ភ្នំពេញ៖ ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ពេញ​លេញ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) បាន​ប្រារព្ធ​ពិធី​សម្ពោធ​ប្រព័ន្ធ​ប្រព្រឹត្ដិកម្ម​ទឹក​ស្អាត​បាក់ខែង​ដំណាក់កាល​ទី ២ និង​ការ​បើក​ការ​ដ្ឋាន​សាងសង់​ដំណាក់កាល​ទី ៣។


កម្មវិធី​សម្ពោធ​កាល​ពី​ថ្ងៃទី ២៥ ខែមិថុនា ក្រោម​អធិបតីភាព​ឧបនាយក​រដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បង្ហាញ​ពី​ជំហាន​ក្នុងការ​ធានាឱ្យ​មាន​ការ​ប្រើប្រាស់​ទឹក​ប្រកប​ដោយ​និរន្តរភាព និង​សុវត្ថិភាព។

លោក ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ថា៖ «រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី ២ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​​ដំណើរការ​ជា​ផ្លូវការ​នាពេល​នេះ​ មាន​សមត្ថភាព​ផលិត​ទឹកស្អាត បាន​ចំនួន​ប្រមាណ ១៩ ម៉ឺន ៥ ពាន់​ម៉ែត្រគូប បន្ថែម​ទៀត​ក្នុង​មួយថ្ងៃ។
រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ អាច​ផលិត​ទឹកស្អាត​បាន ចំនួន​ប្រមាណ ៩៨២០០០ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ ដែល​បរិមាណ​នេះ អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល។ 


លោក​បាន​បន្ដថា​៖ «ខ្ញុំ​សូម​ប្រកាសថា ការដាក់​​ឱ្យ​ដំណើរការ​នូវ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ជំហាន​ទី ២ នា​ពេលនេះ គឺជា​ការបិទ​បញ្ចប់​ទាំង​ស្រុង​នូវ​បញ្ហា​កង្វះ​ទឹកស្អាត នៃ​ផ្ទៃ​សេវា​គ្រប​ដណ្តប់​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ធ្លាប់​បាន​កើតមាន​ដោយ​អន្លើ នាពេល​កន្លង​ទៅ នៅក្នុង​ភូមិសាស្ត្រ​ខ្លះនៃ​រាជធានី​ភ្នំពេញ និងក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល»។​

ការបញ្ចប់​ដំណាក់កាល​នេះ គឺជា​ចំណុច​សំខាន់​មួយ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ដ៏​ធំ​បំផុត​របស់​កម្ពុជា ប្រើ​​ទុនវិនិយោគ​ចំនួន ១៤៨,២ លាន​ដុល្លារ ដែល​ផ្តល់​ហិរញ្ញប្បទាន​ជា​ចម្បង​តាមរយៈ​ប្រាក់កម្ចី​ចំនួន ១១៤,៥ លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)​។​


ពិធី​បើក​ការដ្ឋាន​សាងសង់​ដំណាក់​កាល​ទី ៣ ដែល​បាន​ដំណើរការ​ទន្ទឹម​នឹង​ការ​សម្ពោធ​នេះ ព្យាករណ៍​ថា​នឹង​កើនឡើង​បន្ថែមទៀត​នូវ​សមត្ថភាព ១៩៥០០០​ម៉ែត្រ​គូប​ទៀត​ក្នុង​មួយថ្ងៃ។

ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ប្រព័ន្ធ​ប្រព្រឹត្ដិកម្ម​ទឹក​ស្អាត​បាក់ខែងដំណាក់កាល​ទី ៣។​ រូបថត PPWSA

លោក ព័ន្ធមុនីរ័ត្ន ​បានថ្លែង​ថា គម្រោង​នេះ​ត្រូវបាន​​​ប៉ាន់ប្រមាណ​ថា​នឹង​ចំណាយ​អស់ ២៥៧ លាន​ដុល្លារ ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រាក់កម្ចី និង​ជំនួយ​ចម្រុះ រួមទាំង​ប្រាក់កម្ចី​ចំនួន ២១០ លាន​ដុល្លារ​ពី AFD និង​ជំនួយ​ចំនួន ១២ លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២៧។​

រោងចក្រ​ប្រព្រឹត្ដិកម្ម​ទឹក​ស្អាត​បាក់ខែង​នេះ​​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បំពេញតម្រូវកា​រ​ទឹក​ដែល​បាន​ព្យាករណ៍​ទុក​ចំនួន ១,៨​ លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ២០៣០ ដូចដែល​បាន​គូសបញ្ជាក់​នៅក្នុង​ផែនការមេ​ទី​បី​ដែល​បានធ្វើ​បច្ចុប្បន្នភាព (២០២១-២០៣០)​។​

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​។​

លោក​បាន​ឱ្យដឹងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​តួនាទី​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្នុងការ​ពង្រឹង​ការគ្រប់​គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត ដោយមាន​ការចូលរួម​ពី​ប្រតិបត្តិ​ករ​ទឹក​ឯកជន ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ និង​គាំទ្រ​វិស័យ​អាទិភា ព​ដូចជា តំបន់ឧស្សាហកម្ម ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម​​ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ប៉ូល​សេដ្ឋកិច្ច ផ្តល់ឱកាស​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច»។​

ស្ថិតិ​ពីក្រសួង​ MISTI បាន​បង្ហាញថា ​ការផ្គត់ផ្គង់​ទឹក​កើនឡើង ៣២ភាគរយ​ពី​ឆ្នាំ២០១៨ ដល់ឆ្នាំ​២០២៣ ដោយ PPWSA ផលិត​ទឹកស្អាត​បាន​ប្រមាណ ២៧៩ លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ស្មើនឹង ៦០ភាគរយ​នៃ​ចំនួន​សរុប​ទូទាំងប្រទេស​។​

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកបាក់​ខែង​ទាំងបី​​ប្រើ​ប្រាស់​ទុន​វិនិយោគ​រួមគ្នា​ចំនួន ៦៦០ លាន​ដុល្លារ ដែល​បង្ហាញ​​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​និរន្តរភាព​យូរអង្វែង និង​ភាព​ធន់​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​របស់​កម្ពុជា៕