ក្មេងស្រីម្នាក់ក្នុងវ័យជាងប្រហែល ១៥ឆ្នាំ ស្ថិតក្នុងសម្លៀកបំពាក់អាវស សំពតខៀវ បានដើរចូលទៅក្នុងហាងកាហ្វេមួយនៅក្នុងក្រុងសៀមរាប ហើយក៏បង្ហួសចូលទៅកន្លែងក្មេងលេងដោយមានបង្ហុយផ្សែងវ៉ែបយ៉ាងរំភើយ។ បន្ទាប់មកនាងបានអង្គុយនៅផ្នែកខាងលើនៃកន្លែងក្មេងរំអិលខ្លួនដើម្បីបង្ហុយផ្សែងបន្តរហូតដល់ចប់ទើបចេញទៅវិញ។
ចំណែកនៅឯកហាងកាហ្វេមួយកន្លែងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញវិញ ក្មេងៗសិស្សសាលាថ្នាក់វិទ្យាល័យមួយក្រុមប្រមូលផ្ដុំគ្នាចន្លោះពី ៥ ទៅ ១០នាក់ នាចុងសប្ដាហ៍ដើម្បីលេងហ្គេមនៅលើទូរស័ព្ទនិងនៅលើកុំព្យូទ័រ ដោយខ្លះមានទាំងជក់បារី និងវ៉ែបផងដែរ។
ទិដ្ឋភាពបែបនេះ គេក៏អាចឃើញមាននៅហាងកាហ្វេឬម៉ាតមួយចំនួន និងទីកន្លែងកម្សាន្តមួយចំនួនទៀតដែលត្រូវបានតុបតែងដ៏ស្រស់ស្អាត។ វាជាអ្វីដែលបានកើតឡើងច្រើនឆ្នាំមកហើយ ទោះបីជាវិធានការមួយចំនួនត្រូវបានដាក់ចេញដាច់ដោយឡែកពីគ្នាដោយអាជ្ញាធរក៏ដោយ។
រូបភាពបែបនេះក៏កើតមាននៅខេត្តកំពង់ចាមផងដែរ ដែលជំរុញឲ្យរដ្ឋបាលខេត្តនេះប្រកាសដាក់ចេញវិធានការថ្មីចុងក្រោយកាលពីថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ ដោយតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ម្ចាស់ហាងទាំងអស់ធ្វើការរួមគ្នាទប់ស្កាត់សកម្មភាពដែលអាចឲ្យពួកគេឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន។
បើតាមលិខិតរដ្ឋបាលខេត្តកំពង់ចាម សិស្សមួយចំនួនតូចបានគេចសាលា ហើយប្រមូលផ្ដុំគ្នានៅតាមម៉ាត កន្លែងលក់ភេសជ្ជៈឬកាហ្វេ ក្លឹបហាត់ប្រាណ បាល់ទះឬបាល់ទាត់ អាហារដ្ឋាន ឬកន្លែងកម្សាន្តមួយចំនួន។ ការប្រមូលផ្ដុំរបស់ពួកគេ គឺដើម្បីលេងទូរស័ព្ទ ហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះនិងបង្កើតជាបក្សពួកក្មេងទំនើង ដែលអាចឈានដល់ការប្រើប្រាស់គ្រឿងញៀន។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្តបានណែននាំឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចុះទៅអប់រំ និងផ្សព្វផ្សាយទៅដល់ម្ចាស់អាជីវកម្មនានាដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ។ លើសពីនេះទៀតអាជ្ញាធរក៏ត្រូវចុះអប់រំដល់សិស្សានុសិស្សនៅតាមសាលាផងដែរ។
លិខិតរបស់រដ្ឋបាលខេត្តបញ្ជាក់ថា៖ «គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់តាមច្បាប់ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឲ្យបន្តប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន»។
រដ្ឋបាលខេត្តព្រមានថា អាជីវកម្មដែលមិនសហការ ឬបណ្ដែតបណ្ដោយឲ្យមានសកម្មភាពបែបនេះ ប្រឈមនឹងការបិទអាជីវកម្ម និងទទួលរងនូវទោសទណ្ឌទៅតាមច្បាប់ជាធរមាន។
រដ្ឋាបាលខេត្តក៏ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ដូចជាអាណាព្យាបាល សាលារៀន បន្តណែនាំ និងអប់រំដល់ពួកគេ ដូចជាការពង្រឹងការស្រង់វត្តមាននៅតាមសាលារៀនជាដើម។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និង ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដើម្បីទប់ស្កាត់ការគេចសាលារបស់សិស្សហើយទៅពួនជក់បារី ជក់វ៉ែប លេងហ្គេម វាតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រាប់ចាប់ពីឪពុកម្ដាយរហូតដល់អាជ្ញាធរថ្នាក់ជាតិ។
លោកថ្លែងថា ឪពុកម្ដាយត្រូវតាមដានឲ្យបានដិតដល់ទៅលើសកម្មភាពកូនរបស់ខ្លួន និងការសេពគប់មិត្តរបស់ពួកគេ។ ចំណែកនៅតាមសាលារៀនវិញ ត្រូវមានការរឹតបន្តឹងទៅលើវត្តមានរបស់សិស្ស។
ចំណែកក្រសួង និង មន្ទីរអប់រំ យុវជន និងកីឡា ត្រូវពិនិត្យមើលរឿងនេះឲ្យបានដិតដល់ ដោយសារតែកាលពីមុនក្រសួងបានចាត់វិធានការទៅលើការដាក់ទូរហ្គេមនៅក្បែរសាលា ប៉ុន្តែ បច្ចុប្បន្ននេះ ហ្គេមមាននៅលើទូរស័ព្ទដែលធ្វើឲ្យការទប់ស្កាត់មានការពិបាកជាងមុន។ ករណីនេះ លោកថា ត្រូវមានកិច្ចសហការរវាងក្រសួង មន្ទីរ ការិយាល័យអប់រំជាមួយឪពុកម្ដាយដើម្បីដឹងពីបញ្ហារបស់កូន។
សម្រាប់អាជ្ញាធរមូលដ្ឋានវិញ លោក ប៊ុនថង ស្នើឲ្យពិនិត្យមើលទៅលើម៉ោងដែលសិស្សមិននៅក្នុងសាលា ថាតើពួកគេធ្វើអ្វីនៅចន្លោះម៉ោងនោះ។ ពេលឃើញសកម្មភាពជក់វ៉ែប ឬលេងហ្គេមនៅកន្លែងណាមួយ អាជ្ញាធរត្រូវរាយការណ៍ទៅសាលា និងឪពុកម្ដាយ។ លោកក៏ស្នើឲ្យមានការបង្កើតក្រុមសម្រាប់ទំនាក់ទំនងរវាងឪពុកម្ដាយ សាលារៀន និងអាជ្ញាធរ ដើម្បីរាយការណ៍ពីសកម្មភាពមិនល្អរបស់សិស្ស។
លោកថា៖ «ឧទាហរណ៍ថា បើឃើញគាត់ប្រមូលផ្ដុំគ្នា ជក់វ៉ែប លេងហ្គេម ឬធ្វើអ្វីផ្ដេសផ្ដាស់នោះ យើងអាចរាយការណ៍ និងចាត់វិធានការទាន់ពេលវេលា។ សម្រាប់វិស័យឯកជន ដូចជាហាងកាហ្វេ ឬម៉ាតជាដើម ពួកគេត្រូវសហការរាយការណ៍ទៅអាជ្ញាធរ ឬ សាលារៀន ប្រសិនឃើញសិស្សប្រមូលផ្ដុំធ្វើសកម្មភាពទាំងនោះ។ ប្រសិនបើវិស័យឯកជនមិនសហការ ហើយចង់បានលុយ ក្មេងៗនៅតែមានកន្លែងសម្រាប់ប្រព្រឹត្តដដែល»។
ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល ធ្លាប់បានប្រកាសអំពីហានិភ័យ និងផលប៉ះពាល់បណ្ដាលមកពីការជក់បារី និង វ៉ែប និងគ្រឿងស្រវឹងនានា។ ប៉ុន្តែ លោក ប៊ុនថង យល់ថា វិធានការទប់ស្កាត់លើបញ្ហានេះត្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកនិយាយថា៖ «ដូច្នេះ គួរតែមានសេចក្ដីប្រកាស ឬវិធានការអ្វីមួយដែលធ្វើឡើងជាអន្តរក្រសួង និងវិស័យឯកជន ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីរបស់ក្មេងៗដែលធ្វើឲ្យពួកគេអាចក្លាយជាក្មេងទំនើង ញៀនគ្រឿងស្រវឹងឬគ្រឿងញៀន ឬក្មេងជក់នឹងហ្គេម ឬជក់បារី ឬ វ៉ែប»៕