អង្គភាព​ស៊ើបការណ៍​​ហិរញ្ញវត្ថុ​កម្ពុជា (ស.ហ.ក.) ច្រានចោល​ការ​អះអាង​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី​ និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ KordaMentha ដែល​សង្ស័យ​ថា ប្រភព​ប្រាក់​ចេញ​ពី​កម្ពុជា​ដែល​ត្រូវ​បាន​វិនិយោគ​លើ​លំនៅឋាន​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​និង​ការ​សម្អាត​ប្រាក់។


តាមរយៈ​​អ៊ីម៉ែល​ឆ្លើយតប​ទៅនឹង​សំនួរ​បស់​ភ្នំពេញប៉ុស្តិ៍ ស.ហ.ក.​ ដែល​មាន​តួនាទី​ស៊ើបអង្កេត​និង​ទប់ស្កាត់​ការ​សម្អាត​ប្រាក់​បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​ចោទប្រកាន់​ដែល​គ្មាន​​មូលដ្ឋាន​នៅ​ក្នុង​របាយការណ៍​នេះ​គឺជា​បុរនិច្ឆ័យ (លម្អៀង) ទៅ​លើ​ប្រទេស​កម្ពុជា​​និង​ធ្វើ​ឲ្យ​ខូច​ដល់​កិច្ច​ប្រឹង​ប្រែង​​ជាបន្តបន្ទាប់​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​ភេរវកម្ម»។

កាល​ពី​សប្ដាហ៍​មុន អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី​និង​ក្រុមហ៊ុន KordaMentha បាន​ចេញ​ផ្សាយ​របាយការណ៍​រួម​មួយ​​ដាក់​ចំណង​ជើង​ថា «បញ្ឈប់​ប្រាក់​កខ្វក់​ពី​កម្ពុជា​នៅ​អូស្ត្រាលី​និង​នៅ​កម្ពុជា» ដែល​បាន​លើកឡើង​ថា ទឹកប្រាក់​ជាង ៥១៦​លាន​ដុល្លារ​​អូស្ត្រាលី ឬ ៣៣៩​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​វេរ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​​នៅ​ក្នុង​ឆ្នាំ​២០២០។ 


របាយការណ៍​បន្ត​ថា មាន​លំនៅឋាន​សរុប​ ១១៨ ត្រូវ​បាន​ទិញ​ក្នុង​ទឹកប្រាក់ ១១០​លាន​ដុល្លារ​អូស្ត្រាលី ឬ​ប្រមាណ ៧២​លាន​ដុល្លារ ពីឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣។ ក្នុង​ឆ្នាំ​សារពើពន្ធ​ ២០២២​ដល់​២០២៣ ទឹកប្រាក់​​៣៣.៤​លាន​ដុល្លារ​អូស្តាលី ឬ ២២​លាន​ដុល្លារ​ ត្រូវ​បាន​ទិញ​ដោយ​បុគ្គល​មក​ពី​កម្ពុជា។

លោក Clancy Moore ដែល​ជា​នាយក​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី បាន​ចោទ​សួរ​អំពី​ទំហំ​ទឹកប្រាក់​នេះ​​ដោយ​ប្រៀប​ធៀត​ទៅនឹង​​​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា និង​​ចោទ​ប្រកាន់​ថា កម្ពុជា​គឺជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​សម្អាត​ប្រាក់ ជួញដូរ​មនុស្ស​និង​គ្រឿង​ញៀន។​


ប៉ុន្តែ ស.ហ.ក. បញ្ជាក់​ថា ទឹកប្រាក់​ដែល​បាន​វេរ​​ប្រមាណ ៥០០​លាន​ដុល្លារ​អូស្ត្រាលី​​នោះ​ធ្វើ​ឡើង​តាម​រយៈ​អង្គភាព​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ទាំង​នៅ​កម្ពុជា និង​នៅ​អូស្ត្រាលី ហើយ​សកម្មភាព​បែប​នេះ​មិន​អាច​កើត​ចេញ​ពី​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ។

ស.ហ.ក. បន្ត​ថា អង្គភាព​នេះ​ធ្វើការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​របាយការណ៍​ទូទាត់​និង​វិភាគ​របស់​អូស្ត្រាលី​ ហៅកាត់​ថា AUSTRAC តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​​គ្នា​មួយ ដែល​​ភាគីទាំង​ពីរ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល និង​ចែក​រំលែក​បទ​ពិសោធន៍​ពាក់​ព័ន្ធ​​ទៅ​នឹង​ការ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់។

ស.ហ.ក. បន្ត​ទៀត​ថា កម្ពុជា​បាន​បង្កើត​ក្រមខណ្ឌ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​យន្តការ​ទាំង​នោះ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​គំរាម​កំហែង​និង​ភាព​ងាយរងគ្រោះ​ថ្មីៗ ព្រម​ទាំង​មាន​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​ពង្រឹង​តម្លាភាព ភាព​ជឿង​ទុក​ចិត្ត​​ពី​វិស័យ​នានា។

ស.ហ.ក. លើក​ឡើង​​ថា ចំណុច​ខ្លាំង​មួយនៃ​ការ​គ្រប់គ្រង​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់​នៅ​កម្ពុជា​​គឺ​កិច្ច​​សហការ​គ្នា​ក្នុង​ចំណោម​អាជ្ញាធរ​​ពាក់ព័ន្ធ ដូចជា​​រវាង​ភ្នាក់ងារ​អនុវត្តច្បាប់​ និង​ស្ថាប័ន​​ហិរញ្ញវត្ថុ​។​ កិច្ច​សហការ​បែប​នេះ​​មាន​សារៈ​សំខាន់ណាស់​​ក្នុង​ការ​ស្រាវជ្រាវ​និង​ទប់ស្កាត់​សកម្មភាព​​ហិរញ្ញវត្ថុ​ដែល​ខុស​ច្បាប់។

កិច្ចប្រឹងប្រែង​ទាំង​នេះ​ហើយ​ដែល​នាំ​ទៅ​ដល់​ការ​ដក​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ​នៃ​​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ FATF និ​ង​ជា​សក្ខីភាព​បង្ហាញ​ពី​កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់។ នេះ​ជាលើក​ឡើង​របស់​ ស.ហ.ក.។

ស.ហ.ក.​ បញ្ជាក់​ដូច្នេះ​ថា៖ «ការទទួល​ស្គាល់​ការ​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​​ប្រាក់​គឺជា​រឿង​សំខាន់​ក្នុងការ​បង្ហាញ​ទិដ្ឋភាព​មួយ​ដែល​មាន​តុល្យភាព។ យើង​នៅ​តែ​ប្ដេជ្ញា​បន្ថែម​ការ​ប្រឹង​ប្រែង​ប្រឆាំង​ទៅ​នឹង​​ការ​សម្អាត​ប្រាក់​ដើម្បី​ធានា​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​ធន់​តទល់ទៅ​នឹង​សកម្មភាព​ហិរញ្ញវត្ថុ​ខុស​ច្បាប់​នានា»។ 

ភ្នំពេញ ប៉ុស្តិ៍​ បាន​សុំ​ការ​បកស្រាយ​បន្ថែម​ពី​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី និង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែឧសភា​នេះ៕