ភ្នំពេញ: ក្នុង​សកម្មភាព​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ជីវចម្រុះ រាជរដ្ឋាភិបាល​កម្ពុជា និង​ឥណ្ឌា ​បានប្រកាស​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​នាំយក​​ពូជ​​​ខ្លា​ធំ​ដែល​ត្រូវ​​បាន​ប្រកាស​​ផុត​ពូជ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦​ ត្រឡប់​ទៅ​តំបន់​ភ្នំ​ក្រវាញ​វិញ។​


គំនិត​ផ្តួចផ្តើម​នេះ ជា​ផ្នែក​មួយ​នៃ​សន្និសីទ​ «ការ​គ្រប់​គ្រង​សត្វព្រៃ និង​​យុទ្ធសាស្ត្រ​ស្ដារសត្វ​ខ្លាធំ​នៅ​កម្ពុជា» មាន​គោលបំណង​នាំយក​​ខ្លា​ធំ​មក​វិញ​ និង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​នៅក្នុង​តំបន់​អេកូឡូស៊ី​ដ៏​សំខាន់បំផុត​មួយ​របស់​អាស៊ីអាគ្នេយ៍។ ខ្លា​ទាំង​បួន​នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ។

លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​អំពី​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​សត្វ​ខ្លា​នៅ​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា នៅ​សណ្ឋាគារ Tribe Hotel។


លោក​បាន​ឱ្យដឹងថា​៖ «នៅ​លើ​ពិភពលោក​នេះ មាន​តែ ១៤ ប្រទេស​ប៉ុណ្ណោះ ដែល​មាន​ខ្លាធំ​ ហើយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ខ្លាធំ​ក្នុង​ដង់ស៊ីតេ​យ៉ាង​ច្រើន។ ជាអកុសល ដោយ​ជួប​សង្គ្រាម​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​១៩៧០ វា​បាន​ធ្វើ​ឱ្យ​វត្ដមាន​សត្វ​ធំ​មាន​ការ​ថយ​ចុះ​ជា​បន្ដបន្ទាប់»។

លោក​បន្ដថា ការ​បរបាញ់​ដើម្បី​ពាណិជ្ជកម្ម​ឆ្អឹង និង​ស្បែក កាន់​តែ​ក្លាយ​ជា​សត្វ​កម្រ​ ហើយ​វត្ដមាន​ខ្លា​ធំ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​តាម​រយៈ​កាមេរ៉ា​បង្កប់​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០០៧។ សត្វ​ខ្លា​ធំ​ត្រូវបាន​ប្រកាស​ដាច់​ពូជ​ក្នុង​ឆ្នាំ​២០១៦។ 


ខ្លាធំចំនួន ៤ ក្បាល ដែល​មក​ពី​ Western Ghats ក្នុង​ដំណាក់​កាល​ទីមួយ ហើយ​ប្រមាណ ​១១ ក្បាលទៀត​ក្នុង​ដំណាក់​កាល​បន្ទាប់​​ នឹងត្រូវ​ព្រលែង​ក្នុង​តំបន់​ស្នូល​នៃ​ជួរ​ភ្នំ​ក្រវាញ ដែល​ត្រូវ​បាន​ការពារ និង​ចាត់ទុក​ថា មាន​សុវត្ថិភាព​បំផុត ក្នុង​ការ​ស្តារ​សត្វខ្លាធំ​នៅ​កម្ពុជា​ឡើងវិញ។

លោក​ សំអាង បាន​ថ្លែង​ថា​៖ «ជំហាន​ដំបូង​នេះ កម្ពុជា​នឹង​នាំ​យក​ខ្លាធំ​ចំនួន ៤ ក្បាល ញី ៣ ក្បាល និង​ឈ្មោល​មួយ​ក្បាល​ពី​ប្រទេស​ឲណ្ឌា។ ប្រសិន​បើ​គម្រោង​នេះ​ជោគជ័យ តំបន់​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​អាច​មាន​សមត្ថភាព​ទទួល​ខ្លាធំ​រហូត​ដល់​មួយ​រយ​ក្បាល​»។ 

លោក​បាន​បន្ដថា ការនាំ​សត្វ​ខ្លាធំ​មក​កម្ពុជា​នឹង​នាំមក​នូវ​សារៈប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​ រួមទាំង​​ស្តារ​សត្វព្រៃ​ដែល​​បាត់​បង់ និង​បង្កើត​ជីវជម្រុះ​ធម្មជាតិ​ ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍ សម្រាប់​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ថែមទៀត​។​

ដើម្បី​ធានា​សុវត្ថិភាព និងការ​សម្រប​ខ្លួន​​សត្វ​ខ្លា ក្រសួងបរិស្ថាន និងអង្គការ​​សម្ព័ន្ធ​សត្វព្រៃ បាន​កំណត់ទុក​ដីព្រៃ​ចំនួន ៩០ ហិកតា ក្នុង​ដែនជម្រក​សត្វព្រៃ​តាតៃ បំភ្នំក្រវាញ ដោយ​មានជ​ម្រក​បណ្ដោះ​អាសន្ន​ដ៏​រឹង​មាំ​​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ មុន​លែង​ចូល​តំបន់​​ស្នូល​នៃ​តំបន់​ការពារ​ធម្មជាតិ។

យ៉ាងណាមិញ ដើម្បី​សុខុមរមនា​នៃការ​រស់​នៅរវាង​មនុស្ស និង​សត្វ​ព្រៃ លោក សំអាង បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្ដ​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះ​ផង​ដែរ។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ជាសកល​នៃ​កម្មវិធីនាំ​យក​​ខ្លាធំ​មក​កាន់​កម្ពុជា​​ឡើងវិញ​។​

លោកស្រី​ Khobragade បាន​ថ្លែង​ថា៖ «​កម្មវិធីនាំ​​សត្វ​ខ្លាធំ​មក​កាន់​កម្ពុជា​នេះ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​​ការស្ដារ​ឡើងវិញ​នូវ​ជីវចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា និង​រួមចំណែក​ដល់​ជីវចម្រុះ​ពិភពលោក។ ​វា​ក៏​ជា​កាតព្វកិច្ច​សីលធម៌​សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​មាន​វត្តមាន​នៅថ្ងៃនេះ»។

ភាព​ជោគជ័យ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​អភិរក្ស​សត្វ​ខ្លាធំ ដែល​គាំទ្រ​ដោយ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ដ៏​រឹងមាំ និង​ការ​ចូលរួម​សហគមន៍ ដើរ​តួ​ជា​គំរូ​សម្រាប់​គំនិត​ផ្តួចផ្តើម​នេះ។

លោកស្រី​ Khobragade បាន​និយាយ​ថា៖ «​តាមរយៈ​ការធ្វើ​ការ​រួមគ្នា និង​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​ល្អ​បំផុត​ជា​សកល យើង​អាច​ធានាបាន​នូវ​ការ​អភិរក្ស​រយៈពេល​វែង​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។​

ភាពជា​ដៃគូ​រវាង​ឥណ្ឌា និង​កម្ពុជា រួមមាន​ការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​យ៉ាង​ច្រើន និង​ការ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​អនុរក្ស​កម្ពុជា​។​

ដោយថ្លែង​ថា ​សត្វខ្លា​ធំ​ចំនួន​បួន​ក្បាល​ដំបូង​នឹង​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឬ ខែ​ធ្នូ​នេះ លោកស្រី Khobragade បាន​ឱ្យ​ដឹង​ថា៖ «យើង​នឹង​មាន​ការ​តាម​ដាន​រយៈពេល​វែង​នៃ​ចំនួន​សត្វខ្លាធំ​ដែល​​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំក្រវាញ»។

កញ្ញា Suwanna Gauntlett ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Wildlife Alliance បាន​និយាយ​ថា៖ «គម្រោង​នាំយក​សត្វខ្លា​ធំ​ឡើងវិញ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ ដោយ​សហការ​ជាមួយ​សាធារណជន​នៃ​ប្រទេស​ឥណ្ឌា ដែល​កំពុង​ជួយ​យើង​តាម​រយៈនាយកដ្ឋាន​នានា​​របស់​ពួកគេ រួម​ទាំង​អាជ្ញាធរ​អភិរក្ស​បច្ចេកទេស​ជាតិ និង វិទ្យាស្ថាន​សត្វព្រៃ​នៃ​ប្រទេស​ឥណ្ឌា ក៏​ដូចជា​សម្ព័ន្ធ​សត្វព្រៃ»។

លោក​ស្រី​បន្ត​ថា ការ​គ្រប់​គ្រង​សកម្មភាព​ទាំង​នេះ​មាន​ក្រសួង​បរិស្ថាន​កម្ពុជា ក្រសួង​ព្រៃឈើ និង​ការ​ប្រែប្រួល​អាកាសធាតុ​ពី​ប្រទេស​ឥណ្ឌា និង​អង្គការ​​សម្ព័ន្ធ​សត្វព្រៃ។

គម្រោង​នេះ​លាត​សន្ធឹង​លើ​ផ្ទៃដី​ព្រៃឈើ​ចំនួន ១,៤ លាន​ហិកតា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​អនុវត្ត​ចម្បង។ ស្ថានីយ៍​អនុរក្ស​ចំនួន ១៦ ដែល​ប្រតិបត្តិការ​លើ​ផ្ទៃដី ១៧០០០ គីឡូម៉ែត្រ​ការ៉េ ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការការពារ​ព្រៃឈើ។

កញ្ញា Gauntlett បាន​និយាយ​ថា ចាប់​តាំង​ពីឆ្នាំ ២០០២ មក អនុរក្ស​បាន​ធ្វើការ​ល្បាត​ចំនួន ៦៣៨៣៧ ដង​ ដោះស្រាយ​ការ​រំលោភ​យក​ដី​បាន​ចំនួន ៤១០៨ ករណី និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ២០៩៣ ករណី។

កញ្ញាបន្ត​ថា៖ «កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​ឈាន​ដល់​ការ​រឹប​អូស​ម៉ាស៊ីន​សង្វាក់​ចំនួន ១០២១៨ និង​ការ​រុះរើ​ជំរំ​កាប់​ឈើ​ខុស​ច្បាប់​ជា​ច្រើន និង​ឡដុត​ធ្យូង​ពាណិជ្ជកម្ម»។

កញ្ញា Gauntlett ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​លើកឡើង​ថា៖ «អ្នកកាប់​ឈើ​លែង​ប្រើ​ច្រវាក់​ទៀត​ហើយ ប៉ុន្តែ​អ្នក​ជីក​ដើម្បី​កាប់​ឆ្ការព្រៃ»។

ជាការឆ្លើយតប អង្គការ Wildlife Alliance គ្រោង​នឹង​ដាំ​ដើមឈើ​ឡើងវិញ​នៅ​ខេត្តពោធិសាត់ កោះកុង និងកំពង់ស្ពឺ។

ការរៀបចំ​សម្រាប់​ការ​មក​ដល់​របស់​សត្វ​ខ្លា​ពី​ប្រទេស​ឥណ្ឌា​កំពុង​ដំណើរការ​យ៉ាង​ល្អ។ កញ្ញា Gauntlett បាន​សង្កត់ធ្ងន់ថា៖ «​បច្ចុប្បន្ននេះ យើង​មាន​អន្ទាក់​សូន្យ​។ ស្ថានីយ៍​អភិរក្ស​​ទាំង ១៦ នោះបាន​ធ្វើ​ល្បាត​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លប់​​ចាប់​តាំង​ពី​ឆ្នាំ ២០០២»​។​

កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​ចំនួន ៨២៩៧ ក្បាល និង​បាន​កត់ត្រា​ករណី​សត្វព្រៃ​ដែល​ងាប់​ចំនួន ៣១៦០ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​អង្គការ​ក្នុងការ​អភិរក្ស​ជីវចម្រុះ​។​

នៅ​ថ្ងៃ​ទិវា​សត្វ​ខ្លា​ពិភព​លោក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ អង្គការ Wildlife Alliance Cambodia បាន​អំពាវនាវ​ឱ្យមាន​ការ​យកចិត្តទុកដាក់​ជាថ្មី​លើ​ការផ្តល់​សត្វ​ខ្លា​ធំទៅ​​កាន់​ជួរ​ភ្នំក្រវាញ ដោយ​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​ពួកវា​ក្នុង​ការរក្សា​តុល្យភាព​អេកូឡូស៊ី​។​

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​ផែនការ​នាំយក​សត្វ​​ខ្លាធំ​ឡើងវិញ ដោយ​ឆ្លុះបញ្ចាំង​ពី​មោទនភាព​ជាតិ និង​ការប្ដេជ្ញាចិត្ត​ក្នុងការ​អភិរក្ស​។​

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ប្រទេស​ឥណ្ឌា ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រើប្រាស់​ជំនាញ​របស់​ឥណ្ឌា​ក្នុងការ​អភិរក្ស​សត្វ​ខ្លា​ធំ។​

ក្រសួងបរិស្ថាន និង​អង្គការ​​កំពុង​ពង្រីក​ការចាប់​កាមេរ៉ា​នៅ​ជួរ​ភ្នំក្រវាញ​រហូតដល់ ៤១០ កាមេរ៉ា​ ដ៏ច្រើន​ពុំ​ធ្លាប់​មាន​ ដើម្បី​ធានា​ការផ្គត់ផ្គង់​អាហារ​គ្រប់គ្រាន់​សម្រាប់​សត្វ​ខ្លាធំ​ ជា​កត្តាចាំបាច់​សម្រាប់​ការចិញ្ចឹម​សត្វ​ខ្លាធំ​​ដោយ​ជោគជ័យ​៕