ ម៉ា​ណែត​ លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​៣​ទស​វត្សរ៍​ចុង​ក្រោយ​នេះ​ អូស្ត្រា​លី​តែង​តែ​ជា​ដៃគូ​វិនិ​យោគ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ​តួ​យ៉ាង ​សេវា​កម្ម​អប់រំ​ អាហារ​ និង​ភេ​សជ្ជៈ ​សេវា​កម្ម​ហិរញ្ញវ​ត្ថុ ការ​រុក​រក​រ៉ែ និង​ធន​ធាន​ប​ដិ​សណ្ឋារ​កិច្ច ​និង​ផ្នែក​សម្លៀក​បំពាក់​ជា​ដើម​។​

​លោក​បន្ត​ថា​ ការរី​កច​ម្រើន​ផ្នែក​សេដ្ឋ​កិច្ច​របស់​កម្ពុជា​រួមជា​មួយ​ទីតាំង​ភូមិ​សាស្ត្រ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​អាជី​វកម្ម​ និង​អ្នក​វិនិយោ​គ​អូ​ស្ត្រាលី​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត​ បញ្ជាក់​ថា​៖​​«​ការវិ​និយោគ​របស់​អូស្ត្រាលី ​ក៏បាន​រួម​ចំណែក​បង្កើត​ការ​ងារ ​និង​ការរី​កចម្រើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​។ បន្ត​ទៅ​មុខការវិ​និយោ​គ​របស់​អូស្ត្រា​លី​នៅ​កម្ពុជា​នឹង​កាន់​តែមា​ន​សារៈ​សំខាន់​ថែម​ទៀត​លើ​វិស័យ​ជា​ច្រើន​ដូច​ជា ​កសិ​កម្ម ​និង​ឧស្សាហ​កម្ម​ កា​រអប់រំ​ សេដ្ឋ​កិច្ច​ ឌីជីថ​ល ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ថាម​ពល​ពណ៌​បៃ​តង​»​។​

​លោក​បានបន្ត​ថា​ រដ្ឋាភិ​បាល​កម្ពុជា​ជឿ​ជាក់​លើ​វិស័យ​ឯកជន ​​ដែល​នឹង​នាំឱ្យមា​ន​ការរីក​ចម្រើន​ដល់​សង្គម​ និង​សេដ្ឋ​កិច្ច ហើយ​រដ្ឋាភិ​បាល​ក៏​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​បរិស្ថាន​​អំណោយ​ផល​ដល់​ការវិនិយោ​គ និ​ង​ការ​ប្រកប​អាជីវ​កម្ម​នានា​ផង​ដែរ​ រួមមាន​ ប្រត្យ​ក្ស​ច្បាស់លា​ស់​ក្នុង​ច្បាប់​ថ្មី​ស្តីពី​​ពន្ធ​ដារ ​ជំរុញ​ត​ម្លាភាព​ រចនាស​ម្ព័ន្ធ​ពន្ធ​ទាក់​ទាញ និង​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិ​យោគ​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត​។​

​នាយក​រ​ដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា កម្ពុ​ជាមាន​លក្ខខណ្ឌ​អំណោយ​ផល​លើ​ការ​វិនិ​យោគ​រយៈ​ពេល​វែងស្រប​ពេល​រដ្ឋាភិបា​ល​កំ​ពុង​ជំរុញ​លទ្ធភា​ព​ចូល​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរ​ជាតិ ​តាមរ​យៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទាំង​ទ្វេ​ភាគី ​និង​ពហុ​ភាគី​។​រដ្ឋាភិ​បាល​ក៏​កំពុង​វិនិ​យោគ​លើ​ប្រព័ន្ធ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ធំៗ ​ដូចជា​ ផ្លូវ​ កំព​ង់ផែ​សមុទ្រ​ទឹក​ជ្រៅ ​អាកាស​យានដ្ឋា​ន​អន្តរ​ជាតិ ​មណ្ឌល​ឡូ​ជី​ស្ទិក ​និង​ច្រករ​បៀង​សំខាន់​ៗជា​មួយ​ការ​បណ្តុះ​បណ្តាល​ធនធា​ន​មនុស្ស​លើ​ជំនាញ​វិជ្ជា​ជីវៈ​ដល់​យុវ​ជន​ខ្លួន​ជាង១,៥​លាន​នាក់​ ដោ​យ​ឥត​គិត​ថ្លៃ​រយៈ​ពេល៥​ឆ្នាំ ក្នុង​អាណ​ត្តិ​ទី​៧ នេះ​​។​

​តាម​រយៈ​សន្និ​សីទកា​សែត​បង្ហាញ​លទ្ធផ​ល​នៃ​ដំណើរ​ទស្សនកិ​ច្ច​របស់​លោក ​ហ៊ុន ​ម៉ា​ណែ​ត នៅ​អូស្ត្រាលី​នេះ ​នា​យប់​ថ្ងៃទី​​៦ ខែមីនា​ លោ​ក​ សូ ​ណា​រ៉ូ រដ្ឋម​ន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ានបាន​ថ្លែង​ថា អូស្ត្រាលី​មាន​ចក្ខុ​វិស័យ​លើ​ការ​វិនិ​យោគ​ក្នុង​តំបន់​អាស៊ា​ន​ជា​មួយ​ទំហំ​ទឹក​ប្រាក់​ប្រមាណ២​ពាន់​លាន​ដុល្លារអូ​ស្ត្រាលី​ ដើម្បី​ជំរុញ​ពាណិ​ជ្ជ​កម្ម ​និង​វិនិ​យោគ​ទុកលើ​វិស័យ​ចំនួន​៤ ​គឺធុរ​កិច្ច ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ស​ង្គម​ស៊ី​វិល ​និង​រដ្ឋាភិ​បាល​។​

​លោក​បាន​បន្ត​ថា​៖«​ប្រេសិត​ពិសេស​​របស់​អូស្ត្រា​លី ​បង្ហាញ​គម្រោង​វិនិយោគ​យុទ្ធ​សាស្ត្រ​សេដ្ឋ​កិច្ច​របស់​អូស្ត្រា​លី​សម្រាប់​តំបន់​អាស៊ី​អា​គ្នេយ៍​ដល់​ឆ្នាំ​២០៤០ ​ដោយ​មាន៤​ ចំណុច ​គឺ ទី​១​- ការប​ង្កើន​ទៅ​លើ​ការ​យក​ចិត្តទុកដា​ក់​ចំពោះ​ការខ្វះ​ខាត​ចំណេះដឹ​ង​ទីផ្សារ​ ទី​២-ការ​រំលាយ​របាំង​បញ្ហា​ពន្ធ ​និង​មិន​មែន​ពន្ធ​គ​យ ទី​៣- ការ​កសា​ង​សមត្ថ​ភាព និង​ទី​៤ -ការ​វិនិ​យោគ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​លើ​វិបុល​ភាព​»​។​

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃទី​៧ ​ខែមីនា ​អំពី​ដំណើរ​ទស្សនកិ​ច្ច​នេះដែ​របាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​មេដឹក​នាំ​កម្ពុជា ​និង​អូស្ត្រាលី​ ​​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ និង​ការវិនិយោ​គ​រវាង​ប្រទេស​ទាំង​២ ​ខណៈ​ភាគី​ទាំង​២ បាន​ចុះ​កិច្ចព្រ​មព្រៀ​ង​លើ​សេវា​កម្ម​ដឹកជ​ញ្ជូន​តាមផ្លូវ​អា​កាស​នឹង​គ្នា​។​

​បើតា​ម​សេចក្តី​ប្រកាស​ដដែល​នេះ ​នាយក​រដ្ឋម​ន្ត្រី​អូស្ត្រាលី​បាន​ថ្លែង​ថា ​កម្ពុជា​និង​អូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​នឹង​គ្នា​លើ​ផលិត​ភាព​កសិកម្ម​ជា​ពិសេស​ដែល​ខ្លួន​មាន​បទ​ពិសោធន៍​ច្រើន​ដោយ​មាន​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ ហើយ​កម្ពុជា​វិញ​មាន​កាលា​នុវ​ត្តភាព​លើ​វិស័យ​ទេស​ចរណ៍​។​

ក្នុង​នោះដែ​រ ​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ក៏​ស្នើឱ្យ​​ប្រទេស​ទាំង​២ តាម​រយៈ​ស្ថា​ប័ន​សាក​លវិ​ទ្យាល័យ​​សហ​ការ​គ្នា​ស្រាវ​ជ្រាវ​ និង​អភិវ​ឌ្ឍន៍​កសិកម្ម​ និង​វិ​ទ្យា​សាស្ត្រ​ និ​ង​ជំរុញ​កិច្ចស​ហប្រ​តិប​​ត្តិការ​លើ​ផ្នែក​អប់រំ និ​ង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​។

​ពាក់​ព័ន្ធ​រឿង​នេះ លោក​ គី សេរី​វឌ្ឍន៍ អ្នកជំ​នាញ​​ផ្នែក​សេដ្ឋកិ​ច្ច​នៃ​រាជប​ណ្ឌិត្យ​ស​ភា​កម្ពុជាបាន​ឯកភាព​ចំពោះ​មតិ​លើកឡើង​​​របស់​លោក​ហ៊ុ​ន ម៉ា​ណែ​ត ដោយ​លោក​បន្ថែមថា ​កា​លណា​ក្រុ​មហ៊ុន​វិនិយោគ​នានា​មក​បណ្តាក់​ទុក​​រកស៊ី​នៅ​កម្ពុជា​ប្រាកដ​ជា​ទទួល​បាន​ផលចំ​ណេញ​ពី​អាជីវ​កម្ម​នៅ​កម្ពុជា​ ហើយ​កម្ពុជា​វិញ​អាច​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ ​បង្កើន​ប្រាក់ចំ​ណូល​ដល់​ពលរ​ដ្ឋ បង្កើ​ន​ការ​នាំ​ចេញ​របស់​ខ្លួន​។​​

​លោក​បានបន្ដ​ថា អូ​ស្ត្រាលី​​មាន​សក្តា​នុព​ល​ខ្លាំ​ង​លើ​វិស័យ​កសិកម្ម​ដែល​អា​ចធ្វើ​កា​រវិនិយោគ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបា​ល​កំពុ​ង​ដាក់​ទិសដៅ​​យក​វិស័យ​កសិក​ម្ម​ជា​អាទិ​ភាព​ដែល​អាច​ជួយ​ជំរុញ​ការវិនិ​យោគ​ កែច្នៃ​ ផ្នែ​ក​កសិ​កម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​​ប្រសើរឡើ​ង ហើ​យ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិ​ច្ចក​ម្ពុជា​​បាន​។​

​ត្រង់​ចំ​ណុច​​នេះ លោក​ប​ន្ថែមថា​៖«​អូស្ត្រាលី​​ អា​ច​ផ្តល់​ការវិនិ​យោគ​និង​បច្ចេក​វិទ្យា​ដល់​កម្ពុជា​នៅ​ក្នុង​វិស័យ​កសិកម្ម​ និង​ការកែ​ច្នៃ​ផលិត​ផល​កសិក​ម្ម​ ឬ​​កសិឧស្សា​ហកម្ម​សម្រាប់​កម្ពុជា​។កម្ពុជា​វិ​ញត្រូ​វ​ផ្តល់​ទីតាំង ស​ម្រួ​លកា​រ​រៀបចំ​ដី​កសិក​ម្ម​ស​ម្រាប់​​អូស្ត្រាលីដើម្បី​ពួ​កគាត់​មានល​ទ្ធ​ភា​ព ​មាន​ដី​​ទ្រង់ទ្រា​យ​ធំក្នុង​ការ​ប្រក​បកា​រ​ងា​រ​​ក​សិ​កម្ម និង​ជួយ​បើក​ផ្លូវ​ដល់​កា​រនាំ​ចេ​ញ​​ផង​​»​។​

​គួរ​បញ្ជាក់​ផងដែរ​ថា កម្ពុ​ជា​ និង​អូស្ត្រាលី​​ បាន​ចុះ​អនុស្សរណៈ​​​យោគ​យល់​គ្នា ​(MoU) នឹង​គ្នា​លើ​ឯកសា​រ​ចំនួ​ន​​ ២​ អំឡុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​អូ​ស្ត្រាលី​ នេះ​។ ទី​១ MoU រ​វាង​សភា​ពាណិ​ជ្ជក​ម្ម​កម្ពុជា និង​សភា​ពា​ណិជ្ជក​ម្ម​ និង​ឧ​ស្សា​ហ​កម្ម​វិ​ទ័​រ​រៀ ក្នុ​ងកា​រ​ចូល​រួម​ជំរុញ​កិច្ចសហប្រ​តិបត្តិ​ការ​ពា​ណិ​ជ្ជ​កម្ម វិ​និយោ​គ និង​សេដ្ឋ​កិច្ច​រវាង​កម្ពុជា ​និង​អូស្ត្រា​លី។​ ទី​២ ​MOU រវាង​សមា​គម​វិនិ​យោគិ​ន នវានុវ​ត្តន៍​ និង​អភិវ​ឌ្ឍន៍​ ជាមួយ​​ក្រុមហ៊ុ​ន La Vie Hospitality Group ក្នុង​ចូលរួ​ម​ទាក់​ទាញ​ការវិនិយោគ​​​លើ​វិស័​យ​ទេសច​រណ៍​។​

គួរ​ជម្រាប​ជូន​ថា​ អូស្ត្រា​លី ជា​​ដៃគូ​ពាណិជ្ជក​ម្ម​ធំ​លំដាប់​​ទី​១៧ រ​បស់​កម្ពុជា ក្នុង​រយៈ​ពេល​៨​ខែ ចាប់​ពី​ខែម​ករា​ ដល់​ខែ​សីហា ​ឆ្នាំ​២០២៣ ​កម្ពុជា​និង​អូស្ត្រា​លី​សម្រេច​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភា​គី​រង្វង់​៣៣៦,​២១​លាន​ដុល្លារ ​ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​អូស្ត្រា​លី​ក្នុង​ទំហំ២៣៦,​៩២​លាន​ដុល្លារ​ឯ​អូស្ត្រាលី​វិញ​នាំ​ចូល​មក​កម្ពុជា​ក្នុង​ទំហំ​៩៩,២៩​លាន​ដុល្លារ​។ នេះ​បើ​យោងតា​ម​ទិន្នន័​យ​ដោយ​អគ្គនា​យក​ដ្ឋាន​​គយ​ និង​រដ្ឋា​ករ​​កម្ពុជា (GDCE)៕