
សត្វទោចថ្ពាល់លឿងរស់ក្នុងព្រៃធម្មជាតិកម្ពុជា ថតបានដោយក្រុមការងារ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។ WCS
មណ្ឌលគិរីៈ បើទោះបីជាកំពុងតែគំរាមកំហែងពីការបំផ្លាញទីជម្រកធម្មជាតិ និងបរបាញ់យ៉ាងណាក៏ដោយ ក៏សត្វទោចថ្ពាល់លឿងមានចំនួនថេរ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលជាចំនួនច្រើនជាងប្រទេសជិតខាង ដូចជាប្រទេសឡាវ និងវៀតណាម។
សត្វទោចថ្ពាល់លឿងប្រមាណ ១ ១២៩ក្បាលត្រូវបានធ្វើកំណត់ត្រានៅក្នុងដែនជម្រកនេះ ដែលជាចំនួនមួយថេរ និងបង្ហាញសញ្ញាវិជ្ជមានមួយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា សហការជាមួយក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិរក្សនានា ដើម្បីធ្វើការការពារប្រភេទសត្វទទួលរងគ្រោះជិតផុតពូជមួយនេះ។ នេះបើយោងតាមអង្គការ WCS។
អង្គការបានបញ្ជាក់ថា៖ «ប៉ុន្តែសត្វទោចថ្ពាល់លឿង នៅតែទទួលរងការគំរាមកំហែងដោយសារការបំផ្លាញទីជម្រកធម្មជាតិ ការបរបាញ់ដើម្បីយកសាច់បរិភោគនិងធ្វើឱសថបុរាណ និងការចាប់យកមកធ្វើជាសត្វចិញ្ចឹម»។
អង្គការអភិរក្សនេះក៏បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីការពារសត្វទោចថ្ពាល់លឿង និងសត្វព្រៃដទៃទៀត ដោយមិនបរិភោគសាច់សត្វព្រៃ មិនប្រើប្រាស់ផលិតផលធ្វើពីសត្វព្រៃ និងមិនបំផ្លាញព្រៃឈើ ដែលជាទីជម្រករបស់សត្វព្រៃ។
លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បទល្មើសព្រៃឈើនៅតាមតំបន់អភរិក្សមានការថយចុះក្នុងឆ្នាំ ២០២៤ នេះ។
លោក ប៊ុនធឿន បានអះអាងដូច្នេះថា៖ «ឥឡូវទាំងបទល្មើសកាប់ឈើ បទល្មើសការកាប់រានទន្រ្ទានយកដីមានការថយចុះច្រើន ដោយសារតែយើងល្បាត និងបានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងដល់ ឃុំ ស្រុក គ្រប់កន្លែងទាំងអស់ ដែលធ្វើឱ្យប្រជាជនមានការយល់ដឹងច្រើន»។
លោកបានឱ្យដឹងផងដែរថា ទាក់ទងទៅនឹងការអភិរក្សសត្វថ្ពាល់លឿងក្នុងដែនជម្រកសត្វព្រៃកែវសីមានេះដែរ មានគម្រោងមួយ ឈ្មោះ ជំរុំសត្វទោច ចាហ៊ូ ដែលជាសហគ្រាសអេកូទេសចរណ៍ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង។ អ្នកទេសចរណ៍អាចទៅទស្សនាសត្វថ្ពាល់លឿងនេះតាមរយៈសហគមន៍អេកូទេសចរណ៍មូលដ្ឋានមួយនេះ។

ក្រុមការងារ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បំពាក់កាមេរ៉ាំស្វ័យប្រវត្ត។ WCS
USAID មរតកបៃតងបានឱ្យដឹងថា ជំរុំសត្វទោច ចាហ៊ូ បានពង្រីកទីជម្រកទំហំ ៤៤៥,៥ហិកតា បន្ថែមទៀតដោយជោគជ័យសម្រាប់សត្វទោចថ្ពាល់លឿង ដែលជិតផុតពូជនៅ កែវសីមា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ការពង្រីកនេះបានធ្វើឱ្យតំបន់រស់នៅរបស់សត្វទោចសរុបបានកើនឡើងរហូតដល់ ៦៩១,៣ហិកតា នាពេលបច្ចុប្បន្ននេះ។
គម្រោងនេះមានគោលបំណងបន្តពង្រីកទីជម្រករបស់សត្វទោចឱ្យឈានដល់គោលដៅចំនួន ១ ០០០ហិកតានៅចុងឆ្នាំនេះ។
ការពង្រីកនេះបានផ្តល់កន្លែងសម្រាប់បង្កើនសកម្មភាពស្រាវជ្រាវ និង ការផ្សាំងសត្វទោច ក៏ដូចជា ការពង្រីកវិសាលភាពនៃការឃ្លាំមើលព្រៃរបស់ ចាហ៊ូ ផងដែរ។ សកម្មភាពទាំងនេះ រួមទាំងការការពារជម្រកដ៏សំខាន់ របស់សត្វទោច ទល់នឹងការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វ និងការកាប់រានព្រៃដោយផ្ទាល់។
ជំរុំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចបានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ តាមរយៈការលក់កញ្ចប់ទេសចរណ៍ដើម្បីទស្សនាសត្វទោច។ ជាថ្នូរមកវិញ សហគមន៍បានធ្វើការការពារសត្វទោចទាំងនោះ ព្រមទាំងសត្វព្រៃផ្សេងៗទៀត និងជម្រករបស់វាផងដែរ។
សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមអង្គការ IUCN។ អង្គការ WCS បានឱ្យដឹងដែរថា សត្វទោចថ្ពាល់លឿងភាគច្រើនរស់នៅក្នុងព្រៃស្រោង និង ពាក់កណ្តាលស្រោងភាគខាងកើតនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ប៉ុន្តែ ដែនជម្រកសត្វព្រៃ កែវសីមា ចំនួនសត្វទោចថ្ពាល់លឿងច្រើនជាងគេបំផុត។
សត្វទោចថ្ពាល់លឿងនេះពេលកើតមកមានរោមពណ៌លឿងដូចគ្នា។ ប៉ុន្តែ នៅអាយុប្រហែល ៦ខែ សត្វទោចថ្ពាល់លឿងឈ្មោលនឹងប្រែពណ៌ខ្មៅរហូតដល់ចាស់។
ចំណែកសត្វទោចថ្ពាល់លឿងញីវិញ ប្រែពណ៌ខ្មៅ ហើយបន្ទាប់មកប្រែទៅជា ពណ៌លឿងវិញនៅពេលវាដល់វ័យបន្តពូជនៅចន្លោះអាយុ ៦-៨ ឆ្នាំ។ ពួកវាស្ថិតនៅក្នុងពពួកក្រុមពានរដ៏កម្រ ដែលមានភាពស្ម័គ្រស្មោះ (ឯកព័ន្ធភាព) ជាមួយដៃគូជីវិត ដូចមនុស្សអីចឹង៕