ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា លោក​នឹង​ស្នើ​ដាក់​ឈ្មោះ អតីត​ឧកញ៉ា​ស្រី ស៊ីណា​ទៅ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​សាហាវៗ ដែល​មិន​អាច​ទទួល​បាន​ការ​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​នោះ​ទេ ហើយ​លោក​នឹង​ចុះ​ចេញ​ពីតំណែង ប្រសិន​បើ​មាន​ការ​កាត់​ទោស​ស្រាល​ចំពោះ​បុគ្គល​រូបនេះ។


ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា នា​រសៀល​ថ្ងៃ​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ លោក កើត រិទ្ធ បាន​លើក​ឡើង​ថា ក្នុង​នាម​លោក​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ ជាតិ ដើម្បី​ពិនិត្យ​និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស លើក​លែង​ទោស លោក​នឹង​ស្នើ​សុំ​ទៅ​គណកម្មការ​ជាតិ ដើម្បី​ដាក់​ឈ្មោះ ស្រី ស៊ីណា ទៅ​ក្នុង​បញ្ជី ឧក្រិដ្ឋជន​សាហាវៗ ក្រោយ​ពី​សេចក្តី​សម្រេច​របស់​តុលាការ ដែល​ផ្តន្ទា​ទោស​ជន​នេះ​ចូល​ជា​ស្ថាពរ។

ការ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​នេះ នឹង​មិន​អាច​ទទួល​បាន​ការ​ស្នើសុំ​ការ​បន្ធូរ​បន្ថយទោស និង​លើក​លែង​ទោស​បាន​ឡើយ ដើម្បី​ធានាថា​អំពើ​សម្លាប់​មនុស្ស​ដ៏​សាហាវ​បែប​នេះ ត្រូវ​តែ​ទទួល​រង​ការ​អនុវត្តទោស​នៅ​ពន្ធនាគារ​ឱ្យ​បាន​ធ្ងន់ធ្ងរ សាកសម​ទៅ​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ស្រប​តាម​គោលការណ៍ “សមទណ្ឌោ”(ដាក់ទោស​ឱ្យ​សម​ទៅ​នឹង​ទង្វើ​ដែល​បាន​ប្រព្រឹត្ត) ដែល​ជា​គោលការណ៍​គ្រឹះ​មួយ​ក្នុង​វិស័យ​យុត្តិធម៌។


លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ដូច្នេះ​ថា៖​«មុន​នេះ សម្តេច​ក៏​បាន​ផ្តល់​ការ​ណែនាំ​ថា ដូចជា​ករណី​អញ្ជឹង​គឺ​ដាច់​ខាត​ដាក់​ចូល​ក្នុងបញ្ជី​ឧក្រិដ្ឋជន​សាហាវៗ ដែល​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​ឡើយ។ កុំ​ថា​លើក​លែង​ទោស សូម្បី​តែ​បន្ធូរ​បន្ថយ​ក៏​មិន​បាន​ដែរ»។

បើ​តាម​តាម​គោលការណ៍​ផ្លូវ​ច្បាប់ នៅ​ពេល​ដែល​ទណ្ឌិត​បាន​អនុវត្ត​ទោស​បាន​ ១/៣ រួច​ហើយ គេ​អាច​មាន​សិទ្ធិ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស។ ប៉ុន្តែ​គណៈកម្មាជាតិ​ក៏​មាន​សិទ្ធិ​មិន​ធ្វើការ​ពិចារណា​លើ​សំណើ​របស់​ទណ្ឌិត ដែល​សាហាវ​មួយ​ចំនួន ដូចជា​ករណី​ភេរវកម្ម ឬ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អនិតិជន ឪពុក​រំលោភ​កូន​បង្កើត​ជាដើម គឺ​មិនមែន​ជា​កម្មវត្ថុ នៃ​ការ​បន្ធូរ​បន្ថយ​ទោស​នោះ​ទេ។ 


សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ឃាតកម្ម​នេះ​ជា ២ផ្នែ​ក។ សំណុំ​រឿង​ទី១ បាន​ចោទ​ប្រកាន់​ជនល្មើស​ពី​បទឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ។ សំណុំ​រឿង​ទី២ បាន​ចោទ​ប្រកាន់​ពី​បទ ប៉ុនប៉ងឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃច្បាប់ ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ។ 

បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ ឆ្នាំ, បទ​ប៉ុនប៉ង​ឃាតកម្ម​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ឆ្នាំ និង​បទប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង គ្រាប់​រំសេវ ដែល​អាចជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​​​៦​ខែ ទៅ​២ឆ្នាំ។

លើស​ពី​នោះ លោក​រដ្ឋមន្រ្តី​ក៏​បាន​ស្នើទៅ​តុលាការ​ផងដែរ​ថា គឺ​សុំ​កុំ​បញ្ជូល​សំណុំ​រឿង​ទាំង​២ ​ទៅ​ជា​សំណុំរឿង​តែមួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ស្នើសុំ​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់ ព្រោះ​អាច​គាត់​ប្តឹង​ច្រើន​តង់ សុំកុំ​អនុវត្ត​វិធាន​ស្រូបទោស ដើម្បី​ធានាថា​ជន​នេះ​នឹង​ត្រូវ​អនុវត្ត​ទោស​តាម​សាលក្រម និង​សាលដីកា​ជា​បន្តបន្ទាប់​ចំពោះ​សំណុំ​រឿង​ទាំង​២​នេះ។ អនុវត្ត​ចប់​មួយ ចូល​សាលក្រម​មួយ​ទៀត អនុវត្តបន្ត»។

អ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តីពី​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា នា​រសៀល​ថ្ងៃ​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ ។ រូបថត យូសុះ អាប់ឌុល​រ៉ាហ៊ីម

លោកបន្តថា៖ «ប្រសិន​លទ្ធផល​ចេញ​មក ផ្តន្ទាទោស​សំណុំ​រឿង​នីមួយៗ ១៥ [ឆ្នាំ] វា​ត្រូវ ៣០ [ឆ្នាំ] ហើយ​បើ​ឱ្យ​មក​បន្ធូរបន្ថយ​គឺ​អត់​ទេ។ ហើយ​ក៏​មិនមាន​វិធានការណ៍​បន្ធូរបន្ថយ​ក្នុង​ទម្រង់​ណា​ឡើយ​ក៏​ដោយ​ចំពោះ​ករណី​នេះ»។ 

លោក​បាន​ពន្យល់​ថា បើ​តាម​គោលការណ៍​ស្រូបទោស គឺ​គេ​យក ២​រឿង​នេះ ស្រូប​ទោស​បញ្ជូល​គ្នា ហើយ​បើ​ស្រូប​បញ្ជូលគ្នា​រួច​ហើយ ករណីនេះ​ គឺ​ទោស​ច្រើន​បំផុត​គឺ​ត្រឹម​តែ ១៥ ឆ្នាំ​ប៉ុណ្ណោះ​ទេ។ ចំពោះ​គោលការណ៍​ស្រូប​ទោស​នេះ ដើម្បី​ឱ្យ​ជ្រះ​ស្រឡះ​តែម្តង ពេល​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ គឺ​ក្រសួង​លុបគោលការណ៍​នេះ​ចោល​តែ​ម្តង ដើម្បី​ឱ្យ​អស់​មន្ទិល​សង្ស័យ។ ការ​លុប​គោលការណ៍​ស្រូបទោស​នេះ មិនមែន​ដោយសារ​តែ​រឿង​នេះ​ទេ គឺ​ដោយសារ​តែ​ស្ថានភាព​នៃ​សង្គម​កម្ពុជា និង​តម្រូវការ​ផ្នែក​យុត្តិធម៌​សង្គម ដែល «មិនចង់​ឱ្យ​មាន​ទោស​ហ្នឹង​ស្រូប​ចូល​ឱ្យ​តិច​នោះ​ទេ»។

លោករដ្ឋមន្រ្តី កើត រិទ្ធ បាន​ថ្លែង​ថា ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវ​បែប​នេះ ដែល​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ចាប់​អារម្មណ៍ជា​ច្រើន​ពី​សង្គម​ជាតិ ស្ថាប័ន​អនុវត្ត​ច្បាប់​ត្រូវ​តែ​ធ្វើការងារ​ដោយ​ម៉ឺងមាត់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានាថា​ឃាតករ​នឹង​មិន​អាច​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ជា​ដាច់ខាត ហើយ​ច្បាប់​ដែល​មាន​ជាធរមាន​បច្ចុប្បន្ន​ត្រូវ​តែ​អនុវត្ត​ដោយ​ម៉ឺងមាត់​បំផុត។ 

ទោះយ៉ាងណា​លោក​ថា មក​ដល់​ពេល​នេះ គេ​មិន​អាច​និយាយ​ថា បុគ្គល​នោះ​នឹង​ត្រូវ​ទទួល​ទោស​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ព្រោះ​តុលាការ​មិនទាន់​បាន​សម្រេច ព្រោះ​ក្រសួង​មិនមែន​ជា​អ្នក​កាត់ក្តី​ទេ។ ប៉ុន្តែ​ក្រសួង​អាច​ធានាថា បើ​ករណី​មាន​ភស្តុតាង​ច្បាស់លាស់​បែបនេះ​ហើយ តែ​តុលាការ​ចុងក្រោយ​បែរ​ជា​ដូរ​បទចោទ ដូចជា​ពី​បទឃាកម្ម ឬ​មនុស្ស​ឃាត​ដោយចេតនា ទៅ​មនុស្ស​ឃាតដោយ​អចេតនា​វិញ​នោះ នោះ​លោក​នឹង​មិន​អាច​នៅ​ស្ងៀម​អង្គុយ​ធ្វើការ​កន្លែង​យុត្តិធម៌​បាន​តទៅទៀត​ដែរ។ 

លោក​ថ្លែង​អះអាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​បុគ្គល​នេះ​មិន​ត្រូវ​បាន​កាត់ទោស ឬ​ត្រូវ​បាន​កាត់ទោស​ដូច​គេ​និយាយ​ថា​ជាប់២-៣ ឆ្នាំ​ចេញ​មក​វិញ សម្រាប់​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បែបនេះ ខ្ញុំ​អ្នក​ទទួល​ខុសត្រូវ​មុនគេ។ ទទួល​ខុស​ត្រូវ​អត់មាន​អីទេ មាន​តែ​ដើរ​ចេញ ឈប់​ធ្វើ​ការងារ​ផ្នែកច្បាប់។ រៀន​ច្បាប់​មួយជាតិ​ហើយ...កន្លែង​នេះ​ក៏​យើង​អង្គុយ​មិន​បាន​ដែរ ព្រោះ​កន្លែង​យុត្តិធម៌។ វា​បាត់​យុត្តិធម៌​បាត់​ហើយ»។​

ទោះយ៉ាងណា លោក​បាន​ទទួល​ស្គាល់​ថា ក្រម​ព្រហ្មទណ្ឌ​ថ្វីត្បិត​តែ​មាន​ច្រើន​ទំព័រ និង​ច្រើន​មាត្រា​យ៉ាង​ណា​ក៏ដោយ ក៏នៅតែ​មិនទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ដែរ។ ដោយសារ​តែ​មាន​ចំណុច​ខ្វះ​ខាត​នេះ ទើប​មហាសន្និបាត​បូក​​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ទូទាំង​ប្រទេស ឆ្នាំ​២០២៣ និង​កាល​ពី​ថ្ងៃទី​២៧ ដល់​២៩ មិនា ២០២៤​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ក្នុង​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឡើងវិញ ដើម្បី​ម្យ៉ាង​បំពេញ​នូវ​ចំណុច​ខ្វះខាត និង​ម្យ៉ាង​ទៀត​កែ​សម្រួល​ឱ្យ​ត្រូវ​ទៅ​នឹង​ស្ថានភាព​វិវឌ្ឍ​នៃ​សង្គម និង​តម្រូវការ​របស់​សង្គម ដើម្បី​ធានា​ដល់​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ ព្រម​ទាំង​សណ្តាប់​ធ្នាប់​សង្គម។ 

លោក​មាន​ប្រសាសន៍​ថា៖ «ក្រមនេះ​ត្រូវ​ធ្វើ​វិសោធនកម្ម។ ខ្ញុំ​និយាយ​ដោយ​ត្រង់ យើង​មើល​ទៅ​ចំណុច​ច្រើន​ណាស់​ត្រូវ​ធ្វើ​វិសោធនកម្ម។ យើង​ធ្វើវិសោធនកម្ម​ទាំង​ក្រម​ព្រហ្មទណ្ឌ ទាំង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ មែន​ធ្វើ​តែ​២​ទេ ​គឺធ្វើ​ទាំង​៤ ក្រម​រដ្ឋប្បវេណី និង​នីតិវិធី​រដ្ឋប្បវេណី ក៏​ធ្វើដែ​រ។ យើង​ទទួល​ស្គាល់​ថា បើច្បាប់​ខ្វះខាត គឺ​កែ​ច្បាប់ ប៉ុន្តែ​យើង​មិន​អាច​អនុវត្ត​ច្បាប់​ទៅតាម​អ្វីដែល​យើង​ចង់​បាន​ទៅ​តាម​អារម្មណ៍​របស់​យើង​ទេ»។ 

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា សូម្បី​តែស​ម្លាប់​មនុស្ស​ម្នាក់​ដាក់​ទោស​ពី​ ១០​ ទៅ ១៥​ឆ្នាំ ក៏​ទទួល​យក​មិន​បាន​ផង កុំថាឡើង​ការ​សម្លាប់​រហូត​ដល់​ទៅ ២ នាក់​ដូច​ករណី​នេះ​នោះ។

ទោះយ៉ាងណា លោក​រដ្ឋ​មន្រ្តី​ថា៖ «ខ្ញុំ​មិន​ទាន់​អាច​ផ្តល់​នូវ​តួរលេខ​បាន​ទេ​ថា​ត្រូវ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​មនុស្ស មាន​ទោស​ប៉ុន្មាន​ឆ្នាំ​ទេ។ ប៉ុន្តែ​ច្បាស់ណាស់ ទោស​នេះ​មិន​អាច​ក្រោម​ទោស​ដែល​មាន​បច្ចុប្បន្ន​ទេ។ ហើយ​ក៏​ប្រហែល​ជាអតិបរមា​មិន​ត្រឹម ១៥​ឆ្នាំ​ដែរ ច្បាស់ ១០០​ភាគរយ ព្រោះ​ជា​ការ​សម្លាប់​មនុស្ស​ម្នាក់ ជីវិតមួយ​ត្រូវ​បាន​ដក​ហូត ជា​ទោសដែល​ធ្ងន់​ជាង​គេ​បំផុត​ក្នុង​ចំណោម​បទល្មើស ..តែ​ការ​សម្រេច​យ៉ាង​ណា យើង​នឹង​ថ្លឹង និង​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ»។

ទោះបីជា​មិន​បាន​បង្ហាញ​នូវ​ចំណុច​ដែល​ត្រូវ​ធ្វើវិសោធនកម្ម​ផ្សេង​ទៀត​យ៉ាង​ណាក៏​ដោយ ក៏​លោក​រដ្ឋមន្រ្តី​សង្ឃឹម​ថា ក្រសួង​នឹង​ខិតខំ​ធ្វើ​វិសោធនកម្ម​ឱ្យ​បាន​ចប់​នៅ​បំណាច់​ឆ្នាំ ២០២៤ នេះ៕