ភ្នំពេញៈ នៅ​ក្នុង​ការ​ជ្រើសរើស​កង​កម្លាំងថ្មី​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​ផ្តល់​អាទិភាព​ដល់​កូន​អតីត​មន្ត្រី​កងកម្លាំង​​ដើម្បី​ឱ្យ​ពួក​គាត់​មាន​ឱកាស​នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​បន្ត​វេន​ពី​ឪពុក ម្ដាយ។


លោក​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ផ្តល់​គោលការណ៍​ណែនាំ​ដល់​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ អគ្គបញ្ជាការ[ដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ] ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ កងទ័ព​ជើងគោក ប្រភេទ​ទ័ព នៅ​ក្នុង​ការ​រើស​ទ័ព​ថ្មី​បំពេញ​ទៅ​ថ្ងៃ​ក្រោយ សូម​ផ្តល់​អាទិភាព​ដល់​កូនចៅ​អតីត​យុទ្ធជន កូនចៅ​អតីត​ប៉ូលិស កូនចៅ​អតីត​អាវុធហត្ថ​ផង ឱ្យ​គាត់​បាន​មាន​ឱកាស​នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​បន្ត​វេន​ពី​ឪពុកម្ដាយ ហើយ​ជាពិសេស​ផ្ដោត​ទៅ​អ្នក​មូលដ្ឋាន​តែម្ដង»។

ក្នុង​ពិធី​រំឭក​ខួប​លើក​ទី១៧​នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ២១ មិថុនា នា​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ និង​អង្គភាព​ពាក់ព័ន្ធ​​បន្ត​នូវ​គោលការណ៍​នេះ​ដើម្បី​ផ្ដល់​ឱកាស និង​ការ​លើកទឹកចិត្ត​ជូន​អតីត​យុទ្ធជន។ 


លោក ហ៊ុន ម៉ាណែត រំឭក​ថា នៅ​​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ​រាជរដ្ឋាភិបាលបាន​ផ្ដល់​គោលការណ៍​ជ្រើសរើស​កងទ័ព​ស្មើ​នឹង​ចំនួន​ដែល​កងទ័ព​ចូលនិវត្តន៍ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ចំនួន​កងទ័ព​ដែល​ត្រូវ​បាន​ជ្រើសរើស​ក៏​មិន​មាន​ច្រើន​ដូចគ្នា​ទេ ប៉ុន្តែ​ក៏​នៅ​មាន​ការ​ជ្រើសរើស​បំពេញ​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖«ទៅ​ថ្ងៃ​មុខ ពេល​សេដ្ឋកិច្ច​យើង​ឡើងវិញ​ យើង​នឹង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​បង្កើន​ការ​រើស​ទ័ព ប៉ុន្តែ​សំខាន់​បំផុត រើស​តិច រើស​ច្រើន​គួរ​ផ្តល់​អាទិភាព​បែបនេះ។ តែ​យើង​មិន​ហាម​មិន​ឱ្យ​យុវជន​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត មិន​ផ្ដាច់មុខ​ទៅ​កូន​ចៅ​អតីត​យុទ្ធជន​ទេ។ យើង​អាច​គិត​៥០ [ទៅ] ៦០​ភាគរយ​សម្រាប់​ឱ្យ​អាទិភាព។ សល់​៤០​ភាគរយ​ យុវជន​ផ្សេងទៀត​ដាក់​ពាក្យ​បាន»។


លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមធម៌​ត្រូវតែ​បាន​ផ្តល់​ក្នុង​ការ​ប្រកួតប្រជែង​ចូលរួម​នៅ​តាម​ភូមិសាស្ត្រ។ 
 
លោក​ពន្យល់​ថា៖ «ឧទាហរណ៍​ថា ភូមិសាស្ត្រ​ដាច់​ស្រយាល យើង​អាច​ប្រើ​វិធីសាស្ត្រ​ចម្រុះ។វិធីសាស្ត្រ​ចម្រុះ​មាន​ន័យថា កូន​អតីត​យុទ្ធជន​នៅ​ទីនោះ ឬ​កូន​កងកម្លាំង​នៅ​ទីនោះ និង​យុវជន​សាមញ្ញ​ទាំងអស់​ឱ្យ​តែ​ស្ម័គ្រចិត្ត​ចូល គឺ​យើង​ទទួល​យក​ទៅ​សម្រាប់​ការ​ប្រកួត​ប្រជែង​ចូល ហើយ​មិន​អាច​ឱ្យ​គាត់​ផ្លាស់​មក​តំបន់​ប្រជុំ​ជន ឬ​ក៏​រាជធានី ឬ​ខេត្ត​ទេ ដោយសារ​តែ​ការ​ជ្រើសរើស​នៅ​ឯ​តំបន់​ដាច់​ស្រយាល​គឺ​ពិបាក​ជ្រើសរើស។ ហើយ​បើ​គាត់​ជ្រើសរើស​បាន​នៅ​ទីនោះ​ហើយ គាត់​ផ្លាស់​មក មាន​ន័យ​ថា អា​ហ្នឹង​គឺ​នៅ​តំបន់​ព្រំដែន ឬ​តំបន់​ដាច់​ស្រយាល​ខ្វះ​កងកម្លាំង​ទៀត​ហើយ»។

លោក យង់ ពៅ បន្ថែម​ថា៖ «រីឯ​ការ​ជ្រើសរើស​សំដៅ​ទៅ​លើ​នៅ​ឯ​ប្រជុំ​ជន ក៏​ដូចជា​រាជធានី​ត្រូវ​ផ្ដល់​ឱកាស​ប្រកួត​ប្រជែង បើ​មិន​អ៊ីចឹង​ទេ កូន​អ្នកធំ កូន​អ្នក​កងកម្លាំង​ស្រាប់​ហ្នឹង​នៅតែ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ទី​ប្រជុំ​ជន នៅ​ឯ​ទីក្រុង​បាន​ទាំង​ស័ក្ដិយស​លឿន​ទៅ​ទៀត។ អា​ហ្នឹង​កន្លង​មក​យើង​ឃើញ​អ៊ីចឹង»៕