អ្នកសិក្សា​ស្រាវជ្រាវ​និយាយ​ថា ព្រែកជីក​ហ្វូណន​តេជោ មិន​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ទេ ប៉ុន្តែ​បង្កើត​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កម្ពុជា។ ​អ្នក​ជំនាញ​នៅ​វៀតណាម​កំពុង​លើក​ឡើង​ពីក្ដី​កង្វល់​​ពី​ព្រែកជីក​នេះ ខណៈ​​​លោក សម រង្ស៊ី រង​ការ​រិះគន់​សម្រាប់​ការ​ស្នើ​ឲ្យ​ពិចារណា​ឡើង​វិញ​ទៅ​លើ​​គម្រោង​នេះ។​


គម្រោង​ព្រែកជីក​ហ្វូណនតេជោ​​ត្រូវ​បាន​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​ត្រូវ​បាន​សិក្សា​លទ្ធភាព​អស់​រយៈ​ពេល​២៦​ខែ។ គម្រោង​ព្រែកជីក ​១៨០​គីឡូម៉ែត្រ​​នេះ​នឹង​ចំណាយ​ទឹកប្រាក់ ​១.៧​ពាន់​លាន​ដុល្លារ និង​ពេល​វេលា​សាងសង់ ​៤​ឆ្នាំ។

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​នៅ​ត្រីមាស​ទី៤​ក្នុង​ឆ្នាំ​នេះ។​ ប៉ុន្តែ​ភាគី​វៀតណាម និង​អ្នកស្រាវជ្រាវ​​នៅ​វៀតណាម​បង្ហាញ​ក្ដី​បារម្ភ​អំពី​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ទៅ​លើ​កង្វះ​​ទឹក​នៅ​តំបន់​ដី​សណ្ដ​ទន្លេមេគង្គ និង​ការ​ហូរ​ចូលទឹក​ប្រៃ​ពី​សមុទ្រ​ដែល​ប៉ះ​ពាល់​ដល់​ការ​បង្កបង្កើន​ផល​របស់​ពួក​គេ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VnExpress នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា​នេះ។

អ្នក​ស្រាវជ្រាវ​វៀតណាម​បាន​រៀបចំ​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ទី២៣​ ខែមេសា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។​ នេះ​បើ​តាម​សារព័ត៌មាន​ដដែល។

ក្រៅពី​វៀតណាម​ លោក​ សម រង្ស៊ី ដែល​ជា​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជាដែល​កំពុង​រស់​នៅ​បរទេស​ក៏​បាន​បង្ហាញ​កង្វល់​អំពី​គម្រោង​នេះ​ដែរ។ នៅ​ថ្ងៃទី២៥​ ខែមេសានេះ លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គមក៏ដូចជា​តាម​អ៊ីម៉ែល​ផ្ញើ​ទៅ​សារព័ត៌មាន​នានា​អំពី​បញ្ហា​នេះនិង​ស្នើ​ពិចារណា​ឡើង​វិញ។


លោក​​​ចោទ​ប្រកាន់​ថា៖ « បំណងធំ​នៃ​ព្រែក​ជីក​នេះ ​មិន​មែន​បម្រើ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ទេ​ តែ​បម្រើ​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​របស់​ចិន​កុម្មុយនីស្ត​ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ដល់​ឈូង​សមុទ្រ​ថៃ​ ដោយ​ឆ្លង​កាត់​ប្រទេស​លាវ និង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន​​រួច​ទៅ​ហើយ»។

ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ ទទួល​រងការ​រិះគន់​ពីសំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ដោយ​ពួកគេ​ចោទ​ជា​សំណួរ​ថា តើ​លោក សម រង្ស៊ី បម្រើ​ឲ្យ​ផល​ប្រយោជន៍​ខាង​ណា។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក សម រង្ស៊ី ប្រឆាំង​គ្រប់រឿង​ដើម្បី​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​អ្នក​ប្រឆាំង ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​​សម្រាប់​ប្រទេស​ឡើយ។

លោក​ថ្លែង​ថា៖ «គាត់​ប្រឆាំង​ដើម្បី​តែ​ប្រឆាំង។ គាត់​មិន​ជួយ​អ្វី​ដល់​កម្ពុជា​ បែ​ជា​រួមដៃ​ជាមួយ​បរទេស​មក​វាយ​ខ្មែរ។ គាត់​និយាយ​អីចឹង​ តើ​គាត់​បាន​សិក្សា​ទេ? យើង​ដឹងហើយ​ថា មាន​ទឹក​គឺ​មាន​ផ្លូវ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ លោក​ សុខ ទូច បាន​ពន្យល់​លម្អិត​អំពី​ស្ថានភាព​នៃ​ព្រែកជីក​នេះ ដោយ​លោក​លើក​ឡើង​ថា ផលប៉ះពាល់​មាន​មិន​ស្មើ​នឹង​ទំនប់​វារី​អគ្គិសនី​មួយ​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ជា​ច្រើន​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ។

លោក​ថា កម្ពុជា​ដាច់ខាត​ត្រូវការ​ព្រែក​ជីក​ហ្វូណន ព្រោះ​បច្ចុប្បន្ន​នេះ​ការ​ដឹក​ជញ្ចូន​តាម​នាវា​ត្រូវ​ឆ្លង​កាត់​វៀតណាម​​​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ប្រសិទ្ធិ​ជាង​ដឹក​តាម​ផ្លូវ​គោក​មិន​ថា តាម​រថភ្លើង​ឬ​ឡាន។ ព្រែកជី​ក​នេះក៏​ទាក់​ទាញ​វិនិយោគិន​បរទេស​ផងដែរ​តាម​រយៈ​ការ​ចំណាយ​ថ្លៃដើម​ទាប។​

ចំពោះ​ការ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ទឹក​ប្រៃ​នៅ​ដីសណ្ដ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម លោក​ថា​ វាកើត​ឡើង​​ដោយសារ​នីវូទឹក​សមុទ្រ​ខ្ពស់​​ស្រប​ពេល​ដែល​កម្រិត​ទឹក​ទន្លេ​មេគង្គ​ទាប​ដោយសារ​តែ​មាន​ការ​សាង​សង់​ទំនប់​នៅ​ផ្នែក​ខាង​លើ។

លោក​និយាយ​ថា៖ «កម្ពុជា​មាន​សិទ្ធិ​សម្រេច កម្ពុជា​មាន​អធិបតេយ្យភាព​របស់​ខ្លួន កម្ពុជា​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ផ្កា​ចម្រុះ​ពណ៌ គឺ​​អ្នក​ណា​ក៏​យើង​ត្រូវ​ជាមួយ​ដែរ​ឲ្យ​តែ​មាន​គោល​នយោបាយ​និង​ទិសដៅ​រួម​គ្នា»។

លោក​បន្ត​ថា៖ «មួយទៀត​នៅ​ពេល​យើង​មាន​ព្រែកជីក​ហ្វូណនតេជោ​នេះ វិស័យ​​កសិកម្ម​ វិស័យ​ដាំ​ដុះ​​បន្លែ យើង​លែង​ជា​កង្វល់​ហើយ​សម្រាប់​អ្នក​រស់​នៅ​តាម​ដង​ព្រែក​នេះ ព្រោះ​មាន​ទឹក​មាន​អ្វីៗ​ទាំង​អស់»។

ពាក់​ព័ន្ធ​នឹង​​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ ឬ​ការ​ប្រើប្រាស់​ព្រែកជីក​នេះ​ដោយ​យោធា​ចិន ដូច​អ្វីដែល​លោក សម រង្ស៊ី​ លើកឡើង លោក សុខ ទូច​ ថ្លែង​ថា ព្រែកជីក​នេះ​មិន​គួរ​ត្រូវ​បាន​លើក​មក​ធ្វើ​ជា​អំណះអំណាង​ទេ ព្រោះ​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​ ដែល​សកម្មភាព​យោធា​មិន​អាច​លាក់​បាំង​បាន​ឡើយ។

លោក​ថា៖ «បើអាមេរិក​មិន​ដឹង អាមេរិក​មិន​អាច​ទៅ​បាញ់​មេទ័ព​អ៊ីរ៉ង់ម្នាក់​មិន​ឲ្យ​ខុស ហើយ​ទៅ​កាត់​ក្បាល អូសាម៉ា ប៊ិន ឡាដិននៅ​ប៉ាគីស្ថាន​ដែល​សូម្បី​តែ​ ប៉ាគីស្ថាន ​ខ្លួន​ឯង​ក៏​មិនបាន​ដឹង​ផង។ នេះ​ដោយសារ​​ផ្កាយ​រណប​គេ​ខ្លាំង​ណាស់។ រឿង​អី​អ្នក​ឯង​មក​បង្ខូច​កម្ពុជា​ថា​ជីក​ព្រែក​ហ្វូណន​​តេជោ​ដើម្បី​ឲ្យ​ទ័ព​ចិន​ចូល។ ចុះ​ហ្វីលីពីន​មាន​ទ័ព​អាមេរិក​ដែរ​ម៉េច​ក៏​អ្នក​ឯង​មិន​គិត? ចុះ​ជប៉ុន​មាន​ទ័ព​អាមេរិក​ដែរ​ម៉េច​ក៏​មិន​គិត?»។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា ក្រៅតែ​ពី​ការ​ជញ្ជូនទំនិញ​បាន​​លឿន ព្រែកជីក​នេះ​កាត់​បន្ថយ​ថ្លៃ​ដើម​ដឹកជញ្ជូន​រហូត​ដល់​​ទៅ​ ៣០០​ដុល្លារ​ក្នុង​មួយ​ទូ​កុងតឺន័រ។ លោក​លើក​ឡើង​បែប​នេះដោយ​យោង​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​ក្រសួង​សាធារណៈការ។

លោក​ថ្លែង​ថា៖ «ការ​កាត់​បន្ថយ​ថ្លៃ​ដើម ​៣០០​ដុល្លារ​នេះ​​វា​បង្កើន​ឧត្តម​ភាព​នៃ​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ៣០០​ ដុល្លារ​ក្នុង​មួយ​ទូរ​កុងតឺន័រ​យើង​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​របាំង​ពន្ធ​របស់​អឺរ៉ុប​ និង​អាមេរិក​បាន។ នៅ​ពេល​កម្ពុជា​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នឹង​ត្រូវ​ដកចេញ​ពី​កម្ពុជា... អីចឹង​ព្រែកជីក​ហ្វូណន​នេះ​ជួយកាត់​បន្ថយ​ថ្លៃ​ដើម​ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែ​មាន​​ឧត្តមភាព​នៃ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក»។

លោក​បន្ត​ថា ផល​ប្រយោជន៍​មួយ​ទៀត​គឺ​ងាយស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិកផល​។ នៅ​ពេល​មាន​ព្រែក​ជីក​នេះ ខេត្ត​នានា​នៅ​ជុំវិញ​បឹង​ទន្លេសាប​ក៏​អាច​ដឹក​ជញ្ជូន​កសិផល​តាម​ទន្លេ​សាប​មក​កាន់​ភ្នំពេញ​ហើយ​បន្ត​ទៅ​ដល់​សមុទ្រ។ ក្រៅពីនេះ ព្រែកជីក​នេះ​ក៏​បង្កើត​តំបន់​ទេសចរណ៍​នៅ​តាម​ដង​ព្រែក ដែល​មាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​ផងដែរ។

បើតាម​លោក សេរីវឌ្ឍន៍ ផលប្រយោជន៍​មួយ​ទៀត​គឺ​ការ​បង្កើត​សក្ដានុពល​ និង​សុទិដ្ឋិនិយម​របស់​ពលរដ្ឋ​ ដែល​​ធ្វើ​ឲ្យ​ពួក​គាត់​រំពឹង​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កម្ពុជា​មាន​ដង្ហើម​ដក​​ដោយ​ខ្លួន​ឯង​ហើយ»។​

លោក​និយាយ​ថា៖ «សូម​កុំពាក់​វែនតាខ្មៅ ព្រោះ​បើ​ពាក់​វែន​តាខ្មៅ យើង​មើល​ឃើញ​មេឃ​ស្រទុំ​ យើង​មើល​ឃើញ​ប្រទេស​យើង​ខ្មៅ​ងងឹង​ពេក​ យើង​អត់​រីក​ចម្រើន​ទេ»៕