ភ្នំពេញៈ អតីតឧកញ៉ា ឈ្មោះស្រី ស៊ីណាត្រូវបានចោទប្រកាន់មួយបទល្មើសបន្ថែមទៀតពាក់ព័ន្ធទៅនឹង រំលោភលើលំនៅឋាន ដែលធ្វើឱ្យសំណុំរឿងប្រឆាំងនឹងជនល្មើសរូបនេះកើនឡើងដល់ទៅ៣ ហើយបើមានការស្នើសុំឱ្យនៅក្រៅឃុំ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានសិទ្ធិឱ្យប្តឹងជំទាស់។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស២ នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសកាលពីសប្តាហ៍មុននោះមក តំណាងអយ្យការបានពិនិត្យឃើញថាជនសង្ស័យឈ្មោះរូបនេះ បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះនោះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៧ ខែមិថុនាបានសរសេរថា៖ «ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនសង្ស័យរូបនេះចំនួន២សំណុំរឿងដាច់ដោយឡែកពីគ្នារួចទៅហើយកាលពីសប្តាហ៍មុន។ សំណុំរឿងទី១បានចោទប្រកាន់ជនល្មើសពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ សំណុំរឿងទី២បានចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
បទឃាតកម្មជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ ឆ្នាំ, ខណៈដែល បទប៉ុនប៉ងឃាតកម្ម អាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ អាចជាប់ទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកកើត រិទ្ធបានថ្លែងកាលពីថ្ងៃទី២៦ ខែមិថុនានេះថា ការបំបែកសំណុំរឿងជា ២ នេះអាចធ្វើឱ្យជនល្មើសមានទោសជាប់ពន្ធនាគារកាន់តែច្រើន។
លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ននេះ ជនត្រូវចោទមានសិទ្ធិស្នើសុំនៅក្រៅឃុំ ហើយចៅក្រមមានឆន្ទានុសិទ្ធិសម្រេចលើការស្នើសុំនៅក្រៅឃុំនោះ។ ប៉ុន្តែបើចៅក្រមសម្រេចថា ដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំតាមការស្នើសុំ ហើយព្រះរាជអាជ្ញាមិនឯកភាពនោះ ព្រះរាជអាជ្ញាក៏មានសិទ្ធិប្តឹងជំទាស់ដែរ។
ចំពោះករណីជនល្មើសស្រី ស៊ីណានេះលោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងថា៖«បើព្រះរាជអាជ្ញាមិនប្តឹងទំទាស់ ទៅឧទ្ធរណ៍ ខ្ញុំជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានសិទ្ធិដើម្បីធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញា ដើម្បីប្តឹងឧទ្ធរណ៍ភ្លាមដែរ។ ក្នុងរយៈពេលប្តឹងឧទ្ធរណ៍នេះ ជនដែលជាប់ឃុំ គឺមិនអាចត្រូវបានដោះលែងបានជាដាច់ខាត រហូតដល់សាលាឧទ្ធរណ៍សម្រេច ហើយខ្ញុំនឹងតស៊ូដល់ទីបំផុត បើរឿងបែបនេះត្រូវបានសម្រេចដោះលែងឱ្យនៅក្រៅឃុំ។ បើឧទ្ធរណ៍សម្រេចម៉េច ប្តឹងសារទុក្ខទៀត»។
លោកបានបន្តថា ករណីនេះ ប្រមុខរដ្ឋាភិបាលបានឱ្យលោកធ្វើការតាមដានដោយយកចិត្តទុកដាក់ លើរឿងនេះ ហើយបើមានការធានាឱ្យនៅក្រៅឃុំមែននោះ លោកជាអ្នកទទួលខុសត្រូវ តែក៏មិនអាចហាមគេមិនឱ្យដាក់ពាក្យស្នើសុំនៅក្រៅឃុំបានដែរ៕