កំពង់ឆ្នាំង/ឧត្តរមានជ័យៈ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងឧត្តរមានជ័យបានធ្វើការផ្សព្វផ្សាយនៅតាមទីផ្សារ និងទីប្រជុំជននានាពី គ្រោះថ្នាក់នៃការបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុល និងស្លាប់បុរស ២នាក់នាពេលថ្មីៗនេះ។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានអះអាងថា រដ្ឋបាលខេត្តបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធធ្វើការផ្សព្វផ្សាយប្រាប់ពលរដ្ឋនៅក្នុងឃុំទាំង ៧១ទូទាំងខេត្ត ដើម្បីចៀសវាកុំឱ្យមានការពុល និងស្លាប់បន្តទៀតដោយសារតែការបរិភោគត្រីក្រពត។
លោកមានប្រសាសន៍ថា៖«យើងបានផ្សព្វផ្សាយជូនពលរដ្ឋ ព្រោះអ្នកខ្លះមិនបានស្គាល់ត្រីណាពុល ត្រីណាមិនពុលនោះទេ ព្រោះគាត់ទៅទិញមកពីគេ។ ចឹងដើម្បីចៀសវាងការពុលត្រីហ្នឹង [ខ្ញុំ] បានឱ្យមន្ទីរសុខាភិបាល ផ្សព្វផ្សាយដាក់មេក្រូតាមមូលដ្ឋាន តាមផ្សារ តាមទីប្រជុំជន គ្រប់ឃុំទាំង ៧១ទូទាំងខេត្តតែម្តង យើងបានឱ្យផ្សព្វផ្សាយទាំងអស់ កុំឱ្យគាត់ហូបត្រីក្រពតហ្នឹងទៀត»។
ពលរដ្ឋ ១០នាក់ ដែលរស់នៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ បានហូបត្រីក្រពត ដែលបានទិញមកពីផ្សារលើកំពង់ឆ្នាំង បណ្តាលឱ្យ៧នាក់ពុល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែកក្កដា សប្តាហ៍មុន។ ប៉ុន្តែអ្នកពុលទាំងនោះត្រូវបានជួយសង្រ្គោះទាន់ពេល ដែលមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ទោះយ៉ាងណា មានករណីពុលមួយទៀតបានកើតឡើង ដែលបណ្តាលឱ្យបុរសអាយុ ៦០ឆ្នាំម្នាក់រស់នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្លាប់នៅថ្ងៃចន្ទ ទី៨ ខែកក្កដានេះ ក្រោយពីបានហូបត្រីក្រពត។
លោកអភិបាលខេត្តបានឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារតែមានសភាពធ្ងន់ធ្ងរពេក ទើបត្រូវបានបញ្ជូនបន្តទៅសង្រ្គោះនៅរាជធានីភ្នំពេញ។ ជាអកុសល ជនរងគ្រោះបានស្លាប់នៅតាមផ្លូវ ដែលទំនងមកពីបរិភោគត្រីក្រពតច្រើនពេក។
លោកអភិបាលបានថ្លែងថា៖ «ត្រីភាគច្រើនយកមកពីទន្លេ តែពេលយកមកដាក់ម្សៅបំពងទៅ អ្នកហូបម៉េចដឹងថាត្រីណាពុលឬមិនពុល។ អ្នកទន្លេអាចដឹង តែអ្នកនៅទីប្រជុំជន ម៉េចដឹង។ អ្នកខ្លះនៅទន្លេដែរ តែយើងមិនដឹងថា គាត់ដឹង[ស្គាល់] ត្រីហ្នឹងដែរឬយ៉ាងណា។ នៅសង្កាត់ខ្សាម ប្រហែលពុលខ្លាំងបានស្លាប់នៅតាមផ្លូវ។ ប្រហែលហូបច្រើនក៏មិនដឹង»។
លោកបន្ថែមថា នេះជាករណីស្លាប់ទី១នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ ២០២៤នេះ ហើយករណីពុលត្រីនេះកើតមានម្តងម្កាលប៉ុណ្ណោះ តែជនរងគ្រោះត្រូវជួយសង្រ្គោះទាន់ពេល។ រហូតមកដល់នឹងថ្ងៃទី១០ ខែកក្កដានេះ មិនទាន់មានករណីពុលត្រីក្រពតបន្ថែមទៀតនោះទេ។
លោកអភិបាលខេត្តជឿជាក់ថា ការចុះផ្សព្វផ្សាយនោះ នឹងអាចបញ្រ្ជាបការយល់ដឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការពុលត្រីក្រពតបន្តទៀត។
ក្រៅពីខេត្តកំពង់ឆ្នាំងដែលជាខេត្តជាប់ទន្លេសាបសម្បូរត្រីនោះ ករណីពុលនេះក៏បានកើតមានផងដែរនៅក្នុងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី៧ ខែកក្កដានេះ។
ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានចុះអង្កេតតាមដាន និងស្រាវជ្រាវករណីពុលត្រីក្រពតនៅភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ នៅថ្ងៃទី៨ ខែកក្កដានេះ។ មន្ទីរសុខាភិបាលក៏បានចុះធ្វើការអប់រំសុខភាព ដោយហាមប្រាម ការទទួលទានត្រីក្រពតជាអាហារបន្តទៀតផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេនាថ្ងៃទី១០ កក្កដានេះ។ ទោះយ៉ាងណា ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីក្រើនរំលឹកពលរដ្ឋសារជាថ្មីទៀតផងដែរ ក្រោយពីមានការពុលស្លាប់២នាក់នេះ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែកក្កដាបានសរសេរថា៖«ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមពលរដ្ឋកុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចម្អិន ឬដាក់ឱ្យកកក៏ដោយ»៕