
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ SHS
ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើចិនមើលមកកម្ពុជាជា «មិត្តដែលគួរឱ្យទុកចិត្ត» ហើយលោកបញ្ជាក់សារជាថ្មីថា ទោះបីកម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំថ្មី គោលជំហរកម្ពុជាក្នុងទំនាក់ទំនងជាមួយចិនពុំមានការផ្លាស់ប្ដូរនោះទេ។
លោកស្នើដូច្នេះក្នុងជំនួបនាថ្ងៃទី២៣ ខែឧសភា ជាមួយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
បណ្ដាញផ្សព្វផ្សាយសង្គមលោកប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖ «សម្ដេចក៏បានសុំឱ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឱ្យទុកចិត្ត។ មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងជាមួយចិនទេ»។
លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
លោកបានចាត់ទុកការជួយរបស់ចិនមកកម្ពុជាមិនត្រឹមតែជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែថែមទាំងបានជួយពង្រឹងដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។
លោក Shohrat Zakir ថ្លែងថា ចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជា «យ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍» របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង។ ចិនក៏បានប្ដេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។
លោកថ្លែងថា៖ «ភាគីចិននឹងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត»។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយសង្គមដដែល។
លោក Shohrat Zakir បានបញ្ជាក់ថា ភាគីចិននឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការនាំចូលផលិតផលកសិកម្មពីកម្ពុជា ការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។
ប្រទេសទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ល្បែងស៊ីសងតាមអនឡាញ (Online) ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទំនាក់ទំនងកម្ពុជា និងចិនបានចាក់ស្រេះយ៉ាងជ្រៅក្នុងស្រទាប់សង្គម និងនយោបាយកម្ពុជា រហូតដល់មានការបង្កើតកិច្ចព្រមព្រៀងទីផ្សារសេរី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតផង។
លោកថ្លែងថា បើទោះកម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំថ្មីក្ដី ក៏កម្ពុជានៅតែប្រកាន់ខ្ជាប់លើគោលការណ៍ចិនតែមួយ និងពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសលើវិស័យសង្គម សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វប្បធម៌ យោធា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលជាផ្នែកមួយនៃការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។
លោក ថុង ម៉េងដាវិត បន្ថែមថា៖ «ចិនមិនត្រឹមតែមិត្តល្អ បងប្អូនរបស់កម្ពុជាប៉ុណ្ណោះទេ តែចិនក៏បានជួយដល់ការអភិវឌ្ឍកម្ពុជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មី និងទំនើបៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចកម្ពុជា និងជួយសម្រាលដល់ជីវភាពប្រជាជនកម្ពុជាផងដែរ»។
ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ កាលពីថ្ងៃទី២១ ឧសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ជាថ្មីថា «ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់គឺមានសង្គតិភាព»។
កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃប្រទេសចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីទឹកដីរបស់ចិន។
អ្នកនាំពាក្យក្រសួងបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»។
កាលពីថ្ងៃទី២០ ឧសភា ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានស្បថចូលកាន់តំណែង បន្ទាប់ពីបានឈ្នះការបោះឆ្នោតកាលពីខែមករា៕