ភ្នំពេញៈ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊នពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦ រូប ដែលជំនួបទាំងនេះផ្តោតលើការបន្តពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការក៏ដូចជាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងដំណើរទៅក្រៅប្រទេសលើកនេះលោក ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបពិភាក្សាទ្វេភាគីជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី លោកLee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី លោកAnthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកChristopher LuxonSutass នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃកិច្ចប្រជុំចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្នុងជំនួបនៅថ្ងៃទី ៤ ខែមីនា រវាងកម្ពុជា និងហ្វីលីពីនភាគីទាំង ២ បានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ ២០២៤ ដើម្បីពិភាក្សារិះរកមធ្យោបាយជំរុញសម្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗទៀត។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំង ២ បានឯកភាពគ្នាបង្កើនពាណិជ្ជកម្មទ្វេភាគី ពិសេសការទិញ-លក់អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតព្រមទាំងលើកទឹកចិត្តឱ្យស្ថាប័នរដ្ឋ និងផ្នែកឯកជនសហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំង ២»។
ក្នុងឱកាសនេះដែរ ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា នឹងជំរុញឱ្យបានឆាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែលនឹងជួយជំរុញដល់ការផ្លាស់ប្ដូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំង ២។
នៅក្នុងជំនួបរវាងកម្ពុជា និងឥណ្ឌូនេស៊ីវិញភាគីទាំង ២ បានឯកភាពគា្នលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជំរុញឱ្យបានឆាប់នូវការចុះហត្ថលេខាលើអនុស្សរណៈស្តីពីការពង្រីកពាណិជ្ជកម្មអង្ករ។ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានឯកភាពជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីសារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាសដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំង ២។
ចំណែកជំនួបរវាងកម្ពុជា និងសិង្ហបុរី បានគ្របដណ្ដប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ ដោយថ្នាក់ដឹកនាំទាំង ២ បានឯកភាពជំរុញគម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ។ ប្រភពដដែលបានបញ្ជាក់ថា ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជានាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជាក្នុងការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីវិញ នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង ២ ធ្វើការជាមួយគ្នាកាន់តែសកម្មដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនៃប្រទេសទាំង ២ សហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកកសិកម្ម និងវិទ្យាសាស្ត្រព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។
ចំពោះជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ឯណោះវិញ លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំង ២។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា៖ «ឯកឧត្តម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី»។
ដោយឡែកនៅថ្ងៃទី ៦ ខែមីនា លោកហ៊ុន ម៉ាណែត ក៏បានឆ្លៀតពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងវៀតណាម។ នាយករដ្ឋមន្ត្រីទាំង ២ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ញឹកញាប់រវាងប្រទេសទាំង ២ ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតល្មួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏ដូចជាក្របខ័ណ្ឌបក្ស។
ក្នុងគោលដៅជំរុញសម្ទុះទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំង ២ បានឯកភាពគ្នាអំពីការចាំបាច់ត្រូវលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលានដុល្លារអាមេរិកក្នុងអនាគតដ៏ខ្លី។ ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំង ២ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និងបន្តខិតខំសម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀតដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។
ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំង ២ បានឯកភាពជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមប្រទេស ៣ គោលដៅតែ ១ ដែលជារូបមន្តកិច្ចសហប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ជារួមចំពោះលទ្ធផលដ៏ល្អនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីដែលបានផ្តល់ផលប្រយោជន៍ធំធេងសម្រាប់កម្ពុជានិយាយដោយឡែក និងអាស៊ាន និយាយជារួម។
លោកបន្តថា ដោយឡែកពាក់ព័ន្ធជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសទាំង ៦ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតទៅលើយន្តការពហុភាគីដែលមានស្រាប់ខណៈរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗស្របតាមគោលនយោបាយធ្វើពិពិធកម្មការទូតរបស់កម្ពុជា។លោកថ្លែងថា៖«ខ្ញុំគិតថា ទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសទាំង ៦ នេះ គឺនឹងត្រូវបានលើកកម្ពស់ ត្រូវបានពង្រឹង និងពង្រីកកិច្ចសហការ ដែលជំនួបនេះពិតជាផ្តល់ផលប្រយោជន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងទិដ្ឋភាពនយោបាយ និងការទូត»។
បើតាមសេចក្តីប្រកាសដដែលបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង ៦ រូបខាងលើអំពីការបង្កើនកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការពហុភាគី៕