ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចាត់ទុករបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកថា គ្រាន់តែជារបាយការណ៍នយោបាយ ដែលបម្រើរបៀបវារៈនយោបាយ ខ្វះសុក្រិតភាព ហើយមិនឆ្លុះបញ្ជាំងពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរមនុស្សនេះនោះឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈបញ្ជាក់ថា៖«កម្ពុជាមិនព្រងើយកន្តើយនៅក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស ទេ។ យើងបានធ្វើការងារនេះជាប្រក្រតី មិនមែនមានន័យថាព្រងើយកន្តើយដូចរបាយការណ៍ ដូចការវិភាគយកចំណេញណាមួយនៅក្នុងក្រមខណ្ឌ នៃបរិបទនយោបាយអន្តរជាតិនោះទេ។ ហើយ ដាក់ចំណាត់ថ្នាក់លើកម្ពុជាមិនមែនជារឿងថ្មីទេ»។
ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារបានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៤ ដែលកម្ពុជានៅតែបន្តរក្សាចំណាត់ថ្នាក់ទាបបំផុត គឺលំដាប់ទី៣ (Tier 3)។
របាយការណ៍បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមាពេញលេញសម្រាប់ការលុបបំបាត់ការជួញដូរមនុស្សទេ ហើយក៏មិនបានខិតខំប្រឹងប្រែងខ្លាំងធ្វើកិច្ចការនេះដែរ។ ទោះបីជាខ្វះកិច្ចខិតខំប្រឹងប្រែងក៏ដោយ ក៏រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដែរ ដើម្បីដោះស្រាយការជួញដូរ រួមទាំងការបើកមជ្ឈមណ្ឌលគាំទ្រជនរងគ្រោះ សហការជាមួយរដ្ឋាភិបាលបរទេសលើការស៊ើបអង្កេតប្រឆាំងការជួញដូរមនុស្ស និងបើកវគ្គបណ្តុះបណ្តាលស្តីពីអត្តសញ្ញាណជនរងគ្រោះពីការជួញដូរតាមអ៊ីនធឺណិត។
របាយការណ៍បានសរសេរថា៖«ទោះបីយ៉ាងណា ក៏អំពើពុករលួយ និងសកម្មភាពពាក់ព័ន្ធ ដែលរួមមានទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនក្នុងបទល្មើសជួញដូរមនុស្សនៅតែរីករាលដាល និងកើតមានក្នុងអំឡុងពេលធ្វើរបាយការណ៍នេះ។ ក្នុងនោះរួមមាន ការកេងប្រវ័ញ្ចជនរងគ្រោះរាប់ម៉ឺននាក់ក្នុងបទឧក្រិដ្ឋដោយបង្ខំក្នុងការបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា»។
ទោះយ៉ាងណា លោកទូច សុឃៈ យល់ឃើញថា៖«វាជារឿងមួយដែលពួកគាត់មើលពីចម្ងាយ មិនស្ថិតនៅក្នុងសមត្ថកិច្ចដែនដី ហើយវាយតម្លៃមួយដែល មិនមានសុក្រិតភាព ដោយមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌមួយដើម្បីគោលដៅចំណេញនយោបាយ ណាមួយសម្រាប់ជាលក្ខខណ្ឌ ដើម្បីធ្វើកិច្ចការងារសម្របសម្រួល ឬក៏ចរចារជជែក ជាមួយភាគីកម្ពុជាណាមួយ»។
លោកបានស្នើឱ្យអ្នកធ្វើ និងចេញរបាយការណ៍នោះ គួរពិនិត្យឡើងវិញ ដើម្បីឱ្យមាន សុក្រិតភាព មានគុណតម្លៃ ដែលធ្វើឱ្យរបាយការណ៍របស់ខ្លួនក្លាយជា របាយការណ៍មួយដែលគេទទួលស្គាល់ ហើយយកទៅអនុវត្តបាន។
លោកបានលើកឡើងថា អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់ការពារកុំឱ្យកើតនូវបទល្មើសជួញដូរមនុស្ស ទៅតាមកម្មវិធីផ្សេងៗនៅមូលដ្ឋាន។ លើសពីនោះក៏មានការផលិត សារអប់រំជាច្រើនទៀតផងដែរ។
សមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្របខណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបជារឿយៗ ដោយមិនបង្អង់ដៃ ឬក៏មិនផ្អាកនៅក្នុងគ្រាណាមួយនោះទេ គឺធ្វើដូចភ្លៀងរលឹម ជាបន្តបន្ទាប់ តាមមធ្យោបាយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញា ដើម្បីឈានទៅដល់ការក្តាប់បាននូវមុខសញ្ញា និងគោលដៅ ហើយឈានទៅដល់ការបង្រ្កាបបានជាបន្តបន្ទាប់តែម្តង។
ក្រសួងក៏បានធ្វើការងារជាមួយតាមរោងចក្រសហគ្រាស សិប្បកម្ម ផ្សេងៗដទៃទៀត ឬជាមួយក្រុមហ៊ុនឯកជននានា ដើម្បីត្រួតពិនិត្យមើលពីបញ្ហាជួញដូរកម្លាំងពលកម្ម ឬក៏ជួញដូរមនុស្សផងដែរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស សុខាតែងតែដឹកនាំចង្អុលបង្ហាញ និងតាមដានស្ថានភាពជាប្រចាំរាល់ ប្រជុំជាមួយនឹងអភិបាលខេត្ត តាមវេទិកា កិច្ចប្រជុំនានាជាមួយនឹងសមត្ថកិច្ច នគរបាលគ្រប់លំដាប់ថ្នាក់ និងតាមក្រុមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដើម្បីដាក់ចេញនូវយន្តការនានា នៅក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាប ឱ្យបានទាន់ពេលវេលា។
លោកបានឱ្យដឹងថា ក្រៅពីនោះ ក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសផ្សេងៗតាមរយៈអង្គទូតនានានៅកម្ពុជា។ ពេលជួបសំណេះសំណាលកន្លងមក លោក ឧបនាយករដ្ឋមន្រ្តី តែងតែលើកឡើង ពីការប្រឆាំង និងការជួញដូរមនុស្ស ពីយន្តការនានា ពីប្រសិទ្ធភាពនៃការបង្រ្កាប ហើយបណ្តាទូតដែលបានជួបនោះក៏ បានលើកនូវការកត់សម្គាល់ថា កម្ពុជាពិតជាបានធ្វើកិច្ចការងារនេះមែន ទោះបីជា ជនល្មើសមានឧបាយកល ឬនៅតែលបលួចធ្វើសកម្មភាព។
អង្គទូតទាំងនោះ បានបន្តការសហការ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះឱ្យបានកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រោះរដ្ឋភាគីទាំងអស់ក្នុងពិភពលោក បានទទួលស្គាល់ថា អំពើជួញដូរមនុស្ស គឺជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ឬគឺជាបទ ល្មើសអន្តរជាតិ ដែលមិនមែនជាបន្ទុកនៃរដ្ឋណាមួយនោះទេ។
ជាការពិត ក្នុងដែនដីនៃរដ្ឋមួយ គឺរដ្ឋនោះត្រូវទទួលខុសត្រូវហើយ ប៉ុន្តែបើសិន ជាមិនរួមគ្នានៅក្នុងការទប់ស្កាត់ បង្រ្កាបឱ្យបានទាន់ពេលវេលានោះទេ វាមានគ្រោះថ្នាក់ទាំងអស់គ្នា ដោយសារតែជនល្មើសមានឧបាយកលថ្មីៗក្នុងការប្រព្រឹត្តបទល្មើស។
លោកបានថ្លែងដូច្នេះថា៖«មិនមែនមានន័យថាសមត្ថកិច្ចរបស់កម្ពុជា ព្រងើយកន្តើយ ឬ ក៏បង្កលក្ខណៈឱ្យមានបទល្មើសជូនដូរមនុស្សនេះទេ… មិនមែនតែកម្ពុជាមួយនោះទេ គឺបណ្តារដ្ឋជាច្រើនទៀត សូម្បីតែប្រទេសមហាអំណាចក៏នៅតែមានការជួញដូរមនុស្ស ដដែលដែរ»៕