ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​អន្តោប្រវេសន៍​លើក​ឡើង​ថា ក្នុង​រយៈ​ពេល ​៥​ខែ​ដើម​ឆ្នាំ ​២០២៤ អ្នក​ដំណើរ​បរទេស​ដែល​បាន​ធ្វើដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​មាន​ជាង ​២លាន​នាក់ កើន​ឡើង​ជិត ៤០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២៣។


លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា៖ «អ្នក​ដំណើរ​ចូល​ចេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​មាន​ការ​កើន​ឡើង ៥​ខែ​ដើម​ឆ្នាំ​នេះ​គឺ​យើង​មាន​អ្នកដំណើរ​ជា​លក្ខណៈ​អន្តរជាតិ​ជាង​ ២​លាន​នាក់។ ក្នុង​នោះ បើ​យើង​រាប់​ថា​ជា​ទេសចរណ៍​មាន​ដល់ ១,៧​លាន​នាក់...។ ​យើង​មាន​ការ​កើន​ឡើង​ជិត​ ៤០​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​ ២០២៣ ៥​ខែ​ដើម​ឆ្នាំ​ដូចគ្នា​នេះ»។ 

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍​មហាផ្ទៃ​ដែល​ផ្សាយ​នា​ថ្ងៃ​ទី​២៦ មិថុនា លោក​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​ច្រើន​នៃ​ទេសចរ​ថៃ និង​វៀតណាម​ក្នុង​រយៈ​ពេល​នេះ។ ប៉ុន្តែ ទេសចរ​ថៃ​ភាគ​ច្រើន​ចូល​មក​កម្ពុជា​នៅ​ត្រឹម​ព្រំដែន។


លោក សុខ វាសនា ថ្លែង​ថា៖ «យើង​ក៏​នៅ​តែ​រាប់​គាត់ [ជន​ជាតិ​ថៃ] ជា​ទេសចរ​ដោយសារ​តែ​គាត់​ចូល​មក​ប្រទេស​កម្ពុជា​យើង ចេញ​ចូល​ប៉ុន្មាន​ថ្ងៃ​ក៏​ដោយ ក៏​យើង​រាប់​ជា​ទេសចរ។ បន្ថែម​លើ​នោះ គឺ​គាត់​គ្រាន់​តែ​ថា​ទេសចរ​មួយ​ចំនួន​ធំ​គាត់​នៅ​ត្រឹម​ព្រំដែន ហើយ​យើង​បាន​ដឹង​ថា​មាន​ការ​ចូល​មក​លេង​ត្រឹម​ព្រំដែន​នេះ​គឺ​ច្រើន»។ 

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា សាទរ​ចំពោះ​ចំនួន​កើន​ឡើង​នេះ​ បើ​ប្រៀប​ធៀប​នឹង​ក្រោយ​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​មុន​ជំងឺ​កូវីដ ១៩ ចំនួន​នេះ​នៅ​មាន​បញ្ហា​នៅ​ឡើយ​ទេ។


លោក​សង្ឃឹម​ថា រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ និង​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​មុខរបរ​ផ្សេងៗ​ទៀត​នឹង «មូរ​ដៃអាវ» ធ្វើការ​បន្ថែម​ទៀត​ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍​កម្ពុជា។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ប្រសិន​បើ​យើង​ប្រៀបធៀប​នឹង​អ្នក​ទេសចរណ៍​ទៅ​នឹង​ឆ្នាំ​ចាស់ ដែល​ទើប​រួច​ផុត​ពី​កូវីដ យើង​ឃើញ​ថា វា​កើន​អ៊ីចឹង​ហើយ ក៏​ប៉ុន្តែ​បើ​យើង​ធៀប​នឹង​មុន​កូវីដ គឺ​យើង​នៅ​ឆ្ងាយ​ច្រើន»។

លោក យង់ ពៅ ថ្លែង​ថា៖ «ម្យ៉ាងទៀត នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ ខេត្ត​សៀមរាប​ក្ដី ខេត្ត​ព្រះសីហនុ​ក្ដី និង​ខេត្ត​ផ្សេងៗ​ទៀត ដែល​ជា​គោលដៅ​ទេសចរណ៍​សំខាន់ៗ ហើយ​ខ្លាំង​ជាង​គេ​ហ្នឹង​គឺ​សៀមរាប​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​នៅ​មាន​អាជីវកម្ម​ជាច្រើន​ត្រូវ​បាន​បិទទ្វារ មិន​ទាន់​បើក​ទេ។ សណ្ឋាគារ ផ្ទះសំណាក់​ក៏​មិនទាន់​បើកទ្វារ​ដែរ»។ 

លោក​បន្ថែម​ថា សណ្ឋាគារ​ខ្លះ​ដែល​បាន​បើកទ្វារ​ហើយ ក៏​ហៀប​នឹង​ចាំ​បិទទ្វារ​ទៅ​ទៀត​ដែរ ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​។ លោក​ថា៖ «បើ​អ៊ីចឹង នៅ​មិនទាន់​អាច​ស្រោចស្រង់​បាន អាច​រស់រាន​មាន​ជីវិត​បាន​ទៅ​លើ​អាជីវកម្ម​ហ្នឹង អាច​ធានា​បាន​នូវ​ស្ថិរភាព​នៅ​ឡើយ​ទេ»។

បើ​តាម​លោក សុខ វាសនា ក្នុង​រយៈពេល​ ១០ឆ្នាំ​មក​នេះ បន្ទាប់​ពី​បង្កើត​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​បម្រើ​ដល់​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​គ្រប់គ្រង​ដំណើរ​ចេញ​ចូល​ជនបរទេស​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន ក៏ដូចជា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់​ផង​ដែរ។ 

លោក សុខ វាសនា ថ្លែង​ថា៖ «មន្ត្រី​របស់​យើង​ទាំងអស់​គឺ​ត្រូវតែ​គ្រប់គ្រង​លើ​ជនបរទេស​គ្រប់ប្រភេទ​ដែល​ចូល​ចេញ ស្នាក់នៅ ឆ្លងកាត់​ក៏​យើង​គ្រប់គ្រង​ដែរ ហើយ​និង​ប្រកបរបរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការ​មួយ​ដែល​យើង​ត្រូវ​តែ​គ្រប់គ្រង​ឱ្យ​បាន និង​កត់ត្រា​ឱ្យ​ច្បាស់លាស់​នៅ​ក្នុង​ទិន្នន័យ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ​របស់​យើង»។

លោក​បន្ថែម​ថា មុន​បង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មន្ត្រី​អន្តោប្រវេសន៍​មាន​ជាង​ ១ ២០០នាក់ ប៉ុន្តែ​ក្រោយ​ពី​បង្កើត​អគ្គនាយកដ្ឋាន​នេះ​ក្នុង​ឆ្នាំ​ ២០១៤ មក​ពេល​នេះ​មាន​មន្ត្រី​ជាង ​៣ ៧០០នាក់។ ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​មក​នេះ អគ្គនាយកដ្ឋាន​នេះ​បាន​ធ្វើការ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​បាន​ប្រមាណ​៨០​ភាគរយ។ 

របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី១៩ ខែ​មិថុនា ជនជាតិ​វៀតណាម​ចំនួន ៣៣ ​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន​ខុសច្បាប់ លួច​ស្នាក់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​បទល្មើស​គ្រឿងញៀន​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​វៀតណាម៕