
ទិដ្ឋភាពមួយផ្នៃកនៃខេត្តព្រះសីហនុ។ រូបថត យូសុះ អាប់ឌុលរ៉ាហ៊ីម
រាជរដ្ឋាភិបាលបែងចែកផែនការអភិវឌ្ឍខេត្ត ព្រះសីហនុ ឲ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាពីរដំណាក់កាល ដោយគ្រោងនឹងប្រែក្លាយខេត្តនេះទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម បៃតង និងឆ្លាតវៃនៅឆ្នាំ ២០៣៨។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំរៀបចំផែនការមេសម្រាប់អភិវឌ្ឍខេត្តនេះកាលពីថ្ងៃទី៩ ខែកក្កដា។
កិច្ចប្រជុំកាលពីម្សិលមិញ គឺជាកិច្ចប្រជុំលើកទី៣ហើយរបស់គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មុននឹងសេចក្ដីព្រាងផែនការនេះត្រូវដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត។
កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តនេះឱ្យទៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព។
តាមរយៈផែនការមេនេះ ខេត្តព្រះសីហនុនឹងក្លាយទៅជាច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដែលមានមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ខេត្តនេះក៏នឹងក្លាយទៅជា ប៉ូលអភិវឌ្ឍន៍ជាតិ ដោយមានគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា។
បើតាមក្រសួងដដែល ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ានដោយមានកិត្តិនាមថាជា «ទីក្រុងគំរូបៃតងប្រកបដោយចីរភាព ចម្រុះវប្បធម៌ និងឆ្លាតវៃ»។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការមេត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៨ ផ្តោតលើការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ និងដំណាក់កាលពីទីពីរចាប់ឆ្នាំ ២០២៩ ដល់ ២០៣៨ ផ្ដោតទៅលើពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងជាទីក្រុងបៃតង ឆ្លាតវៃ និងមានប្រាក់ចំណូលខ្ពស់។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា ខេត្តព្រះសីហនុគឺជាទីតាំងសំខាន់របស់កម្ពុជា ទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍។ ប៉ុន្តែ លោកមើលឃើញថា បច្ចុប្បន្ននេះខេត្តនេះហាក់មានសន្តិសសុខមិនល្អ ហើយការសាងសង់សំណង់អាគារខ្ពស់ៗហាក់ដូចជានៅទ្រឹងបន្ទាប់ពីកូវីដ។
លោកថ្លែងថា ដើម្បីបន្តអភិវឌ្ឍខេត្តនេះ រដ្ឋាភិបាលត្រូវជំរុញការបញ្ចប់ការសាងសង់អាគារដែលកំពុងកើតមាន។ លើសពីនេះគួររៀបចំផែនការសាងសង់ឲ្យបានច្បាស់លាស់កុំឲ្យប៉ះពាល់ដល់កន្លែងដែលទេសចទៅកម្សាន្ត។
លើសពីនេះទៀត លោកចង់ឃើញមានសួនច្បារធំៗ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យទូលាយ និងមានចំណតឡានត្រឹមត្រូវ។ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់នោះគឺការរៀបចំសន្តិសុខនៅក្នុងខេត្តនេះឲ្យបានល្អ៕