ភ្នំពេញៈ លោក ណូ រដ្ឋា អាយុ ៣១ឆ្នាំ ដែល​អះអាងថា បាន​ចាញ់​បោក​គម្រោង​ប្រ៊ីលាន​ស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា រហូត​ដល់​ទៅ​ជាង ២៣៥ ៥០០ដុល្លារ​អាមេរិក​នោះ បាន​សម្តែង​ក្តី​សង្ឃឹម និង​រីករាយ​ចំពោះ​កិច្ច​អន្តរាគមន៍របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​សិទ្ធិ​ពេញ​សមត្ថភាព​ដល់​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល លោក គី តិច ឱ្យដឹកនាំ​រក​ដំដោះស្រាយ​ជូន​ពលរដ្ឋ។


លោក​បាន​និយាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែរ ដែល​ប្រមុខ​រដ្ឋាភិបាល​ចេញ​សេចក្តី​ប្រកាស​អញ្ជឹង។ គាត់​ក៏​យក​ចិត្តទុក​ដាក់​ជាមួយ​នឹង​រឿង​ហ្នឹងដែរ។ ប៉ុន្តែ ក៏​មិន​ដឹង​ថា ដំណោះស្រាយ​ទៅ​មុខ វា​បែបណា ហើយ​លឿន ឬ​ឆាប់ ក៏​មិន​ទាន់​ដឹងដែរ។ វា​ស្មុគស្មាញ ព្រោះ​ក្រុមហ៊ុន​នេះ​បោក​ជា​ប្រព័ន្ធ ហើយ​ទំហំ​ទឹក​លុយ​វាច្រើន និង​អ្នក​រងគ្រោះ​ក៏​វាច្រើន​ទៀត»។

ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា កាល​ពី​ថ្ងៃទី​១៣ ខែ​ឧសភា បាន​ផ្តល់​សិទ្ធិ​ពេញ​សមត្ថភាព​ជូន​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុកបេសកកម្ម​ពិសេស ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល លោក គី តិច ក្នុង​ការ​ប្រតិបត្តិ​ដឹកនាំ​រៀបចំ​ចាត់​តាំង​មេធាវី​រាជរដ្ឋាភិបាល ឱ្យ​បំពេញ​ភារកិច្ច​ជា មេធាវី​តំណាង ការពារ​សិទ្ធិ និង ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​រងគ្រោះពី​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក នៅ​តាម​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង សាលា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់ រហូត​ដល់​សំណុំ​រឿង​ត្រូវបាន​បញ្ចប់​ជាស្ថាពរ។ 


លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖«ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ករណី​គម្រោងរបស់​អតីត​ឧកញ៉ា ឡេងចាន់ណា ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីខ្ញុំ ខ្ញុំ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំ​រឿងទាំងឡាយ​ដែល​កំពុង​ចាត់​ការ​ដោយ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ»។ 

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ប្រសាសន៍​ផងដែរ​ថា ក្រោយ​ពេល​ដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពីករណី​ទាមទារ​សំណង​របស់​ពលរដ្ឋ​ដែល​បាន​វិនិយោគ​នៅ​លើ​គម្រោង ប្រ៊ីលាន ស៊ីធី នៅ​ខេត្ត​សៀមរាប​នោះ នៅ​អំឡុងពាក់​កណ្តាល​ខែកុម្ភៈ ឆ្នាំ ២០២៤ លោក​បាន​ប្រគល់​ភារកិច្ច​ជូន​លោក សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និង​សំណង់ ក៏​ដូចជា ជូន​លោក ប្រាក់ សោភ័ណ្ឌ អភិបាល​ខេត្ត​សៀមរាប និង ក្រុម​ជំនួយការ​ច្បាប់​របស់​លោក​ដើម្បី​ស្រាវជ្រាវ ក៏​ដូចជា​រិះរក​ដំណោះ​ស្រាយ​លើ​ករណីនេះ។


លោក​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​ព្យាយាម​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុង​គោល​បំណង​រកដំណោះ​ស្រាយ​ជូន​ប្រជាជន​វិញ ទៅ​តាម​លទ្ធភាព​ដែល​អាច​ទៅ​បាន និង ទៅ​តាម​ជំហាន​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាច​ធ្វើ​ទៅ​បាន។ 

ជាមួយគ្នានេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ករណី​នេះ ហើយ​បាន​រកឃើញ​ថា គម្រោង​វិនិយោគរបស់​ក្រុមហ៊ុន ប្រ៊ីលាន​សីធី ​ពុំ​មាន​លក្ខណៈ​ដូចជា គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេងទៀត ដែល​ជា​គម្រោង​វិនិយោគពិត​ប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជាមួយ​នឹង​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​នោះ​ទេ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គម្រោង​របស់ក្រុម ឡេង ចាន់ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ។ 

ផ្អែកលើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ នៅ​ថ្ងៃទី​១២ មីនា ២០១៤ លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ចអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង ឈាន​ទៅ​ឃាត់​ខ្លួន​ឈ្មោះ ឡេង ចាន់ណា ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន។ 

ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៣ មីនា ២០២៤ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ធ្វើ​សំណើ​ថ្វាយ ព្រះមហាក្សត្រ ជា​ទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត ដើម្បី​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់​លោកស្រី ឡេង ចាន់ណា។ នៅ​ថ្ងៃទី​១៤ មីនា ២០២៤ ព្រះ​រាជក្រឹត្យ​ក៏បាន​ចេញ​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់​លោកស្រី ឡេង ចាន់ណា។ 

លោក ណូ រដ្ឋា បាន​អះអាង​ថា ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នេះ​មាន​រហូត​ដល់​ទៅ១២ ១០០នាក់​ឯ​នោះ​ ដែល​មានទឹកប្រាក់​ជិត ៣០០ លាន​ដុល្លារ​អាមេរិក។ អ្នក​ចាញ់​បោក​ភាគច្រើន​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស និង អ្នក​ខ្លះ​ទៀត​ជាពលករ​ទៅ​ធ្វើការ​នៅ​បរទេស ដូចជា​នៅ​ប្រទេស កូរ៉េខាងត្បូង ជប៉ុន និង ម៉ាឡេស៊ី ជាដើម។ ក្នុង​ចំណោម​ទឹក​ប្រាក់ដែល​លោក​បាន​ចាញ់​បោក​នោះ លោក​បាន​ចង​ការ​ប្រាក់​ពី​ធនាគារ​ក្នុង​ស្រុក​ជាង ១០​ម៉ឺន​ដុល្លារឯនោះ ហើយ​នា​ពេលបច្ចុប្បនេះ លោក​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​ប្រាក់​សង​ទៅ​ធនាគារ​វិញ។

រដ្ឋា បាន​អះអាង​ថា៖ «ឥឡូវ​កំពុង​តែ​មាន​វិបត្តិ​បំណុល​ធនាគារ​វ័ណ្នក​តែ​ម្តង ព្រោះ​អី​ធនាគារ​ច្រើន ហើយ​អស់​លទ្ធភាព​ក្នុង​ការ​បង់ ហើយ​នឹង​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង។ ដំបូងឡើយ ទទួល​បាន​ការ​ប្រាក់ ទើប​តែ​ចាប់​ពីខែ​៧ ឆ្នាំ ២០២៣ មក ក្រុមហ៊ុន​លែង​បើក​ការ​ប្រាក់​ឱ្យ។ ពេលហ្នឹង​ទើប​ដឹង​ថា ចាញ់​បោក​គេ​ហើយ»។ 

លោក​បាន​បន្ថែម​ថា ទឹកប្រាក់​ជាង ២៣​ម៉ឺន​ដុល្លារ​នោះ គឺ​មិនទាន់​គិត​ទាំងប្រាក់​របស់​ម្តាយ និង​ប្អូន​របស់​លោក​ផង ហើយ​ជា​រៀងរាល់​ខែ ពួកគេ​ត្រូវ​បង់​ធនាគារ​ជាង ៥​ពាន់​ដុល្លារ​ឯនោះ។ ក្នុង​នោះ ចំណែក​លោក​ត្រូវ​បង់មាន​ជាង ២ពាន់ដុល្លារ។

លោក រដ្ឋា បាន​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ ២០១៩ ក្នុង​ពេល​ដែលលោក​កំពុង​តែ​ធ្វើការ​ជា​ពលករ​នៅ​រោងចក្រ​ទឹកកក​មួយ​ក្នុង​ប្រទេស កូរ៉េខាងត្បូង។ 

លោក​បាន​លើកឡើង​ថា ការ​ដែល​ហ៊ាន​ដាក់​ប្រាក់​វិនិយោគ​ដ៏​ច្រើន​នេះ គឺ​ដោយសារ​តែ​លោក​មាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន តាម​រយៈ​ការ​ណែនាំ​របស់​មិត្តភក្តិ​ដែល​កាល​នោះ​លោក​មិន​បាន​គិត​ទៅ​ដល់​រឿង​ចាញ់​ឆបោក​នោះ​ទេ។ 

លោក​បាន​បន្ត​ថា លោក និង​ជន​រងគ្រោះ​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​បណ្តឹង​រួមគ្នា​ទៅ​តុលាការ​ខេត្ត ដើម្បី​រក​ដំណោះស្រាយ និង​សុំ​សំណង​ពី​ការ​បាត់បង់​នោះ​មក​វិញ​រួច​ហើយ​ដែរ។ 

លោកថា៖ «ខ្ញុំ​ចង់​មាន​សំណង​មក​វិញ។ កាល​ពី​មុន​យើង​ចេះ​តែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ឡេង ចាន់ណា ហ្នឹង​ចេញ​មុខដើម្បី​ដោះស្រាយ ព្រោះ​ពួកយើង​អត់​មាន​លុយ​បង់​ធនាគារ តែ​ពួកគាត់​ធ្វើ​មិនដឹង​មិនឮ ដូច​មិនមាន​រឿង​អី​កើតឡើង។ គាត់​នៅ​បង្ហោះ ឡាញលក់​ផលិតផល​ធម្មតា ខណៈ​យើង​រងសម្ពោធ​គ្រប់​បែប​យ៉ាង។ យើង​ក៏​ខ្ចី​លុយ​គេ មក​បង់​ការ​ប្រាក់ធនាគារ​ដែរ។ ខ្ញុំ​អស់​ពី​ខ្លួន​រលីង ហើយ​អត់​មាន​មុខរបរទេ»។

ពលរដ្ឋ​អាយុ ៤១ឆ្នាំ​ម្នាក់​​នៅ​ខេត្តសៀមរាប​ក៏​បាន​អះអាង​ផងដែរ​ថា លោក​បាន​ខ្ចី​ធនាគារ​ចំនួន ២៥ ០០០ដុល្លារ​អាមេរិក ហើយ​បាន​យក​ទៅ​ដាក់​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុ​នេះ​ចំនួន ១៧ ៧០០ដុល្លារ កាល​ពី​ខែសីហា ឆ្នាំ ២០២២ ដោយទទួល​បាន​ការ​ប្រាក់​ចំនួន ៤ភាគរយ ក្នុង ១ខែ។ 

ទោះយ៉ាងណា លោក​បាន​សម្តែង​ក្តី​សង្ឃឹម​កាន់តែ​ច្រើន​ថា នឹង​ទទួល​បាន​ដំណោះ​ស្រាយ និង​សំណង​មក​វិញ ក្រោយ​ពីមាន​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​បែបនេះ។ 

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​លើក​ឡើង​ផងដែរ​ថា ទោះ​បី​ជា​សំណុំ​រឿង​ស្ថិតនៅ​ក្នុង​ដៃ​របស់​តុលាការ​ ក៏​រាជរដ្ឋាភិបាលនៅ​បន្ត​តាម​ដាន​ករណី​នេះ​ជា​ប្រចាំ នឹង​បាន​ប្រគល់​ភារកិច្ច​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ការ​ស្រាវជ្រាវ និង សហការ​គាំទ្រ​ដល់​ដំណើការ​របស់​តុលាការ​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វើ​យ៉ាង​ណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​លទ្ធភាព​ទៅ​តាម​ផ្លូវ​ច្បាប់។ 

ប្រមុខរដ្ឋាភិបាល​បាន​ស្នើឱ្យ​មេធាវី​រាជរដ្ឋាភិបាល និង ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ ដែល​រងគ្រោះ​នៅ​ក្នុង​ករណី​នេះ ហើយ​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​តាម​នីតិវិធី​ជា​ធរមាន។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ដ​សៀមរាប​បាន​ថ្លែង​ថា តុលាការ​អម​សាលាដំបូង​ខេត្ត​នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​នឹង​ក្រុម​ការងារ​ដែល​ចុះ​ទៅ​ដោះស្រាយ​លើ​ករណី​នេះ «មិន​ឱ្យ​មាន​ការ​យឺតយ៉ាវ​នោះ​ទេ»។

លោក​បញ្ជាក់​ថា៖ «ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ហ្នឹង ចៅក្រម​កំពុង​តែ​បន្ត​ការ​ស៊ើបសួរ​តែ​រហូត​ហ្នឹងឯង។ រឿងហ្នឹង យើងកំពុងតែ​ដុតដៃ​ដុតជើង​ធ្វើ»។ 

លោក​បាន​ឱ្យ​ដឹង​ផងដែរ​ថា តុលាការ​ក៏បាន​សម្រេច​បង្កក​គណនី​ធនាគារ​របស់​ក្រុមហ៊ុន​ចំនួន ១៨៣ ផងដែរ​កាល​ពី​ខែមេសា កន្លងមក ប៉ុន្តែ​មាន​ការ​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ។ រីឯ​ចំនួន​ជនរងគ្រោះវិញ ​ក៏​មិន​ទាន់​ដឹង​ពី​ចំនួន​ច្បាស់លាស់​នោះដែរ ដោយសារ​តែ​មាន​ពលរដ្ឋ​ទៅ​ដាក់​បណ្តឹង​ជា​បន្តបន្ទាប់ ហើយ​ករណី​ខ្លះ​កំពុង​តែ​ស្ថិត​ក្នុង​ដៃ​តំណាងអយ្យការ និង​ខ្លះទៀតនៅ​ចៅក្រម​ស៊ើបសួរ។ 

លោកថា យ៉ាងហោច​ណាស់ មនុស្ស​ពាក់ព័ន្ធ ៦ នាក់​ហើយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ក្នុង​សំណុំ​រឿងនេះ។ 

កាលពីខែមីនា កន្លងមក អគ្គនាយិកា​ក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ រួម​នឹង​អគ្គនាយករង ២រូប លោក ផុន សាមាន អាយុ ៣១ឆ្នាំ និង​លោក ចាន់ ឃីន អាយុ ៣០ឆ្នាំ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ពីបទ «ឆបោក​មាន​ស្ថាន​ទម្ងន់ទោស» តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៨០ ចំណុច៥ នៃ​ក្រម​ព្រហ្មទណ្ឌ បទ«សម្អាតប្រាក់» តាម​បញ្ញត្តិមាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​បទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» តាម​បញ្ញត្តិមាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សងប្រាក់។

តុលាការ​ក៏​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៣​នាក់​ជា​បណ្តោះ​អាសន្ន​នៅពន្ធនាគារ​ខេត្ត។ អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ឃុំខ្លួន និង​បង្គាប់​ឱ្យ​ចូល​ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ។

លោក រដ្ឋា បាន​អះអាង​ថា ក្នុង​ចំណោម​ប្រធាន​ក្រុម​របស់​ក្រុមហ៊ុន​នេះ​ចំនួន ២៥នាក់ មាន​តែ ៣នាក់​ប៉ុណ្ណោះ​ត្រូវ​ឃុំ​ខ្លួន​រហូតមក​ដល់​នឹង​ថ្ងៃទី១៥ ខែ​ឧសភា​នេះ៕