
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ក្រសួងស្ថាប័នកុំឱ្យបង្កើនចំនួនអង្គភាពឬឋានៈ ប៉ុន្តែត្រូវរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈសារាចរដែលផ្សព្វផ្សាយនៅថ្ងៃនេះ។ STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ក្រសួងស្ថាប័នរបស់រដ្ឋឱ្យពិនិត្យអំពីតួនាទី និងពង្រឹងស្ថាប័នរបស់ខ្លួន ដោយមិនត្រូវបង្កើនចំនួនអង្គភាព និងដំឡើងឋានៈដែលមិនចាំបាច់ ព្រមទាំងច្របាច់ឬត្រូវលុបចោលអង្គភាពដែលមិនស៊ីមេទ្រីជាមួយនឹងក្របខណ្ឌគោលនយោបាយនៃរដ្ឋាភិបាលថ្មី។
មន្ត្រីសង្គមស៊ីវិលចង់ឃើញមន្ត្រីនិងស្ថាប័ននីមួយៗមានសមត្ថភាពគ្រប់គ្រាន់ មានតួរនាទីនិងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីបញ្ចៀសកុំឱ្យមានការងារត្រួតស៊ីគ្នានៃភារកិច្ចរបស់ខ្លួន។
តាមរយៈសារាចរដែលផ្សព្វផ្សាយនៅថ្ងៃនេះ លោកប្រាប់ឲ្យក្រសួងស្ថាប័នរដ្ឋ ផ្តោតលើអភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
នៅក្នុងសារាចរចំនួន៣ទំព័រនេះ លោកបានប្រាប់ឲ្យក្រសួងស្ថាប័នផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន ឬ អង្គភាពដែលមានស្រាប់ ដោយឈរលើអភិក្រម «ពង្រឹងនិងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។
លោកសរសេរថា៖ «ក្រសួង ស្ថាប័នត្រូវពិនិត្យ និងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពលក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបានសមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់ គណនេយ្យភាពនិងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការធ្វើកណែទម្រង់នេះត្រូវរក្សាចំនួនអង្គភាពដដែល ដោយ«មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ»។ សូម្បីតែទម្ងន់បែបបទនីតិវិធីក៏មិនត្រូវបន្ថែមដែរនៅតាមស្ថាប័ននីមួយៗ។
ចំពោះ រចនាសម្ព័ន្ធដែលមានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននិងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ លោកស្នើឱ្យពិនិត្យ សម្រួល ប្រចាច់បញ្ចូលគ្នា ឬលុបចោលតែម្ដង។ លើសពីនេះទៀត លោកក៏មិនអនុញ្ញាតឱ្យមានការដំឡើងឋានៈនៃអង្គភាពដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ក្រសួង។
ចំពោះភាពចាំបាច់នៃការបង្កើតអង្គភាពថ្មី លោកបញ្ជាក់ដូច្នេះថា៖ «ការបង្កើតអង្គភាពថ្មីត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារនិងឆ្លើយតបទៅនឹង ការតម្រូវដែលមានក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ថ្លែងថា ការណែនាំនេះជារឿងល្អ ហើយលោកស្នើថា គួរតែមានការពិនិត្យវាយតម្លៃលម្អិតលើមុខងារនៃស្ថាប័ន ឬមន្ត្រីជាមុនសិន មុននឹងការសម្រេចថាត្រូវកែប្រែ ឬត្រូវរក្សាទុកអ្វីខ្លះ។
លោកនិយាយថា៖ «ដូច្នេះ ដើម្បីកុំឱ្យជាន់តួនាទីភារកិច្ចរវាងក្រសួងមួយជាមួយនឹងក្រសួងមួយទៀត និងដើម្បីឲ្យមន្ត្រីទទួលខុសត្រូវក្នុងការអនុវត្ត ដូចជាក្រសួងដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការច្រើន គួរតែមានការសិក្សាលម្អិតអំពីតួនាទី និងធ្វើការកែលម្អទៅតាមតម្រូវការជាក់ស្ដែង ដើម្បីកុំឲ្យចំណាយធនធានរបស់ប្រទេសបន្ថែមទៀតទៅលើមុខងារថ្មីៗ»។
តាមការកត់សម្គាល់របស់លោក សុជាតិ ក្រសួងនីមួយៗមិនមានមុខងារតួនាទីជាន់គ្នាទេ ប៉ុន្តែ នាយកដ្ឋាននៅក្រោមចំណុះក្រសួងមួយ អាចមានមុខងារតួនាទី ឬ ភារកិច្ចដូចទៅនឹងនាយកដ្ឋាននៃក្រសួងផ្សេងទៀត។ លោកលើកជាឧទាហរណ៍និងចម្ងល់អំពីមុខងារនៃក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងមុខងារសវនកម្ម ឬការត្រួតពិនិត្យតាមដាន។ លោកមើលឃើញភាពប្រហាក់ប្រហែលគ្នានៃមុខងាររបស់ក្រសួងអធិការកិច្ច ជាមួយនឹងមុខងារនៃនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងនីមួយៗ។
មុខងារដែលលោកយល់ថាមិនច្បាស់លាស់មួយទៀតគឺការគ្រប់គ្រងធនធានធម្មជាតិ ដូចជាការគ្រប់គ្រងទឹក ដី ព្រៃ ជាដើម។ លោកថា ការបែងចែកមុខងារច្បាស់លាស់គឺដើម្បីបង្ហាញពីការទទួលខុសត្រូវ និងដឹកនាំការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏យល់ឃើញពីភាពចាំបាច់នៃការធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាព ដូចមានចែងនៅក្នុងសារាចរនេះដើម្បីអនុវត្តទៅតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញ។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែពិនិត្យមើលក្រសួងដែលមានមុខងារជាន់គ្នា ឬប្រហាក់ប្រហែលគ្នា ដើម្បីធានាថា ក្រសួងស្ថាប័ននីមួយៗធ្វើការប្រទាក់ក្រឡាគ្នា ជាជាងធ្វើការងារជាន់គ្នាដែលធ្វើឲ្យរាំងស្ទះដល់ការងារ ឬការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល៕