
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ប្រគល់ជយលាភីជូនដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសជយលាភី ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១៣ ខែ មិថុនា។ រូបថត ក្រសួងអភិវឌ្ឍន៍ជនបទ
ព្រះសីហនុៈ ខេត្តព្រះសីហនុទទួលបានជយលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលធ្វើឱ្យកម្ពុជាមានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឡើងដល់ចំនួន ៧ គិតត្រឹមថ្ងៃទី១៣ ខែ មិថុនា ក្រោយពីបានធ្វើផែនការពន្លឿនការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កាលពីឆ្នាំ ២០២២។។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែនបានថ្លែងក្នុងពិធីប្រកាសជយលាភី ខេត្តព្រះសីហនុជាខេត្ត ODF ថា ខេត្តព្រះសីហនុបានកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាពលដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ នេះបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការបរិភោគទឹកគ្មានសុវត្ថិភាព ទៅជាបរិភោគទឹកដែលមានសុវត្ថិភាព ហើយពីការបន្ទោបង់ពាសវាលពាសកាល ទៅជា ការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ការសម្រេចបានខេត្ត ODFគិតត្រឹមថ្ងៃនេះ មានចំនួន ៧ ខេត្ត រួមទាំងខេត្តព្រះសីហនុផងដែរ។ ថ្ងៃនេះ យើងពិតជាមានមោទនភាពដែលខេត្តព្រះសីហនុជាខេត្តទី៧ នៅកម្ពុជា សម្រេចបានជាខេត្ត ODF។ ការសម្រេចនេះគឺមានន័យថា នៅខេត្តព្រះសីហនុគ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា»។
ខេត្តដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកន្លងមករួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។
លោកបានថ្លែងនាពេលថ្មីៗនេះថា នៅចុងអាណត្តិទី៧នេះ គ្រប់ខេត្តទាំងអស់នឹងទទួលបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។
លោកបានលើកឡើងថា បច្ចុប្បន្ននេះក្រសួងបានកំពុងតែអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅទូទាំងប្រទេស។ ក្រសួងបានគ្រោងថា នៅឆ្នាំ ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ នៅទូទាំងប្រទេស ខណៈបច្ចុប្បន្ននេះ សម្រេចបានរហូតទៅដល់ ៨៦,៦ភាគរយហើយ។
លោករដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការចូលរួម និងជំរុញការងារផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF នេះ ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យក្នុងការទទួលបាននៃការគ្របដណ្តប់ ១០០ភាគរយ នៅទូទាំងប្រទេសនៅឆ្នាំ ២០៣០។
លោកបានថ្លែងដូច្នេះថា៖ «យើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ត្រូវជួយគាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល គ្រួសារក្រីក្រ និងពលរដ្ឋដែលរស់នៅក្នុងបរិស្ថានប្រឈមជាដើម»។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ស្ថានភាពអនាម័យខេត្តព្រះសីហនុមានខ្នងផ្ទះ ដែលប្រើប្រាស់បង្គន់អនាម័យស្មើនឹង ១០០ភាគរយ ហើយខ្នងផ្ទះដែលប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៩០ភាគរយ និងខ្នងផ្ទះប្រើបង្គន់រួម ៤,១០ភាគរយផងដែរ។
លោកបញ្ជាក់ថា៖ «ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងខេត្តរួមមាន ក្រុងស្រុកទាំង ៥ ឃុំសង្កាត់ទាំង ២៩ ភូមិទាំង ១១១ គិតជាខ្នងផ្ទះសរុប ៥១ ៥០៣ខ្នង ក្នុងនោះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ៤៩ ៣៩១ខ្នងផ្ទះ និងប្រើប្រាស់បង្គន់រួមសរុប ២ ១១២ខ្នងផ្ទះ»។
លោកក៏បានឱ្យដឹងផងដែរថា ការផ្ទៀងផ្ទាត់អនាម័យបរិស្ថានសហគមន៍បង្ហាញថា គ្មានសំណល់លាមកមនុស្ស រួមទាំងលាមកកូនក្មេងពាសវាលពាសកាល ស្មើនឹង ១០០ភាគរយ គ្មានមនុស្សកំពុងបន្ទោរបង់ពាសវាលពាសកាលស្មើ ១០០ភាគរយ គ្មានសំណល់ខោលាមកកូនក្មេង សំណល់សំឡីអនាមយនៅចោលរាយប៉ាយក្នុងភូមិ សំណល់វិជ្ជសាស្រ្ត និងសំរាមកង្វក់ដែលធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស ១០០ភាគរយ ហើយ ស្ថានភាពអនាម័យបរិស្ថានល្អសមរម្យ ស្មើនឹង ៩៩ភាគរយផងដែរ។
អង្គការភ្លែនអន្តរជាតិបានសហការជាមួយនឹងក្រសួង និងអាជ្ញាធរខេត្តក្នុងការធ្វើផែនការ និងពន្លឿន ការការ លើកកម្ពស់អនាម័យជនបទនេះ។
លោក យី គឹមថាន នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិបានលើកឡើង ក្នុងឱកាសនោះប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅតាមជនបទ ដែលកាត់បន្ថយចំនួនគ្រួសារបន្ទោរបង់ពាសវាលពាសកាលពី ៩៨ ភាគរយនៅឆ្នាំ២០០០ រហូតដល់ពេលបច្ចុប្បន្ននេះគឺត្រឹម ១៤ភាគរយប៉ុណ្ណោះ។ ប្រជាពលរដ្ឋ ដែលរួមទាំងគ្រួសារក្រីក្រ និង គ្រួសារងាយរងគ្រោះបំផុត មានបង្គន់អនាម័យផ្ទាល់ខ្លួន និងប្រើប្រាស់បង្គន់កែលម្អ។
លោកបានថ្លែងថា៖ «ការផ្លាស់ប្តូរទម្លាប់ និងការប្រតិបត្តិអនាម័យល្អមិនងាយស្រួលក្នុងការកែប្រែនោះទេ តែ វាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការផ្លាស់ប្តូរនូវទំលាប់មិនល្អទាំងនោះ ព្រោះការបញ្ចប់បន្ទោបង់ពាសវាលពាសកាលបានចូលរួមចំណែកក្នុងការកាត់បន្ថយនៅជំងឺកុមារនិងកង្វះអាហាររូបត្ថម្ភ ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍ លួតលាស់ ការរៀនសូត្ររបស់កុមារ ដែលជាអ្នកដើរតួនាទីសំខាន់ ក្នុងការកសាងនូវមូលធនមនុស្សនៅក្នុងពេលអនាគត»។
លោកបានបន្តថា អត្រាកុមារអាយុក្រោម ៥ឆ្នាំមានជំងឺក្រេះក្រិនក្នុងខេត្តព្រះសីហនុបានថយចុះពី៣៣ភាគរយ ដល់ ២៤ភាគរយនៅឆ្នាំ ២០២១-២០២២ ដែលជាអត្រាមួយនៅខ្ពស់ជាងនៅថ្នាក់ជាតិ ដែលមានតែចំនួន ២២ភាគរយ។ ហេតុនេះ លោកជឿជាក់ថា ការប្រកាស ODF នេះនឹងធ្វើឱ្យអត្រាកុមារមានជំងឺក្រេះក្រិនមានការថយចុះគួរឱ្យកត់សម្គាល់ពេលខាងមុខ។
លោកសង្ឃឹមថា ខេត្តនឹងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាបាននូវនិរន្តរភាព ODF ស្រុក ក្រុងទាំង ៥ និងឈានទៅសម្រេចកម្រិតខ្ពស់ (ODF+) នៅក្នុងពេលខាងមុខបន្តទៀត។
លោក យី គឹមថាន ក៏បានសង្ឃឹមផងដែរថា ខេត្តចំនួន ៥ទៀត ដែលគាំទ្រដោយអង្គការភ្លែនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប រតនគិរី និងស្ទឹងត្រែង និងសម្រេចបានជាខេត្ត ODF ក្នុងអំឡុងឆ្នាំ ២០២៤នេះ។ រីឯខេត្តដែលនៅសេសសល់និងសម្រេចបានក្នុងឆ្នាំ ២០២៥ខាងមុខ៕