
មន្ត្រីចុះបញ្ជីដើមច្បោះជ័រក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប។ រូបថត សហការី
ព្រះវិហារៈ ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាននឹងកំពុងតែធ្វើការចុះបញ្ជីដើមច្បោះជ័របម្រុងទុកប្រមាណជា ១ម៉ឺនដើមបន្ថែមទៀត ក្រោយពីបានធ្វើការចងក្រងជាសៀវភៅអំពីច្បោះជ័រជាង ៥ពាន់ដើម ដែលផ្តល់ជ័រទឹកដល់ពលរដ្ឋអាស្រ័យផលក្នុងតម្លៃរហូតដល់ទៅជាង ៦ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ការចុះបញ្ជី និងចងក្រងជាសៀវភៅមួយក្បាលកម្រាស់ជាង ៥០០ ទំព័រ នូវដើមច្បោះជ័រចំនួន ៥ ៥៥៥ដើមនោះ ត្រូវបានបញ្ចប់កាលពីចុងឆ្នាំ ២០២៣។
ដើមច្បោះជ័រទាំងនោះរួមមានដើមត្រាច និង ឈើទាលប្រេង ដែលមានពលរដ្ឋជនជាតិដើមភាគតិចគួយរស់នៅជុំវិញឧទ្យានចំនួន ២៦ គ្រួសារ កំពុងតែអាស្រ័យផលតាំងពីដូនតាមក។ នេះបើយោងតាមលោក សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប។
លោក សូត្រ សំណាង បានបញ្ជាក់ថា៖ «យើងចុះបញ្ជីតែដើមណាដែលគាត់អាស្រ័យផលសិនទេ ហើយដើមខ្លះសល់តពីរបីជំនាន់តាំងពីដូនតាគាត់មកឯនោះ។ តពីជីតា មកឳពុក ឥលូវតដល់ចៅទៀតហើយ»។
គម្រោងសិក្សាចុះបញ្ជីដើមច្បោះជ័រនេះ ធ្វើឡើងក្នុងគោលបំណង ថែរក្សាធនធានធម្មជាតិ អភិរក្សមុខរបរប្រពៃណីរបស់ពលរដ្ឋ បង្ហាញបច្ចេកទេសក្នុងការប្រមូលផល សម្គាល់ម្ចាស់អ្នកអាស្រ័យផល ដើម្បីចៀសវាងទំនាស់ពីការដងជ័រទឹកជាន់គ្នា ហើយឱ្យពួកគាត់ជួយថែរក្សាកុំឱ្យមានភ្លើងឆេះ ការលួចកាប់ ការលក់ដូរ ឬការចោះដើមច្បោះជ័រនៅតូចដើម្បីយកធ្វើកម្មសិទ្ធិជាដើម។
លោក សំណាង បន្តថា កន្លងមក មានចលនាបំផុសឱ្យពលរដ្ឋលក់ដើមច្បោះជ័រ ក្នុងតម្លៃ១ដើមតែ ១០ម៉ឺនរៀលប៉ុណ្ណោះ ដែលនេះជាទង្វើខុសច្បាប់ និង ជាការខាតបង់មួយយ៉ាងធំធេង។

កិច្ចប្រជុំជាមួយសហគមន៍នាពេលកន្លងមក។ រូបថត សហការី
លោកថ្លែងដូច្នេះថា៖«ការគណនាផលពីដើមច្បោះទាំងជាង ៥ ពាន់ដើមនោះទៅតាមតម្លៃទីផ្សារគឺចន្លោះពីជាង ៥ម៉ឺន ទៅ ៦ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ។ គាត់ជួយប្រមូលផលផង និងឱ្យចូលរួមអភិរក្សផង»។
លើសពីនោះ ការចុះបញ្ជីនោះ ក៏ជាផលប្រយោជន៏មួយសម្រាប់ធ្វើផែនការវិនិយោគ សម្រាប់បម្រើដល់វិស័យទេសចរណ៏នាពេលអនាគតផងដែរ។
គម្រោងសិក្សា និងចុះបញ្ជីដើមច្បោះជ័រកំពុងតែអាស្រ័យផលក្នុងឧទ្យានទំហំ ១១ ៤៣៥ហិកតា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនោះបានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ ដើមត្រាច និងឈើទាលប្រេងត្រូវបានចាត់ថ្នាក់ជាប្រភេទឈើលេខ២។
ជនជាតិដើមភាគតិចគួយ លោកសេង សាត អាយុ៥១ឆ្នាំ បានឱ្យដឹងថា លោកបានប្រមូលផលពីដើមច្បោះជ័រតាមប្រពៃណីចំនួន ៧០០ ដើម តាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ។ ប៉ុន្តែនាពេលបច្ចុប្បន្ន នៅសល់តែប្រមាណជា ៤០០ដើមប៉ុណ្ណោះ ដោយសារតែលោកបានចែកឱ្យកូន បងប្អូនខ្លះ និងដើមខ្លះទៀតត្រូវបានភ្លើងឆេះ ឬ ងាប់ជាដើម។
លោកបាននិយាយថា៖ «ការដែលឧទ្យានចុះរាប់ដើមនេះគឺល្អ។ ខ្ញុំអរណាស់ ព្រោះបានជួយដឹងឮថាយើងមានដើមហ្នឹង ហើយជួយការពារកុំឱ្យមានគេលួចកាប់។ ពេលមិនទាន់មានឧទ្យាន មានគេលួចកាប់»។

មន្ត្រីចុះបញ្ជីដើមច្បោះជ័រក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប។ រូបថត សហការី
លោកបញ្ជាក់ថា ការប្រមូលផលពីច្បោះជ័រអាចធ្វើឡើងទាំងក្នុងរដូវប្រាំង និង រដូវវស្សា ហើយក្នុងមួយសប្តាហ៍ លោកប្រមូលបានពី ៣ ទៅ ៥កាន។ ចំពោះតម្លៃវិញ គឺវាអាស្រ័យទៅលើជ័រដែលដងបាន ដែលមានតម្លៃចន្លោះពី ៧ ម៉ឺនទៅ១០ម៉ឺនរៀលក្នុង ១កាន (៣០លីត្រ)។ ពេលខ្លះជ័រមិនសូវល្អ ដោយសារតែលោកមិនសូវបានសម្អាតរណ្តៅ ហើយក្នុងរដូវវស្សាមានទឹកចូលខ្លះជាដើម។
លោកសំណាងក៏បានឱ្យដឹងផងដែរថា នាពេលបច្ចុប្បនេះ ក្រុមការងារក៏បានកំពុងតែធ្វើគម្រោង១ទៀត ដើម្បីចុះបញ្ជីដើមច្បោះជ័របម្រុងទុកប្រមាណជា ១ម៉ឺនដើមផ្សេងទៀត។ ការចុះបញ្ជីនេះគឺធ្វើតែទៅលើដើមច្បោះជ័រ ដែលទំហំចន្លោះពី២តឹកជាង ទៅ ៣តឹកប៉ុណ្ណោះ ដែលអាចប្រមូលផលបានក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំខាងមុខទៀត។
លោក សំណាង មានប្រសាសន៍ថា៖ «ឥលូវនេះ យើងកំពុងតែចុះបញ្ជីដើមបម្រុងថ្មី ដែលមានច្រើនជាងដើមធ្វើហើយ [ជាង ៥ពាន់ដើម] នោះទៅទៀត។ យើងធ្វើបន្តក្នុងគោលបំណងដើមកត់ត្រាប្រមូលព័ត៌មានធនធានធម្មជាតិរបស់ឧទ្យាន ដើម្បីរៀបចំផែនការអភិរក្ស ក្នុងការប្រមូលផលប្រកបដោយនិរន្តរភាព រៀបចំកម្មវិធីអេកូទេសចរណ៍ ដើម្បីណែនាំដល់ភ្ញៀវ ដែលស្រលាញ់ព្រៃឈើ បរិស្ថានឱ្យគាត់បានដឹងផងដែរ»។

ឧបករណ៍សម្រាប់ដងជ័រដើមច្បោះ។ រូបថត សហការី
លោកបានបន្តថា ក្នុងរយៈពេល ៩ថ្ងៃដំបូង ដើមច្បោះជ័រចំនួន ១ ៥៦៣ដើម ត្រូវបានចុះបញ្ជី ដែលរួមមានទាំងការថតរូបដើម ដាក់ស្លាកសម្គាល់ កំណត់ទីតាំងដាក់បញ្ចូលក្នុងផែនទី និង ទំហំដើម ជាដើម៕