
អ្នកជាប់ឃុំ កំពុងស្តាប់ដំបូន្មានផ្នែកសាសនានៅមណ្ឌលអប់រំកែប្រែទី១ កាលពីឆ្នាំមុន។ រូបថត អគ្គនាយកដ្ឋានពន្ធនាគារ
ចំនួនអ្នកជាប់ឃុំនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាលំដាប់រហូតដល់ជិត ៥ ម៉ឺននាក់នាពេលបច្ចុប្បន្ននេះ ដែលជាចំនួនមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការលើកឡើងរបស់លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃដែលផ្សព្វផ្សាយនៅថ្ងៃនេះ លោក នុត សវនា ថ្លែងថា ទោះបីជាមានការពង្រីកផ្ទៃក្រឡាពន្ធនាគាររហូតដល់ទៅ ៦ម៉ឺនម៉ែត្រការ៉េក៏ដោយ ក៏នៅតែមិនអាចគ្រប់គ្រាន់សម្រាប់ដាក់អ្នកជាប់ឃុំដែលចេះតែកើនឡើង។
លោកថ្លែងថា៖ «ចំពោះហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំមានជំនឿថា វាគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីទេ។ យើងអាចយកលុយរាប់លានរាប់កោដិទៅធ្វើគុក ធ្វើប៉ុន្មានធ្វើទៅ ប៉ុន្តែត្រូវចាំថា គុកកាន់តែសង់ អ្នកទោសកាន់តែច្រើន»។
លោកបន្តថា៖ «ខ្ញុំបានបញ្ជាក់ថា ផ្ទៃក្រឡាគុកឡើងបាន ៦ ម៉ឺនម៉ែត្រការ៉េ ហើយឥឡូវអ្នកទោសម៉េចក៏នៅតែកើន។ ក្នុងប្រវត្តិសាស្ត្រអត់មានចំនួនដល់ប៉ុណ្ណេះទេ ឥឡូវកើនដល់ជិត ៥ ម៉ឺននាក់។ នេះមិនមែនសមិទ្ធផលជាទីមោទនៈទេ នេះគឺជាក្ដីបារម្ភ»។
បើតាមលោក នុត សវនា អ្វីដែលជាដំណោះស្រាយរយៈពេលវែងគឺការធ្វើទំនើបកម្មនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដោយលោកសំដៅទៅលើការធ្វើការរួមគ្នារវាងស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច ស្ថាប័នជំនាញ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដូចជា ការអនុវត្តទោសសហគមន៍ និងមានភាពបត់បែន។
លោកថា តាមបទពិសោធន៍នៅប្រទេសជិតខាង ដូចជានៅប្រទេសថៃជាដើម ការឃុំខ្លួនធ្វើឡើងសម្រាប់តែករណីធ្ងន់ធ្ងរប៉ុណ្ណោះ។ ចំពោះករណីស្រាល ពួកគេអាចស្ថិតនៅក្រៅឃុំដោយដាក់ប្រាក់តម្កល់ ដែលការធ្វើដូច្នេះ ជួយសម្រាលដល់ភាពចង្អៀតណែននៅពន្ធនាគារ។
លោកបន្តថា បទពិសោធន៍នៅប្រទេសជប៉ុន ក៏មានការអនុញ្ញាតឲ្យជនជាប់ចោទករណីតូចតាចនៅក្រៅឃុំ។ ចំណែកនៅប្រទេសសិង្ហបុរី ក៏មានការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្នុងករណីដែលជននោះអនុវត្តទោសជិតចប់ ដោយគ្រាន់តែបំពាក់ជាមួយនូវប្រព័ន្ធតាមដាន GPS។
លោកនិយាយថា៖ «ធ្វើដូច្នេះ វាចំណេញដល់ថវិកាជាតិ ដូចជាចំណាយថ្លៃម្ហូប ថ្លៃថ្នាំ ថ្លៃសន្តិសុខ ឯកសណ្ឋាន ចំណាយថ្លៃប្រេងឥន្ធនៈសម្រាប់ដឹកជញ្ជូន ចំណាយថ្លៃភ្លើង ថ្លៃទឹក...គ្រប់បែបយ៉ាង»។
បើតាមការសាកសួររបស់លោក នៅប្រទេសថៃ កង GPS មួយមានតម្លៃ ២០០ដុល្លារ។ ប៉ុន្តែការចំណាយសម្រាប់ជនជាប់ឃុំម្នាក់ក្នុងមួយឆ្នាំអស់ប្រមាណ ១០០០ដុល្លារ។
បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកំពុងធ្វើការជាមួយស្ថានទូតជប៉ុន ដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហានេះ។ នេះបើតាមលោក នុត សវនា ដដែល៕