ភ្នំពេញ៖ នៅក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ឆ្ពោះទៅរក​ការលើកកម្ពស់​ទីផ្សារ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​សុខភាព​សាធារណៈ ពិធី​ចុះហត្ថលេខា​ «ក្រមប្រតិបត្តិ​សម្រាប់​ការ​ធ្វើ​ទីផ្សារ និង​ការ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា» ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​


កម្មវិធី​​នេះ​រៀបចំ​ដោយ HEINEKEN, CAMBREW, WSBIDA, APISWA ដោយ​បាន​ធ្វើ​ការ​​​រួមគ្នា​រវាង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​របស់​កម្ពុជា និង​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ធានា​ការអនុវត្ត​ការផ្សាយពាណិជ្ជកម្ម​ប្រកបដោយ​ក្រមសីលធម៌ និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រើប្រាស់​គ្រឿង​​ស្រវឹង​។​

​គាំទ្រ​ដោយ​ប្រទេស​ហត្ថលេខី​ជាច្រើន​ពី​គ្រប់ផ្នែក​ទាំង​អស់នៃ​ខ្សែសង្វាក់​តម្លៃ រួមទាំង​អ្នក​ផលិត អ្នក​ចែក​ចាយ និង​អ្នក​លក់រាយ​អន្តរជាតិ និង​ក្នុងស្រុក សម្ព័ន្ធ​នេះ​បាន​កៀរគរ​ក្រុមហ៊ុន​ក្នុង​​ឧស្សាហកម្ម​ជាច្រើន​ឱ្យ​ចូលរួម​​ធ្វើ​ទីផ្សារ​ប្រកបដោយ​ការទទួលខុសត្រូវ​។​


​លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បើក​ពិធី​ដោយ​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ក្រម​សីលធម៌ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​​នេះ​។​

លោក បាន​ថ្លែង​ថា៖ «ខ្ញុំ​​គាំទ្រ​ដល់​ការ​បង្កើត​ស្ដង់ដា​រួម​មួយ​នៃ​អាជីវកម្ម​គ្រឿង​ស្រវឹង ក្នុង​បំណង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​ការ​​ទទួល​ខុស​ ដើម្បី​ការ​រក្សា​បាន​នូវ​សន្ដិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ក៏ដូចជា​ចូលរួម​សុខភាព​សាធារណៈ​»។ 


លោក ភក្ដ្រា ជា​ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ទទួល​ស្គាល់​​ថា​ ជាមួយ​ការ​រីកចម្រើន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ដែល​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់សេដ្ឋកិច្ច​ជាតិ​។ 

​លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​បើក​ពិធី​ដោយ​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ក្រម​សីលធម៌ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​​នេះ​។​ រូបថត សហការី

លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យដឹងថា វិស័យ​ឧស្សាហកម្ម​ ផលិត​ កែច្នៃ​ស្បៀង​​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ រួម​ទាំង គ្រឿង​ស្រវឹង បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​បង់​ពន្ធអាករ​ ការ​បង្កើត​ការងារ​ដល់​ពលរដ្ឋ ក៏ដូចជា ការ​ចូលរួម​សកម្មភាព​សង្គម​ផង​ដែរ។ 

យ៉ាងណាមិញ លោករដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ បាន​ទទួល​ស្គាល់​ថា ​​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ក៏​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីជាតិ​ផងដែរ តាមរយៈ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹក​គគ្រែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​បណ្ដាញ​ទំនាក់​ទំនង​ដោយ​ខ្វះ​ក្រម​សីលធម៌ ដោយសារ​ក្រុមហ៊ុន​ស្រាបៀរ​មាន​ចំនួន និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​អតិថិជន​រៀងៗ​ខ្លួន​ ដែល​ពេល​ខ្លះ វាជ្រុស​ហួស​ហេតុ​។ 

លោក​បាន​ថ្លែង​ថា​៖ «ពេល​ខ្លះ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ខ្លះ ដែល​ជំរុញ​ឱ្យ​អតិថិជន ជាពិសេស ស្រទាប់​យុវវ័យ​កម្ពុជា​ឈ្លក់​វង្វែង​ក្នុង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួសហេតុ ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​ជា​ច្រើន​លើស​លប់​។ ទាំង​នេះ​បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​សុខភាព​ ដែល​បណ្ដាល​មកពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​»។ 

លោក​បាន​លើកឡើង​ពី​ការ​ផ្សព្វផ្សាយ​ដើម្បី​តែ​ផល​ប្រយោជន៍​ និង​ចំណូល​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ពី​ប៉ះពាល់​​ផ្សេងៗ ដូចជា ការ​ប្រើ​ប្រាស់​នារី​រាំ​ដោះអាវ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រពៃណី និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ស្ដ្រី​ខ្មែរ​ទូទៅ​ និង​វប្បធម៌​របស់​ជាតិ។ 

ក្រុមហ៊ុន​ស្រាបៀរ​មួយ​ចំនួន​បាន​បំពាន​ល័ក្ខខណ្ឌ​ដោយ​បាន​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែលមិន​បំពេញ​តាម​បំណង​នៃការ​ផ្សព្វផ្សាយ​របស់​ខ្លួន​។ វាជា​ទង្វើ​ប្រាសចាក​ក្រម​សីលធម៌​សារព័ត៌មាន។ 
ដោយ​បាន​លើកឡើង​ពី​ការ​ប្រើ​ប្រាស់​យុវវ័យ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ​លើ​សៃវៀន​ប្រដាល់​គុនខ្មែរ​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​គល់​ស្ពាន​ឬស្សីកែវ​ ដោយ​អ្នក​បើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង ការ​រឹត​បណ្ដឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​ត្រូវបាន​ធ្វើ​ឡើង​។ 

លោក ភក្ដ្រា បាន​បន្ដថា​ ការទទួលទាន​គ្រឿង​នាំ​ឱ្យ​កើត​ចេញ​ជា​បញ្ហា​ផ្សេងៗ ដូចជា​ គ្រោះថ្នាក់​ចរាចរណ៍ ការ​ជំរុញ​ឱ្យ​សេព​គ្រឿង​ញៀន ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ឆ្លង​មេរោគ​អេដស៍​ជាដើម។ 
នេះ​ជាមូលហេតុ​ដែល​ក្រុម​​​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹងត្រូវបាន​បង្កើត​ឡើង​ ដោយ​​​ក្រសួង​ព័ត៌មាន​ជា​ប្រធាន រួមទាំង ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សុខាភិបាល ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ​ទូរគមនាគមន៍ ទីស្ដីការ​គណរដ្ឋមន្ដ្រី និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

លោករដ្ឋមន្ដ្រី បាន​ថ្លែង​ថា​៖ «​ក្រសួង​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​តំណាង​ស្ថានីយ​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​កំពុង​ប្រតិបត្ដិការ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ដោយ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍ ៤ ចំណុច​សំខាន់​ៗ​ ដូចជា ហាម​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​លើ​ឆាក​ ហាម​ពិធីករ ពិធីការិនី និង​សិល្បករ សិល្បការិនី ឬអ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញសង្គម​គាស់​ក្រវិល​កំប៉ុង និង​ជំរុញ​អ្នកដទៃ​ទទួល​ទាន​គ្រឿង​ស្រវឹង រាល់​ការ​ផ្សាយ​គ្រឿង​ស្រវឹង​ត្រូវ​ដាក់​សារ​ព្រមាន និង​តម្រូវ​ឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយ​សារ​អប់រំ​ឱ្យ​បាន​ច្រើន​»។ 

លោក ភក្ដ្រា បាន​ឱ្យដឹងថា រូបភាព​នៃការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​មាន​ទំហំធំ ខណៈ​សារព្រមាន​មាន​ទំហំ​តូច​ ដែល​ទាមទារ​ឱ្យ​មាន​កែសម្រួលឡើង​វិញ​ ដើម្បី​ឱ្យ​មហាជន​បាន​មើល​ឃើញ​ច្បាស់​រវាង​ផលិត​ផល​គ្រឿង​ស្រវឹង និង​សារ​ព្រមាន​។ 

លោក ពេជ្ជរិទ្ធ បាន​រំឭក​ពី​សារៈសំខាន់​នៃ​​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើត​យន្តការ និង​នីតិវិធី រួមទាំង​បទ​ប្បញ្ញត្តិ ច្បាប់ ការគ្រប់គ្រង និង​ការត្រួតពិនិត្យ ជាពិសេស​ពាក់ព័ន្ធ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ផលិត​ផល​គ្រឿង​ស្រវឹង​។​

លោក​បាន​អះអាងថា៖ «​ផលិតផល​គ្រឿងស្រវឹង​ក៏អាច​បង្ក​ជាភាព​​អវិជ្ជមាន​ បើ​សិន​ជាការ​ប្រើ​ប្រាស់​ត្រូវ​បាន​​ធ្វើ​ឡើង​​​ក្នុង​កម្រិត​មិន​សម​ស្រប​ ប៉ះពាល់​សុខភាព សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ និង​សន្ដិសុខ​សង្គម »។ 

លោក Hewson Andy នាយក​គ្រប់គ្រង Heineken Cambodia បាន​និយាយថា ទោះ​មកពី​ក្រុមហ៊ុន​ផ្សេង​គ្នា និង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ណាក៏ដោយ ក៏​ពួកគេ​ត្រូវ​គិត​គូរ​អំពី​ការ​ផ្សព្វផ្សាយ​​ប្រកបដោយ​ការ​ទទួលខុសត្រូវ ការការពារ​អនីតិជន និង​ជាពិសេសក្រម​សីលធម៌​ផ្នែក​​ទីផ្សារ​​។​

​លោក Ong Daren អគ្គលេខាធិការ​នៃ​សមាគម​អ្នក​នាំចូល និង​ចែកចាយ​ស្រា​បៀរ (WSBDA) បាន​និយាយថា សមាគម​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំមុន បង្រួបបង្រួម​ក្រុមហ៊ុនស្រា​បៀរ និង​ស្រា​។​

​លោក Daren បាន​ឱ្យដឹង​ថា៖ «​យើង​ជឿជាក់ថា ​ការអនុវត្ត​ក្រមសីលធម៌​នេះ​នឹង​ការពារ​អ្នកប្រើប្រាស់​របស់​​មនុស្សពេញវ័យ ហើយ​ក្នុងពេល​ជាមួយគ្នានេះ អប់រំ​អនីតិជន​ក្រោម​អាយុ ១៨ ឆ្នាំ​ឱ្យ​ជៀសវាង​ការទទួល​ទាន​ផលិតផល​គ្រឿង​ស្រវឹង​»។​

លោក Andy បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ទីផ្សារ និង​ការប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ​។ លោក​បានលើកឡើង​ពី​យុទ្ធសាស្ត្រ​និរន្តរភាព​ ដែល​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា Brewing a Better World និង​ក្នុងស្រុក​ថា Brewing a Better Cambodia​។​

លោក​បាន​និយាយថា៖ «​យើង​ក៏​នឹង​ដើរតួ​ជា​អ្នកដឹកនាំ​យ៉ាងសកម្ម​ក្នុងការ​លើកទឹកចិត្តក្រុមហ៊ុន​ដទៃ​ក្នុង​​ឧស្សាហកម្ម​​តែមួយ​​ឱ្យរួម​គ្នា​​ជាមួយ​យើង ហើយ​យើង​ត្រូវតែ​កែលម្អ​ជាមួយគ្នា»។ 

​លោក Nopakunkajorn Akira នាយក​ទីផ្សារ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Cambrew បាន​បន្ទរ​ការ​គាំទ្រ​ ដោយ​បាន​លើក​ឡើង​​ពី​ប្រតិបត្ដិការ​របស់​​ក្រុមហ៊ុនដ៏​យូរលង់​នៅ​កម្ពុជា​។ ​

លោក​បាន​និយាយថា​៖ «​យើង​ជឿថា ​ផលិតផល​​​ល្អ​ត្រូវ​គិតគូរ​បញ្ហា​​សង្គម​។ នោះ​ហើយ​​ជា​មូល​ហេតុដែល​យើង​នៅទីនេះ​ដើម្បី​បង្កើត​វប្បធម៌​ស្រា​បៀរ​វិជ្ជមាន និង​វប្បធម៌​គ្រឿង​ស្រវឹង​នៅក្នុង​សហគមន៍​ដែល​យើង​បម្រើ ​​រួមទាំង ​ទីផ្សារ​របស់​យើង​​នៅ​ជុំវិញ​ពិភពលោក​»​។​

​លោក Daren បានបន្ថែម​ថា ដោយ​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ពួកគេ​សង្ឃឹមថា ការ​កំណត់​​អាយុ​អ្នក​ទិញគ្រឿង​ស្រវឹង​​ស្របច្បាប់​នឹង​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​កំពុង​ធ្វើកិច្ចការ​​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា​។ ប្រទេស​កម្ពុជា ដូចដែល​យើង​ដឹង​ហើយ​ថា មាន​យុវជន​ក្នុង​អត្រា​ដ៏​ច្រើន​ ហើយ​យើង​កំពុង​ធ្វើ​អ្វីៗ​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​អនាគត​នៃ​ប្រទេស​កម្ពុជា​»​៕