ក្រុម​អ្នក​អភិរក្ស​សត្វផ្សោត​ទន្លេមេគង្គ​បង្ហាញ​ក្ដីរីករាយ​នៅ​ពេល​ដែល​កូន​ផ្សោត​មួយ​ក្បាល​ ដែល​ជា​កូន​ផ្សោត​ទី៧ ត្រូវបាន​ប្រទះឃើញ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វផ្សោត​អន្លង់កាំពី ក្នុងខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃទី​២២ ខែមេសា​នេះ។


ក្រសួង​កសិកកម្ម​ រុក្ខាប្រមាញ់ និង នេសាទ ដែល​មាន​រដ្ឋបាល​ជលផល​ជាស្ថាប័ន​ពាក់​ព័ន្ធ​ផ្ទាល់​នៅ​ក្នុង​ការ​អភិរក្ស​សត្វ​កម្រ​នេះ បាន​បង្ហោះ​រូប​កូនផ្សោត​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី២២ ដែល​បង្ហាញ​រូប​កូនផ្សោត​មួយ​ក្បាល​កំពុង​ហែល​ជាមួយ​ផ្សោត​ធំ ៣ ​ផ្សេង​ទៀត​ នៅក្នុង​ភូមិ​ជ្រោយ​បន្ទាយ ឃុំជ្រោយ​បន្ទាយ​ ស្រុកព្រែក​ប្រសព្វ។ កូនផ្សោត​នេះ​ត្រូវ​បានប្រទះឃើញ ដោយ​​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រដ្ឋបាល​ជល​ផល​និង​អង្គការ WWF។

ក្រសួង​កសិកម្ម​បញ្ជាក់ថា៖ «រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បង​ប្អូន​ឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន​ និង​ប្រជា​ពលរដ្ឋ ដែល​បាន​ចូល​រួម​ថែ​រក្សា​និង​ការ​ពារ​ធន​ធាន​ជល​ផល​ដ៏​មាន​តម្លៃ»។

ក្រសួង​ក៏បាន​​អំពាវនាវ​ឲ្យ​សាធារណជន ជាពិសេស​ប្រជានេសាទ ឲ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់​ព័ន្ធប្រសិន​បើ​ពួក​គេ​ប្រទះ​ឃើញ​សត្វ​ដ៏កម្រ​នេះ​ ជាពិសេស​នៅ​ក្រៅ​តំបន់​ការពារ។

ការ​ប្រទះឃើញ​កូនផ្សោត​ថ្មីនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​កំណើត​កូនផ្សោត​នៅ​ឆ្នាំ​នេះដែល​ត្រឹម​តែជាង​៤ខែប៉ុណ្ណោះ ចំនួនកូនផ្សោត​មាន​​ជិត​​ស្មើ​នឹង​ចំនួន​សរុប​​ ៨ ដែល​បាន​កត់ត្រា​កាល​ពី​ឆ្នាំ​​២០២៣។ 


អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្លាប់​បាន​លើក​ឡើង​ថា ការកើនឡើង​នៃ​​ចំនួន​សត្វ​ផ្សោត​ដែល​ជា​រតនសម្បត្តិ​របស់​ជាតិ​នេះ បង្ហាញពី​ជោគ​ជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងកិច្ច​ការពារ​ និង​ការ​អភិរក្ស​សត្វ​ដែល​ស្ថិត​នៅក្នុង​បញ្ចី​ក្រហម​​របស់​អង្គការ IUCN​ មួយ​នេះ។

យោង​តាម WWF បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សត្វ​ផ្សោត​​ប្រមាណ ៩០ ក្បាល​ដែល​រស់​នៅ​តាមដងទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង៕