ភ្នំពេញ៖ ស្ថានទូត​បារាំង​ប្រកាស​ផ្ដល់​ទិដ្ឋាការ​ស៊ែនហ្គែន​​ (Schengen Visa) សម្រាប់​អតីត​និស្សិត​កម្ពុជា​ដែល​ធ្លាប់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​ ដែល​អាច​ធ្វើ​ដំណើរ​រយៈ​ពេល​ខ្លី​ទៅ​កាន់​ប្រទេស​ទទួល​ស្គាល់​ទិដ្ឋាការ​នេះ​ចំនួន​២៩​នៅ​ទ្វីប​អឺរ៉ុប។


ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង នៅ​ស្ថានទូត​បារាំង​កាល​ពី​ល្ងាច​ថ្ងៃទី​២៤ ខែ​ឧសភា។ ពិធី​ជួបជុំ​នេះ​ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​ទិវាពិភពលោក​លើក​ទី២​នៃ​អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​បារាំង។

លោក ហ្វាប្រ៊ីស​ ​អេជេន (Fabrice Etienne) ភារធារី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ប្រកាស​ថា ទិដ្ឋាការ​នេះ​មាន​សុពលភាព​រយៈ​ពេល​ពី​ ១​ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​អាច​ត្រូវ​បាន​ផ្ដល់​ជូន​ភរិយា ឬ​ស្វាមី និង​កូនៗ​របស់​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ផង​ដែរ។


សម្រាប់​ប្រទេស​បារាំង ទិដ្ឋាការ​នេះ​អាច​អនុញ្ញាត​ឲ្យ​អតីត​និស្សិត​និង​ក្រុម​គ្រួសារ​ស្នាក់​នៅ​ប្រទេស​បារាំង​បាន​រយៈ​ពេល ៩០ ថ្ងៃ។ អ្នក​ដែល​ត្រូវ​ការ​ទិដ្ឋាការ​នេះ​អាច​ដាក់​ពាក្យ​​ស្នើសុំ​នៅ​មជ្ឈមណ្ឌល TLScontact ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​ឆ្លងដែន​ដែល​មាន​សុពលភាព ឯកសារ​ចម្លង​នៃ​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ ឬ​បណ្ឌិត និង​ចុះ​ឈ្មោះ​នៅ​លើ​គេហទំព័រ France Alumni Cambodge។

បណ្តាញ ​France Alumni Cambodge ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ ដែល​មក​ទល់​នឹង​ពេល​នេះ​មាន​សមាជិក​ជា​អតីត​និស្សិត​កម្ពុជា​ជាង​៩០០​នាក់។


យោងតាម​ស្ថានទូត​បារាំង ក្នុង​មួយ​ឆ្នាំៗ​មាន​និស្សិត​ពី​កម្ពុជា​ចំនួន ១៥០​រូប​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ហើយ​បច្ចុប្បន្ន​នេះ មាន​និស្សិត​កម្ពុជា​ជាង​ ៨០០ នាក់​កំពុង​បន្ត​ការ​សិក្សា​នៅ​ទីនោះ។

ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង នៅ​ស្ថានទូត​បារាំង​កាល​ពី​ល្ងាច​ថ្ងៃទី​២៤ ខែ​ឧសភា។ នៀម​ ឆេង

ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​អាហា​រូបករណ៍​ពី​កម្មវិធី​ផ្សេងៗ​ដូចជា​កម្មវិធី​អាហា​រូបករណ៍​រដ្ឋាភិបាល​បារាំង ​(France Excellence) ដែល​មាន​ប្រមាណ​៣០​នាក់​ក្នុង​មួយ​ឆ្នាំ, កម្មវិធី ​Excellence Eiffel ដែល​មាន​ប្រមាណ​១០​ក្នុង​មួយ​ឆ្នាំ, ​កម្មវិធី Erasmus+ ដែល​ទទួល​និស្សិត​ប្រមាណ ១៥នាក់​ក្នុង​មួយ​ឆ្នាំ និង​កម្មវិធី​សញ្ញាប័ត្រ​បណ្តុះ​បណ្តាល​វេជ្ជសាស្ត្រ​ DFMS/DFMSA​ ដែល​ទទួល​និស្សិត​ប្រមាណ​៧០​នាក់​ក្នុង​មួយ​ឆ្នាំ។ លើស​ពី​នេះ​ទៀត និស្សិត​មួយ​ចំនួន​ពី​បណ្ឌិត​សភារ្យ​បច្ចេក​វិទ្យា​ឌីជីថលកម្ពុជា (CADT) ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ផងដែរ។

លោក មាស ឡេន គឺជា​សាស្ត្រាចារ្យ​គណិត​វិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​សិក្សា​នៅ​ប្រទេស​បារាំង​អស់រយៈ​ពេល​ ៥ ឆ្នាំ ពី​ឆ្នាំ​២០១២ ដល់ ២០១៧ តាមរយៈ​កម្មវិធី​អាហារូបករណ៍ ​PGSM (Paris Graduate School for Mathematical Sciences)។ ក្នុង​អំឡុង​ពេល​នេះ​ លោក​បាន​ចំណាយ​ពេល​២ឆ្នាំ​សម្រាប់​ការ​សិក្សា​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​គណិត​វិទ្យា​នៅ​ទីក្រុង​ប៉ារីស និង ៣​ឆ្នាំ​ទៀត​ថ្នាក់​បណ្ឌិត​ផ្នែក​គណិតវិទ្យា​ដដែល​នៅ​ទីក្រុង​នីស (Nice)។

លោក​បាន​ចែក​រំលែក​ពី​បទពិសោធន៍​របស់​លោក​ថា លោក​បាន​ព្យាយាម​ស្វែង​រក​ និង​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នេះ​តាម​អនឡាញ​រហូត​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​លោក​ថា អាហារូបករណ៍​នេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​បារាំង។ លោក​គឺជា​និស្សិត​ខ្មែរ​លើក​ដំបូង​ដែល​បាន​ទទួល​អាហារូបករណ៍​​នៅ​ក្នុង​កម្មវិធី​នេះ។

លោក​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​ឲ្យ​រឹងមាំ និង​មាន​ចំណេះ​ដឹង​ទាំង​ភាសាបារាំង​និង​អង់គ្លេស ពីព្រោះ​កម្មវិធី​ខ្លះ​ក៏​ប្រើប្រាស់​ភាសា​អង់គ្លេស​ដែរ។

លោកថា៖ «ចង់​ទៅ​រៀន​អ្វី​ក៏ដោយ សំខាន់​យើង​មាន​គ្រឹះ​ខ្លាំង​នៅ​ស្រុក​ខ្មែរ។ គ្រឹះ​នេះ​ជួយ​ឲ្យ​យើង​ទទួល​បាន​អាហារូបករណ៍ ហើយ​ពេល​បាន​អាហារូបករណ៍​ហើយ វា​ធ្វើ​ឲ្យ​យើង​ស្រួល​ខ្លួន​ពេល​ទៅ​រៀន​មិន​សូវ​មាន​សម្ពាធ​ខ្លាំង​ពេក​សម្រាប់​ខ្លួន​ឯង»។

បើ​តាម​ស្ថានទូត​បារាំង ប្រទេស​បារាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​នៅ​លើ​ពិភព​លោក​សម្រាប់​រយៈ​ពេល ៤ ឆ្នាំ​ជាប់ៗ ដោយសារ​តែ​បារាំង​មាន​​គ្រឹះស្ថាន​អប់រំ​ឈាន​មុខ​គេ​នៅ​លើ​ «ចំណាត់​ថ្នាក់​សៀងហៃ»។ គ្រឹះស្ថាន​សិក្សា​បារាំង​ស្ថិត​នៅ​ក្នុង​ចំណោម​គ្រឹះស្ថាន​ឈាន​មុខ​គេ​ទាំង​២០៕