ភ្នំពេញ៖ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន (HPV) ត្រូវបានធ្វើឡើងទូទាំងប្រទេស កុមារីអាយុ ៩ ឆ្នាំស្ទើរតែទាំងអស់បានទទួលវ៉ាក់សាំងនេះ។
អ្នកស្រី ផេន លីណា ជាម្តាយមានកូនបីនាក់ ហាក់មិនសូវចាប់អារម្មណ៍ក្នុងការនាំយកកូនស្រី ដែលបច្ចុប្បន្នមានអាយុ ១២ ឆ្នាំ ទៅចាក់វ៉ាសាំង (HPV)។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនប្រាកដទេថាពេលណាខ្ញុំនឹងយកគាត់ទៅចាក់វ៉ាក់សាំង ប៉ុន្តែខ្ញុំនឹងនាំគាត់ទៅ ដោយគ្រាន់តែរង់ចាំខ្ញុំមានពេលសិន»។
ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់នៃវ៉ាក់សាំងការពារមហារីកមាត់ស្បូន HPV មិនអាចមើលរំលងបានឡើយ ជាពិសេសនៅក្នុងប្រទេសមួយ ដូចជា កម្ពុជា ដែលជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទីពីរ និងជាមច្ចុរាជលាក់មុខទីបីក្នុងការសម្លាប់ស្ត្រី។
យោងតាម GLOBOCAN ប្រទេសកម្ពុជាឃើញមានករណីមហារីកថ្មីប្រហែល ១៨០០០ ករណីក្នុងមួយឆ្នាំ ហើយនឹងកើនឡើងដល់ជិត ៣២០០០ នាក់នៅឆ្នាំ ២០៤០។ ស្ត្រីជាទូទៅជួបប្រទះនូវជំងឺមហារីកសុដន់ ១៩,១ ភាគរយមហារីកមាត់ស្បូន ១១,៥ ភាគរយ និងមហារីកថ្លើម ១០,៨ ភាគរយ។
នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង HPV កុមារីអាយុប្រាំបួនឆ្នាំ ៩៩ ភាគរយ ទទួលបានវ៉ាក់សាំង HPV នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខភាពកម្ពុជា (HMIS) បានចេញផ្សាយ។
ក្នុងពិធីសម្ពោធការចាក់វ៉ាក់សាំង HPV ថ្នាក់ជាតិ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំងឺមហារីកមាត់ស្បូន ដែលជាកង្វល់ផ្នែកសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។
លោកបានគូសបញ្ជាក់ពីការជំរុញរួមគ្នាក្នុងការលុបបំបាត់ជំងឺដ៍សាហាវនេះ ដោយបញ្ចូលវ៉ាក់សាំង HPV ទៅក្នុងកម្មវិធីការពារជាតិកម្ពុជា។
លោករដ្ឋមន្ដ្រី បានឱ្យដឹងថា៖ «យើងនឹងធានាថាកុមារីអាយុ ៩ ឆ្នាំគ្រប់រូប អាចទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនចំនួន ១ ដូស ដោយមិនគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ព្រមទាំងគ្រោងនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះដល់កុមារីអាយុលើសពី ៩ ឆ្នាំ តាមរយៈយុទ្ធនាការមួយដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ»។
លោក Anirban Chatterjee តំណាងរងអង្គការយូនីសេហ្វកម្ពុជា បានពន្យល់ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការបញ្ចូលកម្មវិធីវ៉ាក់សាំង HPV ទៅក្នុងកាលវិភាគចាក់វ៉ាក់សាំងជាប្រចាំរបស់ប្រទេស ដែលផ្ដល់កិច្ចការពារប្រកបដោយនិរន្តរភាពប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនសម្រាប់មនុស្សជំនាន់ក្រោយ។
ដោយដកស្រង់របាយការណ៍ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខភាពកម្ពុជា (HMIS) លោក Chatterjee បាននិយាយថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំមុន កុមារីអាយុប្រាំបួនឆ្នាំចំនួន ១៤៥ ៧៤២ នាក់បានទទួលវ៉ាក់សាំង។
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការផ្នែកសុខភាពពិភពលោកធំៗ ដូចជា Gavi, Vaccine Alliance, WHO, និង UNICEF ផ្តល់វ៉ាក់សាំង HPV ដោយឥតគិតថ្លៃដល់កុមារីអាយុប្រាំបួនឆ្នាំទូទាំងប្រទេស តាមរយៈវគ្គផ្សព្វផ្សាយវ៉ាក់សាំងជាប្រចាំនៅសាលា សហគមន៍ និងនៅមណ្ឌលសុខភាព។
ពួកគេមានគោលបំណងមិនត្រឹមតែការពារក្មេងស្រីនៅវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំសហគមន៍អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងមុនអាយុផងដែរ។
លោក Chatterjee បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វ៉ាក់សាំងនេះគឺឥតគិតថ្លៃ ងាយស្រួលប្រើ និងមានសុវត្ថិភាព ហើយវាមានប្រសិទ្ធភាពបំផុតនៅវ័យក្មេងនេះ មុនពេលមានហានិភ័យនៃការប៉ះពាល់នឹងវីរុស»។
លោកបានបន្ថែមថា៖ «ក្នុងអំឡុងពេលចាក់វ៉ាក់សាំង អង្គការយូនីសេហ្វ បានគាំទ្រកិច្ចខិតខំប្រឹងប្រែងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាង ២១ម៉ឺននាក់ ដោយផ្តល់ព័ត៌មានដល់អ្នកថែទាំ ឪពុកម្តាយ និងកុមារអំពីសារៈសំខាន់នៃវ៉ាក់សាំង»។
ហានិភ័យនៃមហារីកមាត់ស្បូនទាមទារឱ្យមានការបង្កជាបន្ទាន់នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលជារៀងរាល់ឆ្នាំ ស្ត្រីរាប់រយនាក់នៅកម្ពុជាបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូន។
វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកជំនាញជំងឺមហារីក បានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូនបង្កឡើងដោយវីរុស HPV កាចៗជាង ២០ ប្រភេទ ហើយដោយសាររបកគំហើញនេះហើយ នាំអោយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ ផលិតវ៉ាក់សាំងប្រឆាំងមហារីកមាត់ស្បូនបានដោយជោគជ័យ។
លោក សុខា អ្នកឯកទេសខាងជំងឺមហារីកដែលមានបទពិសោធន៍ ២៦ ឆ្នាំ ដែលជាស្ថាបនិកបង្កើតផ្នែកព្យាបាលជំងឺមហារីកឡើងវិញក្រោយសម័យប៉ុលពត នាឆ្នាំ២០០៣ បាននិយាយថា៖ «វ៉ាក់សាំងការពារមហារីកមាត់ស្បូន មានប្រសិទ្ធភាព ៩៧ ភាគរយ។ ការចាក់វ៉ាក់សាំងនេះ ពុំមានផលរំខានអ្វីធំដុំទេ។ វាអាចបណ្តាលឱ្យមានការឈឺចាប់កន្លែងចាក់បន្តិចបន្តួចប៉ុណ្ណោះ»។
លោកបានបន្ដថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ លើអ្នកនៅក្មេង និងនៅលីវ មិនទាន់មានការរួមភេទ អាយុពី ៩ ទៅ ២៦ ឆ្នាំ ខណៈអាយុលើសពីនេះ មានប្រសិទ្ធភាពតិច។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ «ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ក្រោយពីការរួមភេទលើកទី១ មួយឆ្នាំ ស្ត្រីត្រូវពិនិត្យកោសិកាមាត់ស្បូនរករោគមហារីក ១ឆ្នាំ ១ ដង ជាប្រចាំរហូតដល់អាយុ ៧២ ឆ្នាំទើបឈប់។ បើពិនិត្យឃើញមានកោសិកាមិនធម្មតាជិតវិវត្តន៍ទៅជាមហារីក យើងព្យាបាលស្កាត់មុន ដូច្នេះស្ត្រីនឹងមិនអាចកើតមហារីកមាត់ស្បូនទេ»។
ទោះបីជាមានអត្ថប្រយោជន៍ច្បាស់លាស់ ក៏ដូចជាការគាំទ្រពីរដ្ឋាភិបាល និងអន្តរជាតិខ្លាំងក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានក្នុងការបញ្ជៀបចំណេះដឹងដល់ប្រជាពលរដ្ឋ។
ការស្ទាក់ស្ទើររបស់អ្នកស្រី លីណា មិនមានអ្វីប្លែកនេះទេ។ វាកើតចេញពីការខ្វះការយល់ដឹងទូលំទូលាយអំពីសារៈសំខាន់នៃវ៉ាក់សាំង។
ដើម្បីភ្ជាប់គម្លាតនេះ អង្គការយូនីសេហ្វ បានប្រើយុទ្ធនាការឌីជីថលផ្សព្វផ្សាយដល់មនុស្សប្រមាណ ១,៥ លាននាក់ អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង HPV។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក លោក ឱក វិជិត អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារសុខភាពមាតានិងទារក និងជាប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីសុំការអត្ថាធិប្បាយបានទេ។ លោកបានលើកឡើងថា កំពុងនៅក្នុងកិច្ចប្រជុំ ឬបំពេញបេសកកម្មនៅពេលណាដែលបុគ្គលិកភ្នំពេញប៉ុស្តិ៍បានទាក់ទងសម្រាប់ព័ត៌មានលម្អិតបន្ថែម។
លោក Chatterjee បាននិយាយថា៖ «តាមរយៈការចាក់វ៉ាក់សាំងក្មេងស្រីតាំងពីតូច យើងអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដ៏សាហាវនេះនៅពេលក្រោយក្នុងជីវិត ដែលវាជាការកាត់បន្ថយបន្ទុកនៃជំងឺមិនឆ្លងនៅក្នុងប្រទេសផងដែរ។ គោលដៅរបស់យើងក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលគឺដើម្បីការពារជំងឺមហារីកមាត់ស្បូន និងធានាបាននូវអនាគតដែលមានសុខភាពល្អសម្រាប់ក្មេងស្រី»។
លោក សុខា បានលើកឡើងថា ដំណាក់កាលមហារីកមាត់ស្បូនដំបូងៗមិនមានរោគសញ្ញាអ្វីឱ្យដឹងទេ លុះវាវិវត្តន៍ធ្ងន់ធ្ងរបន្តិចទើបមានសញ្ញាខ្លះស្តែងចេញមក ដូចជា ធ្លាក់ឈាមក្រោយការរួមភេទ ធ្លាក់ទឹកថ្លាដូចទឹកភ្លៀង ឆ្អាបៗ ធ្លាក់ឈាមខ្លាំង និង ច្រើន ក្រៅពេលមានរដូវ ឈឺពោះផ្នែកខាងក្រោម ចុកចង្កេះ។
លោកបានបន្ថែមថា៖ «បើមានរោគសញ្ញដូចខាងលើ សូមប្រញាប់មកជួបវេជ្ជបណ្ឌិតឯកទេសមហារីក ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីរករោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា»៕