![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20247/1_7_2024_a_western_tourist_visits_angkor_wat_recently_yousos_apdoulrashim.jpg)
ភ្ញៀវទេសចរបរទេសថតរូបនៅមុខប្រាសាទអង្គរវត្តកាលពីដើមឆ្នាំនេះ។ រូបថត យូសុះ អាប់ឌុល រ៉ាំហ៊ីម
នៅឆ្នាំ ១៩៧០ ក្នុងអាយុ ១០ ឆ្នាំ លោក Johnny Lui បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហុងកុងជាមួយគ្រួសាររបស់លោកដើម្បីគេចចេញពីសង្គ្រាម។ ប៉ុន្តែ លោកមិនចាំថា ការចាកចេញរបស់លោកធ្វើឡើងមុនឬក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខលន់ នល់ ឬយ៉ាងណានោះទេ។
៥៤ ឆ្នាំក្រោយមក ក្នុងវ័យ ៦៤ ឆ្នាំ អ្វីដែល Lui នៅតែចងចាំពីកុមារភាពរបស់លោកនៅកម្ពុជាគឺថា ផ្ទះរបស់លោកមានទីតាំងនៅជិតព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ ហើយលោកបានចូលរៀននៅសាលាចិនមួយនៅភ្នំពេញ។
ការចងចាំផ្សេងទៀតដែលលោកមាននោះគឺស្ពានជ្រោយចង្វារ ហើយលោកបានឮអំពីក្រុមខ្មែរក្រហម ប៉ុន្តែលោកមិនអាចដឹងថា មានសាច់ញាតិប៉ុន្មាននាក់ដែលមិនបានភៀសខ្លួនទៅហុងកុង ជាមួយលោក បានបន្តរស់នៅកម្ពុជា ហើយថាតើពួកគេនៅមានជីវិតឬក៏ត្រូវខ្មែរក្រហមសម្លាប់ទាំងអស់។ ក្រុមគ្រួសាររបស់លោកបានបាត់បង់ទំនាក់ទំនងជាមួយពួកគេតាំងពីពេលនោះមក។
ទាំងនោះគឺជាការចងចាំតែដែលលោក Lui ដែលបច្ចុប្បន្នជាអ្នកកាសែត អ្នកអត្ថាធិប្បាយនយោបាយ និងសេដ្ឋកិច្ច និងជាអ្នកបង្កើតមាតិកា YouTube នៅទីក្រុងហុងកុង នៅចងចាំអំពីអតីតកាលរបស់ប្រទេសកម្ពុជា។
លោកបានថ្លែងប្រាប់រឿងរ៉ាវទាំងនេះក្នុងពេលចូលរួមកម្មវិធីរថភ្លើង ឡាវ-ចិន រៀបចំដោយសារព័ត៌មាន China Daily និងបេសកកម្មរបស់ប្រទេសចិនប្រចាំងអាស៊ាន។
សម្រាប់បច្ចុប្បន្នភាពកម្ពុជា លោកបានឮតែពីព័ត៌មានអាក្រក់ដែលជំរុញចិត្តលោកមិនឲ្យមកលេងស្រុកកំណើត ដែលព័ត៌មានទាំងនោះរួមមានការចាប់ជំរិត ការជួញដូរមនុស្ស និងអសន្តិសុខសម្រាប់ភ្ញៀវទេសចរ ជាពិសេសនៅខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «នៅក្នុងចិត្តខ្ញុំ កម្ពុជាជាប្រទេសស្រស់ស្អាត។ ប៉ុន្តែពេលនេះខ្ញុំខ្លាចមិនហ៊ានត្រឡប់មកកម្ពុជាវិញ ឬមកទស្សនាទេ ព្រោះយើងទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជាមិនមានសុវត្ថិភាពសម្រាប់ជនបរទេស ដោយសារមានការចាប់ជំរិត ឬប្លន់ជាដើម។ ដូច្នេះ ខ្ញុំគិតថា មនុស្សមិនចង់ទៅស្រុកខ្មែរទេ ដូចជាទៅនៅភ្នំពេញ និងខេត្តព្រះសីហនុ»។
លោកបន្តថា៖ «នៅខេត្តព្រះសីហនុ ខ្ញុំបានឮថាមានជនជាតិចិនជាច្រើននាក់ត្រូវបានចាប់ពង្រត់ហើយយកទៅលក់នៅសួនខេខេ។ សួន ខេខេ ជាកន្លែងដែលមនុស្សមួយក្រុមដែលបោកប្រាស់អ្នកដទៃ ហើយបន្ទាប់មកប្រហែលជាពួកគេសម្លាប់»។
សួខខេខេ តាមពិតស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងការបង្ខាំងមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន។
បើតាមលោក Lui ទេសចរពីទីក្រុងហុងកុងភាគច្រើនទៅទស្សនាប្រទេសថៃ ជប៉ុន និងកន្លែងនានាក្នុងប្រទេសចិន។
អ្នកកាសែតម្នាក់ទៀតមកពីទីក្រុងហុងកុងដែរ គឺអ្នកស្រី Gao Peng នៅ Vlight Platform នៅលើ YouTube។ អ្នកស្រីមិនធ្លាប់ទៅប្រទេសកម្ពុជាទេ ប៉ុន្តែបានឮថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20247/1_7_2024_yousos_apdoulrashim.jpg)
ភ្ញៀវទេសចរជាតិមកលេងកម្សាន្តនៅមាត់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។ រូបថត យូសុះ អាប់ឌុល រ៉ាំហ៊ីម
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនដែលទៅប្រទេសកម្ពុជាទេ។ ខ្ញុំបានឮអំពីកម្ពុជាតាមអ៊ីនធឺណិត ឬតាមប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំគ្រាន់តែឮថាកម្ពុជាមានមិត្តភាពល្អជាមួយប្រទេសចិន ហើយជនជាតិចិនជាច្រើនទៅទីនោះដើម្បីបើកអាជីវកម្ម ហើយក៏មានភោជនីយដ្ឋានចិននៅទីនោះដែរ»។
នៅពេលសួរអំពីព័ត៌មានអវិជ្ជមានអំពីប្រទេសកម្ពុជា អ្នកស្រីនិយាយថា បញ្ហាសន្តិសុខគឺជារឿងសំខាន់សម្រាប់ទេសចរបរទេស។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនដឹងថាពិតឬមិនពិតទេ ព្រោះខ្ញុំមិនធ្លាប់ទៅទីនោះទេ ប៉ុន្តែបញ្ហាពាក់ព័ន្ធសន្តិសុខជារឿងសំខាន់។ មិនថាប្រទេសណា ឬទីក្រុងណាទេ សន្តិសុខជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ ប៉ុន្តែដូចលើកនេះអីចឹង យើងបានទៅលេងប្រទេសឡាវ ដែលមិត្តខ្ញុំធ្លាប់បានឲ្យខ្ញុំប្រុងប្រយ័ត្ន ដូចជាកុំនៅម្នាក់ឯង។ ប៉ុន្តែពេលខ្ញុំមកដល់ ទីក្រុងនេះពិតជាមានសុវត្ថិភាពណាស់»។
អ្នកស្រីបន្តថា៖ «ដូច្នេះ ខ្ញុំគិតថាពេលខ្លះ អ្នកត្រូវតែពិសោធដោយខ្លួនឯង ដោយទៅទីក្រុងនោះផ្ទាល់ ពេលនោះអ្នកនឹងដឹងការពិត។ ពេលខ្លះ បើយើងឮគេប្រាប់យើង យើងគ្រាន់តែចាត់ទុកវាជាឯកសារយោងទៅបានហើយ។ សម្រាប់ប្រទេសកម្ពុជា ប្រជាជនប្រហែលជាល្អ ព្រោះប្រជាជនអាស៊ីអាគ្នេយ៍ជាធម្មតាមានចិត្តល្អ សុភាពរាបសារ ហើយពួកគេមានសហគមន៍ និងវប្បធម៌ដូចគ្នា ឬស្រដៀងគ្នា»។
លោក Vilardo Gonzales Gabuang គឺជាអ្នកយកព័ត៌មាននៅកាសែត BusinessMirror ក្នុងប្រទេស ហ្វីលីពីន ដែលបានចូលរួមកម្មវិធីទេសចរតាមផ្លូវរថភ្លើង ឡាវ-ចិន ផងដែរ។ នៅពេលសួរថាតើលោកចាប់អារម្មណ៍អ្វីខ្លះអំពីប្រទេសកម្ពុជា លោកនិយាយថា លោកគ្រាន់តែបានឮអំពីខ្មែរក្រហម ប្រាសាទអង្គរវត្ត និងការលួចវត្ថុបុរាណរបស់ខ្មែរតែប៉ុណ្ណោះ។
នៅជិតខាងកម្ពុជា លោក Souksakhone Vaenkeo គឺជានិពន្ធនាយករងនៃកាសែត Vientiane Times ក្នុងប្រទេសឡាវ។ ទោះបីជាប្រទេសរបស់លោកមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជាក៏ដោយក៏លោក មិនធ្លាប់មានឱកាសមកលេងកម្ពុជានោះទេ ប៉ុន្តែលោកបានឮរឿងរ៉ាវល្អៗជាច្រើន អំពីប្រទេសជិតខាងមួយនេះ។
លោកនិយាយថា៖ «ដោយសារតែយើងជាអ្នកជិតខាង ខ្ញុំបានស្វែងយល់អំពីប្រទេសកម្ពុជាបានច្រើន។ កាលនៅរៀន យើងបានដឹងថា ឡាវ និងកម្ពុជាបានប្រយុទ្ធស្របគ្នាដើម្បីទាមទារឯករាជ្យពីបារាំង។ ក្នុងសម័យរាជាណាចក្រ ស្តេចយើងបានឮថា ស្ដេចរបស់យើងព្រះនាម Fa Ngum បានភៀសខ្លួនទៅប្រទេសកម្ពុជា ហើយបានរៀបអភិសេកជាមួយនឹងព្រះនាងខ្មែរ»។
លោកបន្តថា៖ «នៅពេលនិយាយអំពីប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើប អ្វីដែលខ្ញុំគិតគឺប្រាសាទអង្គរវត្តដែលល្បីល្បាញខាងទេសចរណ៍ និងខេត្តព្រះសីហនុដែលមានការអភិវឌ្ឍយ៉ាងលឿនដូចនៅរាជធានីភ្នំពេញដែរ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីដែលប្រទេសរបស់អ្នកធ្វើទំនើបកម្ម និងអភិវឌ្ឍយ៉ាងលឿនបំផុត។ ខ្ញុំក៏ដឹងដែរថា ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់។ មានមិត្តពីកម្ពុជាដែលចូលរួមដំណើរកម្សាន្តនៅក្រៅប្រទេសជាមួយគ្នាដូចជាក្នុងដំណើរកម្សាន្តនេះដែរដែលមានភាពរាក់ទាក់»។
នៅពេលសួរថាមានរឿងអាក្រក់ណាដែលលោកធ្លាប់ឮអំពីកម្ពុជា លោកថា លោកមិនធ្លាប់ឮព័ត៌មានអាក្រក់ទេ។
លោកនិយាយដូច្នេះថា៖ «ខ្ញុំមិនដែលបានឮអំពីរឿងអវិជ្ជមានណាមួយអំពីប្រទេសកម្ពុជាទេ យើងមានភាពស្រដៀងគ្នា ហើយមនុស្សមានចិត្តសប្បុរស និងរួសរាយរាក់ទាក់»។
លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា តាមពិតព័ត៌មានអំពីបញ្ហាឆបោក ឬ ចាប់ជំរិតមិនមានពាក់ព័ន្ធជាមួយនឹងទេសចរណ៍ទេ។ ប៉ុន្តែ ប្រសិនបើមានការចាប់ជំរិត ការជួញដូរមនុស្ស ឬការឆបោកនោះ វាធ្វើឲ្យអ្នកទេសចរភ័យខ្លាចទោះជារឿងនោះមិនកើតឡើងលើពួកគេក៏ដោយ។
លោកថា បញ្ហាដែលត្រូវបានផ្សាយដោយសារព័ត៌មានក្នុងស្រុកត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានអន្តរជាតិ ដែលធ្វើឲ្យភ្ញៀវទេសចរមានការភ័យខ្លាច។
សម្រាប់បញ្ហាបច្ចុប្បន្ន លោកបន្តថា ចំនួនទេសចរមកកម្ពុជានៅមានចំនួនតិច ដោយសារតែបញ្ហាកូវីដ១៩ដែលទើបតែបញ្ចប់ បន្តពីក្រោយដោយការងើបឡើងយឺតយ៉ាវនៃសេដ្ឋកិច្ចនៅលើសាកលោក។ លើសពីនេះ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយក៏ជាកត្តាពាក់ព័ន្ធផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីខែតុលា ឆ្នាំ២០២៣ថា សន្តិសុខនៅក្នុងកម្ពុជាពិតជាល្អណាស់ ហើយលោកអំពាវនាវឲ្យទេសចរចិនមកទស្សនាប្រទេសកម្ពុជាឲ្យបានច្រើន។
លោកថ្លែងថា៖ «សូមបញ្ជូនសាររបស់ខ្ញុំទៅកាន់ប្រជាជនចិន សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជាប្រទេសអច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមានសន្ដានចិត្តល្អ រាក់ទាក់។ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិនជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន យើងមានប្រជាជនយើងមានវប្បធម៌យើង»។
បន្ទាប់ពីបានដឹងអំពីស្ថានភាពប្រទេសកម្ពុជា លោក Lui និយាយថា លោកនឹងមកទស្សនាប្រទេសកម្ពុជានាពេលអនាគតយ៉ាងខ្លីខាងមុខនេះ។
លោកនិយាយថា៖ «ពិតណាស់ ខ្ញុំចង់ត្រឡប់ទៅទស្សនាប្រទេសកម្ពុជា ខ្ញុំចង់ដឹងអំពីការផ្លាស់ប្ដូរបន្ទាប់ពីខ្ញុំបានចាកចេញ»៕