ភ្នំពេញ៖ កម្មវិធី​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ការ​បោស​សម្អាតមីន មនុស្សធម៌ (HDR&D Program) របស់​​សហរដ្ឋ​អាមេរិក, ​​អាជ្ញាធរ​មីន និង​ប្រតិបត្តិករ​ដោះ​មីន​នៅ​កម្ពុជា​ កំពុង​ជជែក​​ពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​វិស័យ​ដោះ​មីន​ដើម្បី​ការ​បោស​សម្អាត​មីន​កាន់​តែ​ប្រសើរ​ឡើង រហ័ស សុវត្ថិភាព តម្លៃទាប និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ 


ការ​ជជែក​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​​ពី​ថ្ងៃទី​​២០​ដល់​២១ ខែ​ឧសភា​នេះ។

លោក Sean Burke នាយក​កម្មវិធី HDR&D បាន​លើក​ឡើង​​ថា​​កម្មវិធី HDR&D ​បាន​រួម​ចំណែក​ដល់​វិស័យ​សម្អាត​មីន​នៅ​កម្ពុជា​ចាប់​ពី​​ឆ្នាំ ២០០៦ តាម​រយៈ​ការ​គាំទ្រ​ផ្តល់​នូវ​សម្ភារ​បច្ចេក​វិទ្យា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដល់​គ្រប់​ប្រតិបត្តិករជា​តិ​ និង​អន្តរជាតិ​នៅ​កម្ពុជា។


លោកថ្លែង​ថា ក្នុង​រយៈ​​ពេល ៥ឆ្នាំ​ចុងក្រោយ កម្ពុជា​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​លើ​វិស័យ​សកម្មភាព​មីន ដោយ​មាន​ចំណែក​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​របស់​សហរដ្ឋអាមេរិក​ផងដែរ។ 

បើតាម​លោក Burke បច្ចុប្បន្ន​នេះ មាន​បច្ចេក​វិទ្យា​ចំនួន ១៩ ប្រភេទ​ដែល​មាន​ប្រព័ន្ធ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន ១៣៣ កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ជាង​ ៥,២ លាន​ដុល្លារ។


លោក​ឲ្យ​ដឹង​ដែរ​ថា បច្ចេក​វិទ្យា​ចំនួន​៨​ទៀត​នឹង​មក​ដល់​កម្ពុជាក្នុង​ឆ្នាំ​នេះ ដែល​ក្នុង​នោះ​ការ​បណ្ដុះ​បណ្ដាល​សម្រាប់​បច្ចេក​វិទ្យា​ ៣ ប្រភេទ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា ចំណែក​បច្ចេក​វិទ្យា​ចំនួន​ ៥ ទៀត​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំនេះ។

លោក Burke និយាយ​ថា ការរៀបចំ​សិក្ខាសាលា​ បាន​បង្ហាញ​ពី​ប្តេជ្ញា​ចិត្ក​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​បច្ចេក​វិទ្យា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ការ​រាវ​រក​ និង​កម្ទេច​ចោល​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដទៃ​ទៀត​ ជាពិសេស​អាច​កំណត់​បាន​កាន់​តែ​ច្បាស់​នូវប្រភេទ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី១ អាជ្ញាធរមីន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​សម្រាប់​ការងារ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​​ផ្ទុះ​ពី​សង្រ្គាម។ 

លោក​ជឿជាក់​ថា អ្នក​ដោះ​មីន​កម្ពុជា​ប្រមាណ​ជាង ៥ ០០០​នាក់ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ទី​វាល​ផ្ទាល់ នឹង​កាន់​តែ​ទទួល​បានសុខ​សុវត្ថិភាព និង​លទ្ធផល​ល្អ​ប្រសើរ ពី​បច្ចេក​វិទ្យា។​ លើស​​ពី​នេះ​ទៀត សម្ភារ​បច្ចេកវិទ្យា​ទំនើប​នេះ នឹង​​ធានា​ឲ្យ​ដំណើរការ​នៃ​ការងារ​បោស​សម្អាត​មីន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ថ្លែង​ថា៖ «ជា​រៀង​រាល់​ឆ្នាំ ការ​ផ្ដល់​មូលនិធិ​ដ៏​សំខាន់​បូករួម​ជាមួយ​នឹង​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​មាន​តម្លៃ​ជាង​៦​លាន​ដុល្លារ​ត្រូវ​បានផ្ដល់​តាម​រយៈ​​កម្មវិធី HDR&D នេះ»។

លោក​បន្ត​ថា៖ «បច្ចេក​វិទ្យា​ជឿន​លឿន​​ទាំង​នេះ​ដែល​ប្រើ​ប្រាស់​ដោយ​សហការី​របស់​យើង​និង​អង្គការ​នានា​ដូច​ជា HALO Trust​ និង MAG មាន​សារៈ​សំខាន់​ក្នុង​ការ​ស្វែងរក​ដើម្បី​សម្អាត​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម»។

យោង​តាម​លោក លី ធុជ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ចំណែក​សម្រាប់​វិស័យ​សក​ម្មភាព​មីន​ក្នុង​ទឹកប្រាក់​ ២០៨ លាន​ដុល្លារ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក៕