វត្ថុបុរាណ​កម្ពុជា​ចំនួន​ ២៧​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ២.៤​លាន​ដុល្លារ​នឹង​មក​ដល់​កម្ពុជា​នាពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ពិធី​ប្រគល់​និង​ទទួល​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី១៩ ខែ​មេសា​នេះ។


ពិធី​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុបុរាណ​ទាំង ២៧​នេះ ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក លោក ម៉ៅ ទិត្យារុណ ភារធារី​ស្តីទី​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​លោក សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា។ នេះបើ​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ។

លោក Ivan J. Arvelo ភ្នាក់ពិសេស​នៃ​​ទីភ្នាក់ងារ​ស៊ើបអង្កេត​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​អស់រយៈ​ពេល​ជាច្រើនឆ្នាំ​មក​ហើយ​ដែល​វត្ថុបុរាណ​ទាំង​ ២៧​​​នេះ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​និង​ធ្នើរ​របស់​មនុស្ស​និង​ស្ថាប័ន​ខ្លះ​ដែល​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​ក្រៅ​តែ​ពី​តម្លៃ​ដាក់​លក់​វត្ថុបុរាណ​ទាំង​នេះ។

លោក​ថ្លែង​ថា៖ «តាមរយៈ​ការ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​សម្បត្តិ​វប្បធម៌​ សិល្បៈ និង​ វត្ថុបុរាណ​ នៃ​ទីភ្នាក់​ងារ​ស៊ើប​អង្កេត​សន្តិសុខ​មាតុភូមិ​ក្នុង​ទីក្រុង​ញូវយ៉ក និង​ការិយាល័យ​ព្រះរាជ​អាជ្ញារ​ទីក្រុង​ Manhattan ថ្ងៃនេះយើង​អាច​កែ​តម្រូវ​​កំហុស​ដែល​ក្រុម​ឈ្មួញ​វត្ថុបុរាណ​បាន​ធ្វើ»។

លោក Andy Brouwer អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​និង​សិល្បៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុងចំណោម​វត្ថុ​បុរាណ​ទាំង​នោះក៏​មាន​ចម្លាក់​​ហរិហរៈ​មាន​អាយុកាល​តាំង​ពី​សតវត្សរ៍​ទី៧ ផងដែរ ដែល​ត្រូវ​បាន​រឹបអូស​ពីអ្នក​ជួញដូរ​វត្ថុបុរាណ​ឈ្មោះ Subhash Kapoor។ 


លោក Brouwer និយាយ​ថា វត្ថុបុរាណ​ខ្មែរ​ត្រូវ​បាន​ចោរ​លួច​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ចន្លោះ​ពី​​ទសវត្សរ៍​ឆ្នាំ១៩៥០ ដល់​ទសវត្សរ៍​​ឆ្នាំ២០០០។ បច្ចុប្បន្ន​នេះ​ ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​លក់​វត្ថុ​សិល្បៈ​នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​អាស៊ី។

បើតាម​លោក Brouwer វត្ថុបុរាណ​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់ សូម្បី​រូប​ចម្លាក់​ធ្វើ​ពីថ្ម​មួយ​ក៏​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​២​លាន​ដុល្លារដែរ។ បច្ចុប្បន្ន​នេះ សារមន្ទីរ​ជា​ច្រើន​កំពុង​ស្រាវជ្រាវ និង​វាយ​តម្លៃ​​ទៅ​លើ​ប្រវត្តិ​នៃ​វត្ថុ​បុរាណ​នីមួយៗ​ដើម្បី​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ដូចជា​នៅ​សារមន្ទីរ Metropolitan ក្នុង​ទីក្រុង​ញូវយ៉ក និង​នៅ​សារមន្ទីរ Denver Art ក្នុង​រដ្ឋ​ខូឡូរ៉ាដូ សហរដ្ឋ​អាមេរិក​ជាដើម។

តាម​ការ​ស្រាវជ្រាវ​របស់​លោក សារមន្ទីរ​ជាង​១០០​នៅ​លើ​ពិភពលោក​កំពុង​មាន​វត្តមាន​វត្ថុបុរាណ​ខ្មែរ​នៅក្នុង​​សមុច្ច័យ​របស់​ពួក​គេ។​ យ៉ាងណា​ក៏ដោយ លោក​ថា វត្ថុបុរាណ​សម័យ​អង្គរ​ជាច្រើន​ទៀត​ត្រូវ​បាន​លាក់​បំពួនជា​លក្ខណៈ​ឯកជន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ការ​បញ្ចូន​វត្ថុ​បុរាណ​ខ្មែរ​ត្រឡប់​មកវិញ​នា​ពេល​ថ្មីៗ​នេះ​ពី​សហរដ្ឋ​អាមេរិកនិង​ចក្រភព​អង់គ្លេស​អាច​ប្រាប់​យើង​បាន​​ថាតើ​យើង​អាច​​ទៅ​រក​របស់​ទាំង​នេះ​ឃើញ​នៅ​ទីណា។ ការ​ដាក់​លក់​ដេញ​ថ្លៃ​ជា​សាធារណៈ​នូវ​វត្ថុ​បុរាណ​ខ្មែរ​នៅ​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ។​ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា វត្ថុ​សិល្បៈ​ខ្លះ​គ្រាន់តែ​ជា​ការ​របស់​ចម្លង​ប៉ុណ្ណោះ»។

បើ​តាម​លោក Brouwer ដោយ​សារ​តែការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​អន្តរជាតិ​ផ្សេងៗ ទើប​មាន​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំង​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

លោក​និយាយថា៖ «កិច្ចប្រឹងប្រែង​មិន​ងាក់រេ​របស់​កម្ពុជា​​និង​ជោគជ័យ​ជា​ច្រើន​គឺ​ជា​ឧទាហរណ៍​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ដែល​ព្យាយាម​បញ្ជូន​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​ត្រូវឡប់​ទៅ​ប្រទេស​ពួកគេ​វិញ»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​កម្ពុជា លោក​ថា​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ស្ដារ​ឡើង​វិញ​​នូវ​អ្វីដែល​បាន​បាត់បង់​ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត​ ហើយ​លោក​មើល​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​កិច្ចការ​នេះ៕