ភ្នំពេញ៖ ខណៈស្តុកឈាមសម្រាប់សង្គ្រោះជីវិតមនុស្សមានតិចនៅក្នុងស្ដុក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើឱ្យមានការចូលរួមស្ម័គ្រចិត្ដបរិច្ចាគឈាមបន្ថែមពីប្រជាពលរដ្ឋ ស្ថាប័ន និងក្រុមហ៊ុនដើម្បីបង្កើនបរិមាណឈាមដែលមាននៅក្នុងស្ដុក។
ថ្លែងក្នុងពិធីបរិច្ចាគឈាម លើកទី១០ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត» កាលពីថ្ងៃទី ២៥ ខែមេសា លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លោកបានស្នើឱ្យមានចូលរួមចំណែកក្នុងការបរិច្ចាគឈាម និងបង្កើតជាទម្លាប់យូរអង្វែង ឲ្យបានផុលផុសបន្ថែមទៀត ក្រោមស្មារតី មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នៅបរទេស គ្មានគោលនយោបាយស្ដុកឈាមនោះទេ ដោយសារគេមានស្តុកពេញ។ ប៉ុន្ដែនៅកម្ពុជា ស្ដុកឈាមនៅមានកម្រិត ត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ»។
លោកបានលើកឡើងអំពីសារសំខាន់នៃការស្ដុកឈាមថា វាអាចជួយសង្រ្គោះអ្នកជំងឺដែលត្រូវការឈាមភ្លាមៗ ដែលមិនធ្វើឱ្យក្រុមគ្រួសារជួបការលំបាក ដោយត្រូវមើលថែអ្នកជំងឺផង និងរត់ទៅផ្ដល់ឈាមផង។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «យើងមានគោលដៅឱ្យមានអត្រានៃការផ្ដល់ឈាមស្ម័គ្រចិត្ដនេះ កើនឡើងពី ២០ ភាគរយទៅ ៣០, ៤០ និងអាច ៥០ ភាគរយ ហើយបន្ដបន្ទាប់ យើងនឹងបង្កើនស្ដុកឱ្យមានប្រហាក់ប្រហែលប្រទេសជឿនលឿន»។
លោកបញ្ជាក់ថា៖ «បុរសអាចផ្ដល់ឈាមបានមួយឆ្នាំ ៤ ដង ហើយឈាមនេះកើតឡើងវិញទេពីប្រព័ន្ធខួរឆ្អឹងរបស់យើង។ ចំណែកឯ ស្ដ្រីអាចផ្ដល់ឈាមបាន ៣ ដងក្នុងមួយឆ្នាំ ចន្លោះ ៤ ខែម្ដង»។
យោងតាមលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) បានឱ្យដឹងថា រៀងរាល់ ៥ នាទីម្ដង មន្ទីរពេទ្យត្រូវការឈាមមួយប្លោកសម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស ដោយតម្រូវការឈាមប្រចាំថ្ងៃសរុបមានចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកសម្រាប់តែរាជធានីភ្នំពេញ ខណៈតម្រូវការទូទាំងប្រទេសមានចំនួនជាង ១០ ម៉ឺនប្លោក ក្នុងមួយឆ្នាំ ដែលកើនឡើងពីឆ្នាំ២០២២ ប្រមាណ ៣០ ភាគរយ។
លោក ប៉ូ បានកត់សម្គាល់ថា ជាទូទៅអ្នកជំងឺត្រូវការប្រើប្រាស់ឈាមច្រើន គឺស្ដ្រីដែលសម្រាលកូនតែងតែធ្លាក់ឈាមច្រើន ពួកគាត់ត្រូវការបញ្ចូលឈាមវិញ។ ចំណុចទី២ គឺការវះកាត់ជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យនានាក្នុងរាជធានីក៏ប្រើច្រើនដែរ។
ការបរិច្ចាគឈាមភាគច្រើនត្រូវបានធ្វើឡើងដោយក្រុមស្ម័គ្រចិត្ដមកពីសហគ្រាសផ្សេងៗ ដែលបានចូលរួមចំណែកយ៉ាងចម្បង សម្រាប់ការទ្រទ្រង់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោកប៉ូ ទទួលស្គាល់ថា ពលរដ្ឋទូទៅមិនទាន់បានយល់ទូលំទូលាយ និងចូលរួមកិច្ចបរិច្ចាគឈាមឱ្យបានទូលំទូលាយនោះទេ។ លោកជឿថា វាអាចមកពីការបារម្ភច្រើន ពីព្រោះប្រជាជនខ្មែរមានឆន្ទៈជួយគ្នា។ ប៉ុន្ដែដោយសារពួកគេបារម្ភថា ការបរិច្ចាគឈាមអាចនាំឱ្យខូចសុខភាព។
លោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការពិត ការបរិច្ចាគឈាមនេះ មិនត្រឹមតែជួយអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យនោះទេ ប៉ុន្ដែអ្នកបរិច្ចាគក៏ទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួនផងដែរ ដូចជា កាត់បន្ថយនូវកំហាប់ឈាមពីក្នុងខ្លួន ជាពិសេសអាចកាត់បន្ថយលើសជាតិដែក សម្រួលរំហូរឈាមនៅក្នុងខ្លួន កាត់បន្ថយជំងឺបេះដូង ជាពិសេសជំងឺ Stroke ហើយកាត់បន្ថយជំងឺមហារីក និងការឡើងទម្ងន់ផងដែរ»៕