កំពតៈ ក្រុម​មន្រ្តី​ជំនាញ​កំពុង​សិក្សា​ពី​ការ​ប្រទះ​ឃើញ​ប្រភេទ​សត្វផ្សោត​គ្មាន​ព្រុយ​ខ្នង​មួយ​ក្បាល​ជា​លើក​ដំបូង​ក្នុង​ដែន​សមុទ្រក​ម្ពុជា ក្រោយ​ពេល​ដែល​វា​បាន​ជាប់​មង​ស្លាប់​នៅ​ក្នុង​សហគមន៍​នេសាទ ត្រពាំង​រពៅ ស្ថិតក្នុង​សង្កាត់​ព្រែក​ត្នោត ក្រុង​បូក​គោ កាលពី​ថ្ងៃទី​១០ មិថុនានេះ។


លោក ស សារិន នាយ​ខណ្ឌ​​រដ្ឋបាល​​ជល​ផល​ខេត្តកំពត​បាន​ឱ្យ​ដឹង​នា​ថ្ងៃទី​១១ ខែ​មិថុនា​ថា ប្រជាសហគមន៍​នេសាទ ត្រពាំង​រពៅ​បាន​រាយការណ៍​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ពី​ផ្សោត​ជាប់​មង​មួយ​ក្បាល កាល​ពី​ថ្ងៃទី​១០ ខែ​មិថុនា​នេះ។ ក្រោយ​ពី​ក្រុម​ការងារ​ជលផល និង អង្គការ​អភិរក្ស​ធនធាន​សមុទ្រ​កម្ពុជា (MCC) បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ផ្សោត​ញី​វ័យ​ជំទង់​មួយ​ក្បាល​នោះ ជា​ប្រភេទ​ផ្សោត​គ្មាន​ព្រុយ (Neophocaena phocaenoides) ដែល​ជា​កំណត់ត្រា​ជា​លើក​ដំបូង​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖ «ប្រភេទ​ផ្សោត​អត់​ព្រុយខ្នង​ហ្នឹង ជា​ប្រភេទ​ថ្មី ដែល​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​ជាច្រើន​ឆ្នាំ ​មក​ហើយ​មិន​ដែល​បាន​ឃើញ​ទេ​នៅ​តំបន់​យើង។ ក្រុម​ការងារ​យើង​បាន​ធ្វើ​អត្តសញ្ញាណ​វា​ទៅ​ឃើញ​ថា វា​ជា​ប្រភេទ​ផ្សោត​ពូជ​ថ្មី​មួយ​ទៀត​ក្រៅពី​ប្រភេទ​ផ្សោត​ក្បាល​ត្រឡោក និង​ផ្សោត​ផ្កា​ឈូក»។ 


ក្រុម​ការងារ​កំពុង​តែ​ធ្វើ​ការ​សិក្សា​បន្ត​ទៀត ដើម្បី​ឱ្យ​ដឹង​ថា ផ្សោត​គ្មាន​ព្រុយខ្នង​មួយ​ក្បាល​នេះ បាន​បំលាស់​ទី​មក​ពី​ណា។

លោក​ថ្លែង​ថា៖«ដោយសារ​តែ​នៅ​តំបន់​យើង​ហ្នឹង​មាន​លក្ខណៈ​ជីវៈចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​ប្រសើរ សម្បូរ​ចំណី វា​អាច​មក​ពី​តំបន់​ផ្សេង​ចូល​មក​រក​ចំណី​នៅ​ទីនេះ។ យើង​កំពុង​សិក្សា​ឱ្យដឹង​ថា វា​នៅ​ក្នុង​តំបន់​ហ្នឹង ឬ​តំបន់​ផ្សេង​មក​រក​ចំណី»។ 


ទោះយ៉ាងណា លោកក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ផ្សោត​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយសារ​តែ​ជាប់​មង​យូរពេក។ ប្រ​សិន​បើ​វា​នៅ​រស់ ក្រុម​ការងារ​អាច​ធ្វើ​ការ​ប្រលែង​វា​ទៅវិញ ដើម្បី​ធ្វើការ​តាម​ដាន​ពី​ប្រភព​របស់វា។ សាកសព​របស់​ផ្សោត​នោះ​ត្រូវ​បាន​កប់​នៅ​ក្នុង​សហគមន៍​នេសាទ​ត្រពាំង​រពៅ​ផងដែរ ក្រោយ​ពី​ការ​ពិនិត្យ​រួចរាល់។

លោក​បន្ត​ថា នៅ​ក្នុង​សហគមន៍​នេសាទ​ត្រពាំង​រពៅ​នោះ​មិន​ទាន់​មាន​ការ​ហាមឃាត់​ពី​ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ដូចជា​មង ឬ​លប​នោះ​ទេ។ រដ្ឋបាល​ជលផល​ក៏​កំពុង​តែ​រៀបចំ​ធ្វើការ​សិក្សា​ផងដែរ ដើម្បី​កំណត់​តំ​បន់​អភិរក្ស​នៅ​ក្នុង​សហគមន៍​នោះ។

អង្គការ MCC បាន​លើក​ឡើង​ផងដែរ​ថា កំណត់ត្រា​ផ្សោត​ថ្មី​នោះ វា​ក៏​ជា​លទ្ធផល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ជីវៈចម្រុះ ជា​ពិសេស ប្រភព​អាហារ និង​ជម្រក​សុវត្ថិភាព ដែល​ទាក់ទាញ​ប្រភេទ​សត្វ​កំពុង​រង​គ្រោះ​ថ្នាក់ផ្សេងៗ​ទៅរស់​នៅ​ក្នុង​​តំបន់​អភិរក្ស​ជលផល​សមុទ្រ​កម្ពុជា​ផងដែរ។

ក្រុម​ការងារ​បច្ចេកទេស​នឹង​បន្ត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​កំណត់​ត្រាថ្មី​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ទូលំទូលាយ និង​លម្អិត​បន្ថែម និង​ព្យាយាម​ការពារ​ថនិក​សត្វថ្មី​នេះ។ 

កាលពីចុង​ខែ​ឧសភា កន្លងមក ​កូនផ្សោត​ក្បាល​ត្រឡោក​ថ្មី​មួយ​ក្បាលក៏ត្រូវបាន​ប្រទះ​ឃើញ​វត្តមាន​ផងដែរ នៅពេលដែល​វា​កំពុង​តែ​ហែល​ជាមួយ​នឹង​ផ្សោត​ឃ្លៀចនៅព្រែកត្នោត​ក្នុង​ក្រុង​បូកគោ​​។ ក្រុម​ការងារ​អង្គការ MCC និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាន​ធ្វើការ​តាម​ដាន​ពី​វត្តមាន​នៅជាមួយ​គ្នា​យ៉ាង​ចម្លែក រវាង​ផ្សោត​ទាំង ២​ប្រភេទ​នេះ។  

ទោះយ៉ាងណា លោក ស សារិន បាន​ឱ្យ​ដឹង​ថា រហូតមក​ដល់​ពេល​នេះ ការ​តាមដាន​មិនទាន់​ទទួល​បាន​លទ្ធផល​បន្ថែម​ទៀត​នោះទេ៕