ភ្នំពេញៈ ក្រសួងចំនួន២ បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និង អ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការផ្សព្វផ្សាយ និងចែកចាយព័ត៌មានបំភ្លៃការពិតទាក់ទងទៅនឹងឃាតកម្មដែលបង្កឡើងដោយ អតីតឧកញ៉ា ស្រី ស៊ីណា កាលពីសប្តាហ៍មុន។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោយពេលដែលមានការប្រៀបធៀបដោយបំភ្លៃការពិត រវាងករណីបុរសនៅស្រុកស្អាង ខេត្តកណ្តាលម្នាក់ បានកាប់ម្ចាស់បំណុលស្លាប់កាលពីខែឧសភា កន្លងមក និង ករណីឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា កាលពីសប្តាហ៍មុន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា កូនបំណុល ដែលកាប់ម្ចាស់បំណុល ៣ កាំបិតស្លាប់នៅកន្លែងកើតហេតុពេលទៅទាលុយ ៣៦ម៉ឺនរៀលនោះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទប្រឈមមុខជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ។
លោករដ្ឋមន្រ្តីថ្លែងថា៖ «ហេតុអ្វីបានជាយកព័ត៌មាននេះទៅបំភ្លៃការពិត ក្នុងចេតនាដ៏អាក្រក់មួយថា ម្នាក់នេះត្រូវបានតុលាការខេត្តកណ្តាលកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលបង្កើតឱ្យមានការភាន់ច្រឡំនៅក្នុងសាធារណជន ដោយគ្មានការទទួលខុសត្រូវ?»។
លោករដ្ឋមន្រ្តីបានលើកឡើងថា ការបំភ្លៃនេះមិនត្រឹមតែមិនទទួលខុសត្រូវទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានអាជីពផងដែរ ដែលបានផ្សាយព័ត៌មានត្រឹមត្រូវ និងចែករំលែកចំណេះដឹង។
តុលាការខេត្តកណ្តាលបានធ្វើការបំភ្លឺករណីនេះ ហើយក៏កំពុងតែចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានដែលមិនពិតនោះផងដែរ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ដោយលើកបង្ហាញរូបភាពដែលគេបង្ហោះធ្វើការប្រៀបធៀបនោះថា៖ «ជាការកាឡៃការពិតទាំងស្រុង ព្រោះមិនទាន់កាត់ទោសផង។ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត មិនទាន់ចប់ផង ហើយគាត់ថា កាត់ក្តីបាត់ហើយ។ នេះឃើញទេ គាត់យកមកប្រៀបធៀប»។
លោកបន្តថា ចំពោះជនរួមជាតិ ដែលមិនបានដឹងរឿងនេះ នឹងគិតថា ចំណាត់ការនេះគឺអាក្រក់ណាស់ ព្រោះអ្នកបាញ់គេស្លាប់រហូតដល់ទៅ ២ នាក់ជាប់ទោសស្រាលជាង អ្នកដែលកាប់គេស្លាប់ម្នាក់ ដែលជាប់ទោសអស់មួយជីវិត។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «រឿងនេះ ធ្វើឱ្យខ្ញុំមានការខកចិត្តបំផុតចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានកាឡៃ ហ៊ានបំភ្លៃការពិតដ៏អាក្រក់មួយ ហើយធ្វើការប្រៀបធៀបករណីនេះ។ មិនមែនត្រឹមតែបង្កើតឱ្យមានការភាន់ច្រឡំទេ គឺចេតនាគាត់ធ្វើឱ្យមានការខឹងសម្បាររឹតតែខ្លាំងនៅពេលដែលគាត់ផ្សាយនូវរឿងដែលមិនពិតបែបនេះ»។
លោករដ្ឋមន្រ្តីបានបន្ថែមថា អ្វីដែលលោកចង់បានពិតប្រាកដគឺការពារនូវភាពត្រឹមត្រូវ ហើយ បើចៅក្រមណាប្រព្រឹត្តខុសច្បាប់ ចៅក្រមនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានសំណុំរឿងវិន័យមិនតិចទេ ត្រូវបានបញ្ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ទើររៀងរាល់ថ្ងៃ ហើយការដាក់វិន័យក៏មានជាបន្តបន្ទាប់ផងដែរ។
លើសពីនោះ លោករដ្ឋមន្រ្តីក៏បានសង្កេតឃើញផងដែរថា ចំពោះករណីឃាតកម្មដែលព្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណានេះ ក៏មានអ្នកឆ្លៀតឱកាសមួយចំនួនការផ្សព្វផ្សាយថា ករណីនេះត្រូវបានកាត់ឱ្យជាប់ទោសតែ ១០ទៅ១៥ឆ្នាំប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «នេះជាការលើកឡើងតែមួយជ្រុង ហើយបន្ទោរតាមគ្នា។ បន្ទោរនេះក៏ចេះតែ ធ្វើបន្តទៅទៀត បង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានការប្រកាសព័ត៌មានសាលាដំបូង និង អយ្យការសាលាដំបូងរាជធានីភ្នំពេញក៏ដោយ។ ដូច្នេះខ្ញុំស្នើសុំម្តងៗ ហើយម្តងទៀតដល់អ្នកសារព័ត៌មាន និង បងប្អូនជនរួមជាតិ ដែលមានបណ្តាញសង្គម ឬហ្វេសប៊ុក មេត្តាជួយផ្សព្វផ្សាយឱ្យបានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីចៀសវាងភាន់ច្រឡំក្នុងចំណោមសាធារណជន»។
នៅថ្ងៃដដែលនោះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកប្រើបណ្តាញសង្គមគ្រប់ប្រភេទ ឱ្យឈប់ចែកចាយជាបន្ទាន់ និងលុបចេញវិញនូវរាល់មាតិកា វីដេអូ ឬរូបភាពផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឃាតកម្មដ៏អកុសលមួយនេះ ឬពាក់ព័ន្ធនឹងហេតុការណ៍ផ្សេងទៀតនៅថ្ងៃខាងមុខ។ ក្រសួងបានលើកឡើងថា ការប្រកាសនេះ វាខុសគន្លងសីលធម៌ក្នុងការរស់នៅក្នុងសង្គម និងខុសក្រមសីលធម៌ក្នុងវិស័យព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «យើងចូលរួមយ៉ាងដូច្នេះ ដើម្បីជាការរួមចំណែកកាន់ទុក្ខ និងគោរពដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរ ព្រមលើកកម្ពស់មនៈសិកា និងតម្លៃក្នុងការរស់នៅក្នុងសង្គម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏បានលើកឡើងផងដែរថា ការបែកធ្លាយ និង ចែកចាយវីដេអូពីការបាញ់ប្រហាររបស់បុគ្គល ស្រី ស៊ីណា នោះក៏ជារូបភាពមួយមិនល្អសម្រាប់កម្ពុជាផងដែរ។
សំណុំរឿងឃាតកម្មដែលមានជនល្មើសឈ្មោះ ស្រី ស៊ីណា ត្រូវបានបំបែកជា ២ ផ្នែក។ សំណុំរឿងទី១ បានចោទប្រកាន់ ពីបទ ឃាតកម្ម និង បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវ។
សំណុំរឿងទី២ បានចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
បទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ អាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ ឆ្នាំ, បទប៉ុនប៉ងឃាតកម្មតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ អាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ៕