
ផែនទីក្នុងដីកាដកហូតដីជិត ៩០០ហិកតា ស្ថិតក្នុងជម្រកសត្វព្រៃភ្នំឱរ៉ាល់ទុកជាសម្បត្តិរដ្ឋវិញ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ រូបថត សហការី
កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើការបដិសេធ ហើយបានសម្រេចចេញដីកាដកហូតដីជិត ៩០០ហិកតា ស្ថិតក្នុងជម្រកសត្វព្រៃភ្នំឱរ៉ាល់ទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីមានការចូលទន្រ្ទានកាន់កាប់ដោយខុសច្បាប់ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ដីកាស្តីពី ការប្រកាសបដិសេធ និង ដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលចុះហត្ថលេខាដោយ អភិបាលខេត្ត កំពង់ស្ពឺ លោក វ៉ី សំណាង កាលពីថ្ងៃទី២១ ខែឧសភា បានសម្រេចថា៖ «ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួនមួយកន្លែង ដែលមានផ្ទៃដីសរុប ៨៩៣ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ»។
ដីកាដកហូតក៏បានភ្ជាប់នូវចំណុចនិយាមកា និង ផែនទីបង្ហាញទីតាំងដីផងដែរ ហើយក៏បានកំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិ ដើម្បីឱ្យមានការធ្វើការតវ៉ាតាមផ្លូវច្បាប់។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន បានអះអាងនៅថ្ងៃទី២៤ ខែឧសភានេះថា ដីក្នុងតំបន់នោះកាលពីដើមឡើយ គឺជាដីសហគមន៍ ឧត្តមស្រែពស់ ប៉ុន្តែត្រូវបានគេចូលទន្រ្ទាន និងកាន់កាប់ដោយខុសច្បាប់ជាច្រើនឆ្នាំមកហើយ។
អង្គការធ្លាប់បានចុះអង្កេតឃើញមានការឈូសឆាយ ហើយបានសុំកម្លាំងការិយាល័យនៃដែនជម្រកទៅចាប់បានអាល់ប៊ុលមួយគ្រឿង។ ក្រោយមកពីមានការផាកពិន័យ គ្រឿងចក្រនោះក៏ត្រូវបានដោះលែងវិញ។
លោកបានអះអាងបន្តថា ប៉ុន្មានថ្ងៃក្រោយមក មានការឈូសឆាយបន្តទៀត ហើយអង្គការក៏បានសុំកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីចាប់បញ្ជូនទៅការិយាល័យដែនជម្រកសត្វព្រៃ ចាត់ការតាមនីតិវិធីច្បាប់ទៀត។
កាលពីថ្ងៃទី២ ខែឧសភានេះអង្គការក៏បានផ្ញើលិខិតទៅកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីស្នើសុំឱ្យមានការអន្តរាគមន៍ចុះអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ចំពោះការទន្រ្ទានយកដីក្នុងតំបន់ការពារដោយព្រះរាជក្រឹត្យនោះ។
លោកនិយាយថា៖ «មានមន្រ្តីដែនជម្រកចុះទៅសិក្សាស្រាវជ្រាវ ហើយខាងរដ្ឋបាលឃុំក៏បានចេញលិខិតបដិសេធមិនទទួលស្គាល់លើទីតាំងដីហ្នឹង។ ដីនោះមានអ្នកខាងក្រៅចូលទៅទិញ ហើយមានការទិញលក់តៗគ្នាអញ្ជឹងមក។ ម្ចាស់គេចខ្លួនបាត់ហើយដែរ»៕