ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសកម្មភាពអសីលធម៌ក្នុងពិធីមង្គលការ ដែលធ្វើឡើងជាចម្បងដោយពលរដ្ឋកម្ពុជារស់នៅប្រទេសជិតខាង។
សកម្មភាពពួកគេបានបង្ហាញនៅក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គម ពួកគេបញ្ចេញក្បាច់រាំបែបសិចស៊ី និងដាំដូងក្នុងសម្លៀកបំពាក់ប្រពៃណី ដែលសកម្មភាពទាំងនេះរងនូវការរិះគន់យ៉ាងខ្លាំង។
លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖«កន្លងមក ទាំងស្ថាប័នពាក់ព័ន្ធ យើងធ្វើការផ្សព្វផ្សាយជាសិក្ខាសាលា សេចក្ដីជូនដំណឹង និងបែបបទផ្សេងៗ ហើយនៅក្នុងវិស័យនេះ ពួកគេបានជ្រួលជ្រៀបអស់ហើយចំពោះពិធីការ និងចរឹកលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាត»។
លោកបានបញ្ជាក់ថា ប៉ុន្ដែបញ្ហាកើតចេញពីបុគ្គលមួយចំនួន ដែលប្រព្រឹត្ដិជ្រុលហួសហេតុដើម្បីភាពចំណេញផ្ទាល់ខ្លួន។
លោក ម៉ាប់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ហេតុការណ៍កើតឡើងថ្មីៗនេះ គឺជាបងប្អូនខ្មែរយើងនៅប្រទេសជិតខាង ដែលមិនមែនជាទង្វើរបស់បងប្អូនក្នុងប្រទេសនោះទេ។ ពួកគាត់មិនមានសកម្មភាពហួសហេតុបែបនេះដែរ»។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ។
វាជាអប្បកិរិយាបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។
ក្នុងគោលបំណងថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្រសួងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី៧ ខែមិថុនា ដោយបានលើកឡើងថា៖ «ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន»។
ក្រុមប្រឹក្សាក៏បានចេញលិខិតអំពាវនាវដល់មាតាបិតា ដោយជំរុញឱ្យពួកគេជ្រើសរើសក្រុមសិល្បៈដោយប្រុងប្រយ័ត្នសម្រាប់ពិធីមង្គលការរបស់កូនៗ ដើម្បីធានាថាការសម្ដែងលើកតម្កើងតម្លៃសង្គម។
សេចក្ដីប្រកាសរបស់ក្រសួងបានបន្ដថា៖ «សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ»។
លោក ដួង សុគា ជាពិធីករ និងជាសិល្បករក្នុងពិធីមង្គលការ ជាពិសេស ពិធីកាត់សក់ បានឱ្យដឹងថា ក្នុងនាមជាសិល្បករក្នុងកម្មវិធីមង្គលការ និងស្រឡាញ់វប្បធម៌ខ្មែរ លោកមិនចង់ឱ្យមានការសម្ដែងក្នុងពិធីកាត់សក់បែបប្រពៃណីក្នុងទម្រង់អសីលធម៌នោះទេ ទាំងការសម្ដែង និងការប្រើប្រាស់ពាក្យពេចន៍ ទោះបីជាលោកអះអាងថា លោកមិនមានសិទ្ធិក្នុងការកាត់សេចក្ដី។
លោក សុគា បាននិយាយថា៖ «បើសង្កេតទៅមើលដូនតាយើង ខ្ញុំគិតថា ពួកគាត់លេងអ៊ីចឹងទេ។ ពួកគាត់លេងដោយការគោរពគ្នា និងផ្ដល់តម្លៃឱ្យគ្នា មិនប៉ះពាល់គ្នា។ ក្រោយៗនេះ សូម្បីតែការលេងសើចជាមួយកូនកំដរ យើងក៏គួរតែគិតដែរថា តើយើងគួរលេងសប្បាយក្នុងកម្រិតណាមួយឱ្យសមរម្យ ដោយមិនប្រឡំឱបរឹតអី»។
លោកបានលើកឡើងថា ការបង្កើតបរិយាកាសសប្បាយតែងមាន ប៉ុន្ដែត្រូវគិតអំពីសីលធម៌ ការអប់រំ ក្នុងនាមជាសិល្បៈ ដោយលោកថ្លែងអំពីចំណាប់អារម្មណ៍របស់លោកផ្ទាល់។
លោក សុគា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំចង់សំណូមពរដល់ប្អូនៗ ក្មួយៗ ជាអ្នកសិល្បៈទាំងអស់ ត្រូវធ្វើយ៉ាងមេចក្នុងសកម្មភាពថ្លៃថ្នូរ ត្រូវចេះគោរពស្រឡាញ់ដែលមានប្រយោជន៍សម្រាប់ជាតិ។ កុំសប្បាយ រហូតដល់ភ្លេច ហើយកុំឱ្យប្លែករហូតដល់ហួស។ បងប្អូនយើងមិនពេញចិត្ដ ក្នុងបណ្ដាញសង្គម គេរិះគន់»។
លោកជឿជាក់ថា អ្នកលេងសប្បាយខុសទំនៀមនឹងធ្វើការកែខ្លួន ហើយយុវជនដទៃមិនយកគំរូតាម ខណៈម្ចាស់កម្មវិធីគួរតែព្រមានអ្នកសិល្បៈជាមុនក្នុងការលេងសប្បាយក្នុងកម្មវិធីមង្គលរបស់កូនៗរបស់ពួកគេ៕