ភ្នំពេញៈ ក្រសួងមហាផ្ទៃ ព្រមានជាថ្មីហាមយកផ្លាកលេខនគរបាលជាតិ (ន.ប) ទៅបំពាក់យានយន្តផ្សេងទៀត និងហាមយកយានយន្តដែលបំពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ការណែនាំរបស់ក្រសួងមហាផ្ទៃនេះធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ គេសង្កេតឃើញមានបុគ្គលមួយចំនួនតូច បានប្រើប្រាស់ដោយខុសលក្ខខណ្ឌកំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្របដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ។
សេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស សុខា ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ បានសង្កត់ធ្ងន់ថា ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃធ្វើការណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំងស្នងការដ្ឋានរាជធានី ខេត្ត នូវវិធានការមួយចំនួន។
សេចក្តីណែនាំបញ្ជាក់ថា៖ «ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ នូវយានយន្តប្រើផ្លាកលេខ នគរបាលជាតិក្នុងអង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់»។
បើតាមសេចក្តីណែនាំនេះ ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ រួមមាន ហាមយកផ្លាកលេខពីយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត ហាមយកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជនមិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ។
ប្រភពដដែលបន្តថា៖ «ហាមយកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់និងហាមយកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកម្សាន្ត ទីតាំង ខារ៉ាអូខេឬគោលដៅមិនសមស្របផ្សេងទៀត»។
សេចក្តីណែនាំសង្កត់ទៀតថា ហាមយកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ និងហាមប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់យានយន្ត។ បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកម្សាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះករណីខុសឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថា ពាក់ព័ន្ធការប្រើប្រាស់ផ្លាកលេខ ន.ប និងយានយន្តខុសគោលការណ៍ទាំងនេះមានយូរមកហើយ ដែលទាមទារឱ្យអាជ្ញាធររដ្ឋមានសមត្ថកិច្ចដាក់ចេញនូវវិធានការតឹងរ៉ឹង និងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះរឿងផ្លាកលេខនគរបាលជាតិ និងយានយន្តនៅតែជាបញ្ហាប្រឈមដដែល។ រឿងដែលសំខាន់អាជ្ញាធររដ្ឋមានសមត្ថកិច្ចទាល់តែបង្ហាញនូវវិធានការទូលំទូលាយ ក្នុងការចាត់វិធានការលើបញ្ហានេះឱ្យមានប្រសិទ្ធភាព ទើបជាការប្រសើរ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ បើពុំនោះទេពលរដ្ឋនៅតែរិះគន់»។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈថ្មីៗនេះ ឧបនាយករដ្ឋមន្ដ្រី លោក ស សុខា បានដាស់តឿនមន្ត្រីក្រោមឱវាទ និងណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាជធានី ខេត្ត ពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់យានយន្តផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់បានកំណត់។
លោកថ្លែងថា៖ «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ ន.ប របស់យើងខុសរឿង។ រថយន្តដែលពាក់ផ្លាកលេខ ន.ប នេះគឺមិនអាចឱ្យទៅអ្នកផ្សេងខ្ចីយកទៅប្រើប្រាស់ខុសគោលការណ៍នោះទេ គឺសុំឱ្យប្រើប្រាស់ឱ្យចំមុខ និងចំជំនាញ»៕