ជន​សង្ស័យ​ ២​រូប​​ក្នុង​សំណុំ​រឿង​ឆបោក​ក្នុង​ទឹកប្រាក់​ជាង ៦០​ម៉ឺន​ដុល្លារ ​​ក្រោម​រូបភាព​​ដាក់​ប្រាក់​វិនិយោគ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ខណៈ​ដែល​សមាគម​ធនាគារ​នៅ​កម្ពុជា​​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន។


កងកម្លាំង​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​បង្ក្រាប​ករណី​ឆបោក​ប្រាក់​ ក្រោម​រូប​ភាព​ដាក់​ប្រាក់​វិនិយោគ​ចំនួន​ ២​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆបោក​ ដោយ​សន្យា​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ។ នេះបើ​តាម​ការ​ស្នងការការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយ​រៀង។ 

ស្នងការ​ដដែល​បញ្ជាក់​ថា ជន​សង្ស័យ​ជា​សហចារី​បាន​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់ ជា​មធ្យោបាយ​សម្រាប់​ទទួល​ប្រាក់​ឆបោក​ពី​អ្នក​វិនិយោគ​ផ្សេងៗ​ រួច​ផ្ទេរ​ប្រាក់​ទាំង​នោះ​ទៅ​ឱ្យ​បក្ស​ពួក​របស់​ខ្លួន​តាម​រយៈ​គណនី​ធនាគារ​ជាច្រើន។ 


ស្នងការ​នគរបាល​បញ្ជាក់​ថា៖ «ពួក​គេ​និង​បក្ស​ពួក​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ដោយ​និយាយ​លួង​លោម​ជន​រង​គ្រោះ​ឱ្យ​ជឿ​ជាក់​ព្រម​ដាក់​ប្រាក់​វិនិយោគ»។ 

មន្ត្រី​សមត្ថកិច្ច​ខេត្ត​ស្វាយ​រៀង​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​ពីរ​​មិន​ទុក​ប្រាក់​ជាមួយ​ពួក​គេ​ទេ ដោយ​សមត្ថកិច្ច​​បាន​រក​ឃើញ​សែក​ថត​នៅ​ក្នុង​ទូរស័ព្ទ​ដែល​មាន​ទឹកប្រាក់​ជាង ៦៤ ​ម៉ឺន​ដុល្លារ​ ដែល​ត្រូវ​​បាន​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស។


ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​តាម​​មាត្រា ៣៧៧​ និង​ ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​អំពើ​ឆបោក ដែល​​ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ៦ ខែ​ទៅ​ ៣ ឆ្នាំ។

ទំព័រ​ហ្វេសប៊ុក​ស្នងការ​ខេត្ត​ស្វាយ​រៀង​សរសេរ​ថា៖ «ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ សូម​ក្រើន​រម្លឹក​ដល់​ប្រជាពល​រដ្ឋ​ទាំង​អស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ជឿ​ទុក​ចិត្ត​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់ តាម​រយ:​បណ្តាញ​សង្គម​ក្នុង​ការ​វិនិយោគ និង​ការ​ផ្ទេរ​ប្រាក់​ណា​មួយ ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សមាគម​ធានាគារ​នៅ​កម្ពុជា បាន​ក្រើន​រំឭក​​​ដល់​សាធារណជន​អំពី​ការ​ឆបោក​ ដោយ​ជនល្មើស​បង្កើត​ទំព័រ​ហ្វេសប៊ុក​ក្លែង​ក្លាយ​​ប្រើ​ឈ្មោះ​ធនាគារ​ណា​មួយ ព្រម​ទាំង​បាន​​ក្លែង​បន្លំ​ជា​បុគ្គលិក​ធនាគារ ​ណាមួយ​តាមរយៈ​ការ​​ចម្លង​យក​រូប​ថត​បុគ្គលិក​នោះ ​ដើម្បី​ទាក់​ទង​ទៅ​ជន​រង​គ្រោះ​ក្នុង​ការ​ផ្តល់​សេវា​កម្ចី។ 

បន្ទាប់ពី​ពួក​គេ​មាន​ទំនាក់​ទំនង​ជាមួយ​ជន​រងគ្រោះ​ហើយ ពួក​គេ​ឲ្យ​ជន​រង​គ្រោះ​បញ្ចូល​លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់​នានា និង​បញ្ចុះ​បញ្ចូល​ជន​រង​គ្រោះ​ឱ្យ​ផ្ញើ​ប្រាក់​ទៅ​ពួក​គេ​តាម​រយៈ​​ KHQR។

សមាគម​ធនាគារ​នៅ​​កម្ពុជា​បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ​ខុស​ពី​គោល​ការណ៍​របស់​ធនាគារ ហើយ​គឺ​ជា​សកម្មភាព​បោក​ប្រាស់៕