ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានណែនាំ​កងកម្លាំង​នគរបាល​ជាតិ​ឱ្យ​ខិតខំ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​​វិជ្ជាជីវៈ ដើម្បី​​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​បម្រើ​ប្រជាពលរដ្ឋ​ «ដោយ​ភក្ដីភាព»។


ក្នុង​សារ​លិខិត​​រំឭក​ខួប​​លើក​ទី​៧៩​ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា ១៦ ឧសភា លោក ថ្លែង​ថា សភាពការណ៍​​ពិភពលោក​ដែល​បត់បែន​ប្រកប​ដោយ​ហានិភ័យ​​កំពុង​ប្រឈម​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ការ​ប្រកួតប្រជែង​ឧត្ដមភាព​យោធា សង្គ្រាម​នៅ​តាម​តំបន់ ជម្លោះ​ជាតិសាសន៍ ក៏ដូចជា​និន្នាការ​កើន​ឡើង​នៃ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នាំ​ឱ្យ​កម្ពុជា​មិន​អាច​មើល​រំលង​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​ទាំងនោះ។

លោក ស សុខា​បន្ត​ថា៖ «​បញ្ហា [ពិភពលោក] ​មួយ​ចំនួន​ដែល​មិនទាន់​ដោះស្រាយ​ពាក់ព័ន្ធ​ដល់​វិស័យ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​នា​ពេល​កន្លង​មក​​ជាហេតុ​ធ្វើ​ឱ្យ​សភាពការណ៍​នា​ពេល​ខាងមុខ​អាច​នឹង​លេចឡើង​នូវ​ហានិភ័យ​មួយ​ចំនួន​មិន​អាច​ប៉ាន់ស្មាន​បាន ដែល​ទាមទារ​ឱ្យ​កង​កម្លាំង​នគរបាល​ជាតិ ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច និង​ខិតខំ​បំពេញ ភារកិច្ច​ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ ដើម្បី​រួមគ្នា​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការពារ​សមិទ្ធផល​ជាតិ លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ ព្រមទាំង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភក្ដីភាព»។ 


ក្នុងសារ​លិខិត​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១២ ខែ​ឧសភា លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា កងកម្លាំង​នគរបាល​ទាំងអស់​នឹង​បន្ត​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​សម្រេច​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុងនាម​ជា​សេវា​ករ​បម្រើ​ប្រជាពលរដ្ឋ និង​ជា​បង្អែក​យ៉ាង​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ និង​គ្រប់​កាលៈទេសៈ។

លោក ស សុខា​ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី បាន​កត់សម្គាល់​ថា នៅ​ឆ្នាំ២០២៣ និង​ដើម​ឆ្នាំ​២០២៤នេះ សភាពការណ៍​សន្តិសុខ​ពិភពលោកមាន​ការ​ប្រែប្រួល ស្មុគស្មាញ និងជះឥទ្ធិពល​អវិជ្ជមាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​តំបន់ ប៉ុន្តែកម្ពុជា​នៅតែ​បន្ត​រក្សា​បាន​យ៉ាង​រឹងមាំ​នូវ «​សុខ​សន្តិភាព ខឿន​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាពទឹកដី និង​ស្ថិរភាព​សន្តិសុខ​ផ្ទៃក្នុង»។ 
លោក​បន្ថែម​ថា បណ្ដា​គោលដៅ​នយោបាយ ការទូត វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ​ព្រះរាជ​បេសកកម្ម​របស់​ព្រះមហាក្សត្រ បេសកកម្ម​របស់​ឥស្សរជន​ជាន់ខ្ពស់ គណៈប្រតិភូ​ជាតិ អន្តរជាតិ ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ និង​សកម្មភាព​ជីវភាព​សង្គម​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព។ 


លោក ស សុខា​ បន្ថែម​ថា ទាំងនេះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ថែម​ទៀត​ក្នុង​ដំណើរការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​វិបុលភាព និង​ជា​ការ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​ឱ្យ​ខ្ពស់​ត្រដែត​លើ​ឆាក​អន្តរជាតិ និង​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​ម្ចាស់ការ ប្រកប​ដោយ​ថាមពល​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ 

លោក​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ «មិន​ចេះ​នឿយហត់ ​ប្រកប​ដោយ​ឆន្ទៈ និង​មនសិការ​ស្នេហាជាតិ» របស់​កងកម្លាំង​នគរបាល​ជាតិ ក្នុង​ការ​ចាត់តាំង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់ បទដ្ឋាន​គតិយុត្ត គោលការណ៍ បទបញ្ជា និងវិធានការ​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី​១៣ ឧសភា ថា នគរបាល​ជាតិ​គួរ​ធ្វើការ​ប្រកប​ដោយ​មនសិការ និង​វិជ្ជាជីវៈ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ល្អ​ពី​រាជរដ្ឋាភិបាល។ ​ការ​ប្រព្រឹត្ត​ខុសឆ្គង​ ឬ​​ការ​កេង​ចំណេញ​ដោយ​ហេតុ​ណា​មួយ​របស់មន្ត្រី​​​​​នគរបាល​គឺ​ជា​រឿង​បុគ្គល ក៏​ប៉ុន្តែ​ប៉ះពាល់​​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ ដែល​នាំ​ឱ្យ​​ប្រជាពលរដ្ឋ​គិត​ថា​នេះ​ជា​រដ្ឋាភិបាល។

លោក​បន្ថែមថា៖ «អ៊ីចឹង​អ្នក​ប្រព្រឹត្ត​គឺ​បុគ្គល​ដើម្បី​ផលប្រយោជន៍​បុគ្គល​ទេ ក៏ប៉ុន្តែ​ជះឥទ្ធិពល​ទៅ​ដល់​រដ្ឋាភិបាល។ អ៊ីចឹង ខ្ញុំ​យល់ឃើញ​ថា​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​មាន​ប្រសាសន៍ លោក​ណែនាំ​អី​ហ្នឹង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​សូម​ឱ្យ​តាមដាន​ការ​អនុវត្ត​ហ្នឹង​ឱ្យ​ប្រាកដប្រជា ថា​តើ​គាត់​អនុវត្ត​ហ្នឹង​ប្រកប​ដោយ​មនសិការ និង​វិជ្ជាជីវៈ​ហ្នឹង​មែន​ពិត​ប្រាកដ​ដែរ​អត់? ហើយ​ការ​រទូរទាំ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​មាន​អ៊ីចឹង​មែន​អត់? យើង​គួរ​តែ​ពិនិត្យ​តាមដាន​មើ​ល ស្ដាប់​ប្រជាពលរដ្ឋ អាន​សារ​របស់​ប្រជាពលរដ្ឋ​ជា​ធាតុ​ចូល​សម្រាប់​ការ​កែ​លម្អ​ដល់​ការ​ផ្ដល់​សេវា​ពី​កងកម្លាំង​នគរបាល​ហ្នឹង​ដើម្បី​ប្រទេស​យើង​មាន​សុខដុម​រមនា»៕