ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរាជរដ្ឋាភិបាលអំពាវនាវដល់គ្រប់ទីអារាមទូងស្គរ និងកន្លែងផ្សេងៗបាញ់កាំជ្រួចនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ នៅថ្ងៃទី៥ ខែសីហា ដើម្បីបង្ហាញនូវការគាំទ្រលើគម្រោងព្រែកជីកនេះ។
លោកថ្លែងថា៖ «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែសីហា ខាងមុខ នៅពេលបើកការដ្ឋាននេះ សុំអំពាវនាវឱ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបានដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រាប់ការអនុវត្តនូវគម្រោងនេះ»។
ក្នុងពិធីរំឭកខួបទី ៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា គម្រោងព្រែកជីកនេះនឹងបង្កើតឱកាសសម្រាប់រាប់រយ រាប់ពាន់ និងរាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជាដើម្បីធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះវានឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់កម្ពុជាដែលវាជួយបំពេញបន្ថែមទៅឱ្យការទប់ស្កាត់ និងរួមចំណែកការប្រែប្រួលអាកាសធាតុហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា»។
លោក ហ៊ុន សែន ថ្លែងថា ការគាំទ្រ «ពេញទំហឹង» ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកនេះ គឺជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។
លោកបន្ថែមថា គម្រោងព្រែកជីកនេះ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់ ជួយពង្រីកការ ដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ»។
កាលពីថ្ងៃទី១៦ ខែឧសភា លោក ហ៊ុន សែន បានផ្ដល់មតិឱ្យរាជរដ្ឋាភិបាលចាប់ផ្ដើមសាងសង់ព្រែកជីកនេះឱ្យបានឆាប់តាមតែអាចធ្វើបាន។
កាលពីថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ដោយមានវិនិយោគិនខ្មែរចំនួន ៥១ភាគរយដែលនឹងចូលរួមវិនិយោគលើគម្រោងនេះ៕