ភ្នំពេញៈ ការ​ធ្វើ​សមយុទ្ធ​រវាង​កម្ពុជា​និង​ចិន គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការងារ​មនុស្ស​ធម៌ ដើម្បី​ដក​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ក៏​ដូចជា​ពង្រឹង​សន្តិសុខ​ ទប់ស្កាត់​នៅ​ក្នុង​ប្រទេស​នីមួយៗ និង នៅ​ក្នុង​តំបន់​ផងដែរ ដែល​មិនមានគោល​បំណង គំរាមកំហែង ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ណា​មួយ​នោះឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោង សូលីម៉ូ អ្នក​នាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​នេះ ក្រោយ​ពេល​ដែល​នាវា​នៃ​កងទ័ព​រំដោះប្រជាជនចិន​បាន​ចូល​មក​ដល់​កំពង់ផែ​ស្វ័យត​ខេត្ត​ព្រះសីនុ កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែ​ឧសភា​នេះ។


ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​ទាក់ទង​នឹង​សមយុទ្ធ​នាគ​មាស​ ឆ្នាំ ២០២៤ លើក​ទី៦​ ជាមួយ​កងទ័ពរំដោះ​ប្រជាជនចិន ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្មរួម និង​ការ​សង្រ្គោះ​មនុស្សធម៌» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១៦ ដល់​ថ្ងៃទី៣០ ខែ​ឧសភា​នេះ នៅ​ភ្នំ​ជុំសែន​រីករាយ ខេត្ត​កំពង់ឆ្នាំង និង ខេត្តព្រះសីហនុ។ 

លោក ថោង សូលីម៉ូ បាន​ថ្លែង​ថា កម្លាំង​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​សរុប​មាន​ចំនួន ២ ០៧៥នាក់ ដែល​ក្នុង​នោះ​កង​យុទ្ធពលខេមរៈភូមិន្ទ​មាន​ចំនួន ១ ៣១៥នាក់ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​មាន ៧៦០នាក់។ ដោយឡែក គ្រឿង​បំពាក់​លើ​សមយុទ្ធ​នៅ​លើគោក​ រួម​មាន​រថពាសដែក យានយន្ត​គ្រប់​ប្រភេទ​ចំនួន ៦៩គ្រឿង រួម​និង​បរិក្ខាស៊ើបការណ៍ បរិក្ខា​បោសសម្អាត​ជាតិផ្ទុះ និង​បរិក្ខា​បញ្ជូនសារ​ជាច្រើន​ឈុត​ទៀត។ លើសពីនោះ សមយុទ្ធ​នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​នាវា​ចូលរួម​សរុប ១៤គ្រឿង និង ឧទ្ធម្ភាគចក្រ​ចំនួន ២គ្រឿង​ផងដែរ។ នាវា​ចូលរួម​សរុប ១៤គ្រឿង​នោះ មាន​នាវា​ចិន ៣គ្រឿង ហើយ​នាវា​កម្ពុជា ១១គ្រឿង ហើយ​ក្រោយ​ការ​ពីធ្វើ​សមយុទ្ធ​ចប់​នឹង​ត្រឡប់​ទៅ​ប្រទេសចិនវិញ។


ខ្លឹមសារ​នៃ​ការ​ចូលរួម​សមយុទ្ធ​គឺ​ផ្តោត​សំខាន់​ទៅ​លើការ​ប្រឆាំង​អំពើ​ភេរវកម្ម និង ការងារ​មនុស្សធម៌។ ក្រៅពីនោះ​ក៏​ផ្តោត​សំខាន់ទៅ​លើ​យុទ្ធ​វិធី​ដោយ​ការ​ទប់ទល់​ដោយ​ដ្រូន​ផងដែរ។ 

លោកបាន​បញ្ជាក់​ថា៖ «គោលបំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​គឺ​ដោយ​យោង​តាម​កិច្ច​សហការណ៍​នៃ​ប្រទេស​ទាំង ២ កម្ពុជា​ចិន​ប្រចាំ​ឆ្នាំដូច​ដែល​ធ្លាប់​បាន​ធ្វើ​ចំនួន ៥​លើក​រួច​មក​ហើយ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទប្រឆាំង​អំពើ​ភេរវកម្ម និង​ការងារ​សង្រ្គោះ​មនុស្សធម៌ ដើម្បី​ដកបទ​ពិសោធន៍​ពី​គ្នា​ទៅវិញទៅ​មក​រវាង​កងទ័ព​ប្រទេស​ទាំង ២ ក៏​ដូចជា ពង្រឹង​សន្តិសុខ​ទប់ស្កាត់ អំពើ​ភេរវកម្ម នៅក្នុងប្រទេស​នីមួយៗ​និង​នៅ​ក្នុង​តំបន់​ផងដែរ។ ដូច្នេះ ការ​ធ្វើ​សមយុទ្ធ​មិនមាន​គោលបំណង គំរាមកំហែង ឬ​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់ប្រទេស​ណា​មួយ​នោះឡើយ»។ 


លោកបន្ថែម​ថា សមយុទ្ធនេះ​ក៏​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស នៅ​ក្នុង​សមាគម​អាស៊ាន​ផងដែរ ដើម្បី​សង្កេត​មើល​ពី​លក្ខណៈ​នៃការ​សមយុទ្ធ​រវាងកងទ័ព​នៃ​ប្រទេស​ទាំង ២នេះ។ 

ក្រៅពីការ​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន ក្នុង​ឆ្នាំ​២០២៤នេះដែរ កម្ពុជា ក៏​មាន​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ជិត​ខាង​ផងដែរ ដូចជាប្រទេស​វៀតណាម និង​ឡាវ ដែល​ផ្តោត​ទៅ​លើ​ការ​ងារ​សង្រ្គោះ​គ្រោះ​មហន្តរាយ។ 

ចំពោះមាន​ការ​លើកឡើង កម្ពុជា​ធ្វើ​សមយុទ្ធ​តែ​ជាមួយ​នឹង​ប្រទេស​ចិន​នោះ លោក ថោង សូលីម៉ូ បាន​ឆ្លើយតប​ថា នោះ​គឺ​ជា​សិទ្ធិរបស់​អ្នក​និយាយ ប៉ុន្តែ​សម្រាប់​កម្ពុជា​គឺ ធ្វើអ្វីៗ​ទៅតាម​តម្រូវការ​របស់​កម្ពុជា ទៅតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា និងទៅតាម​ច្បាប់​អន្តជាតិ។ 

លោកបានថ្លែង​ដូច្នេះ​ថា៖«កម្ពុជា​មិនមាន​បដិសេដ​ចំពោះ​ការ​ចង់ ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​នោះ​ទេ គឺ​កម្ពុជា​សុំ​ស្វាគមន៍​ចំពោះ​បណ្តា​ប្រទេស ទាំងអស់។ ប៉ុន្តែ​រាល់ការ សុំ​ធ្វើ​សមយុទ្ធ​ត្រូវតែ​ដាក់​ពាក្យ​ស្នើសុំ កម្ពុជា​ជាមុន។ 

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ការ​ធ្វើ​សមយុទ្ធ​ឆ្នាំនេះ បើ​ប្រៀបធៀប​នឹង​ការ​ធ្វើ​សមយុទ្ធ​ឆ្នាំមុនៗ គឺថា​មាន​ការ​ខុស​ប្លែក​គ្នា ដោយសារ​ថា​ ការ​ធ្វើ​សមយុទ្ធ​ឆ្នាំនេះ គឺ​មាន​លក្ខណៈ​ទំហំធំ​ជាងមុន។ បើ​ប្រៀបធៀប​ទៅ​លើ​ខ្លឹមសារ​ក៏​មាន​ការ​ស៊ីជម្រៅ មាន​ការចូលរួម​ក៏​មាន​ចំនួន​ច្រើន និង​ទាំង​សម្ភារៈ​ផងដែរ។ ការ​ធ្វើ​សមយុទ្ធ​នេះ​ក៏​បាន​ពង្រីក​ទៅ​ដល់​កងទ័ព​ជើងទឹក​ផងដែរ។ 

នាវា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ចូលមក​ដល់​កំពង់ផែ​ស្វ័យត​ខេត្ត​ព្រះសីនុ កាល​ពី​ព្រឹក​ថ្ងៃទី​១៣​ខែ​ឧសភា​នេះ​  ហើយ​នាវា​នឹងដាក់​សម្ភារៈ​ចុះ និង​កម្លាំង​ដែល​ចូលរួម​សមយុទ្ធ និង​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពៅ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៃ​កងរាជ​អាវុធហត្ថ​នៅ​ភ្នំជុំ​សែនរីករាយ។  

លោក ថោង សូលីម៉ូ បាន​អំពាវនាវ​ដល់​សាធារណជន​កុំឱ្យ​មាន​ការ​បារម្ភ​ចំពោះ​វត្តមាន និង​ការ​ធ្វើដំណើរ​នៃ​កង​កម្លាំង​ទាំងនោះ៕