
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យលីមកុកវីង នាថ្ងៃទី ១៣ មិថុនា។ STPM
កម្ពុជាមិនទាន់មានតម្រូវការបង្កើតវិទ្យាស្ថានស្រាវជ្រាវផ្នែកអវកាសទេ ប៉ុន្តែកំពុងផ្ដោតជាសំខាន់ទៅលើចំណេះដឹងផ្នែកបច្ចេកវិទ្យា ឌីជីថល និង បញ្ញាសិប្បនិម្មិត។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យលីមកុកវីង នៅថ្ងៃនេះ។
បើតាមលោកនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ មានការស្នើសុំបង្កើតមហាវិទ្យាល័យអវកាសមួយនៅកម្ពុជា ដែលលោកមិនលើកទឹកចិត្ត ព្រោះថាវាខុសនឹងពេលវេលា និងអាទិភាពរបស់ប្រទេសនេះ។
លោកថ្លែងដូច្នេះថា៖ «នៅកម្ពុជា នៅម៉ោងថ្មើរនេះមិនទាន់មានភាពចាំបាច់ក្នុងការបង្កើត ឬការបណ្ដុះបណ្ដាលខាងយានអវកាសនិកទេ។ ថ្ងៃមុន មានគេមកជួបខ្ញុំថាគេសុំបង្កើតមហាវិទ្យាល័យស្ពេស (លំហរអវកាស) មួយនៅកម្ពុជា។ ខ្ញុំថាកម្ពុជាអត់ទាន់ត្រូវការទេ»។
លោកថា លោកមិនមែនហាមមិនឲ្យបង្កើតនោះទេ គ្រាន់តែថា វាគ្មានភាពចាំបាច់នៅពេលនេះ ហើយបើបើកមហាវិទ្យាល័យបែបនេះ វានាំតែខាតទេ។
ចំពោះតម្រូវការអាទិភាពរបស់កម្ពុជា លោកថ្លែងថា៖ «គួរតែបើកខាងបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ឬបញ្ញាសិប្បនិម្មិតវិញ ទើបត្រូវជាង ព្រោះខ្ញុំត្រូវការអាហ្នឹង។ បើកដាក់ផ្នែកអវកាស មិនដឹងយើងរៀនហើយយកទៅណា»៕